អានតួអត្ថបទ
ចិន-ម៉ាឡេស៊ី

លោក​នាយករដ្ឋមន្រ្តី​មហាធៀរ​ចង់​សើរើ​គម្រោង​វិនិយោគ​របស់​ចិន នៅម៉ាឡេស៊ី

លោក​មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ថ្មី​របស់​ម៉ាឡេស៊ី បាន​និយាយ​ថា លោក​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន  ពី​គម្រោង​ការវិនិយោគ​របស់​ចិន នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​លោក​វាយតម្លៃថា មិន​យុត្តិធម៌​សម្រាប់​ម៉ាឡេស៊ី។ នៅថ្ងៃ​សុក្រម្សិលមិញ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​បាន​និយាយ​ថា លោក​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅ​ខែ​ក្រោយ ដើម្បី និយាយ​ពីគម្រោងការ​ធំៗ​មួយចំនួន ដែល​ចិន ធ្លាប់​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​របស់​លោក​ណាជីប រ៉ាហ្សាក់។ លោក​រ៉ាហ្សាក់ អតីត​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលទើប​ត្រូវ​បាន​តុលាការ​ទើប​ចោទប្រកាន់​ជា​ផ្លូវការ កាល​ពី​អង្គារ ពីប្រព្រឹត្ត​អំពើរឿងពុករលួយ។ 

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ខែ​មិថុនា ២០១៨
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ខែ​មិថុនា ២០១៨ ©REUTERS/Lai Seng Sin
ផ្សាយពាណិជ្ជកម្ម

នៅពេល​ឈ្នះឆ្នោត ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ម៉ាឡេស៊ី លោក​មហាធៀរ មហាម៉ាត់ បាន​សន្យា​ស្តារ​ឡើងវិញ ថវិកា​ជាតិ ដែលលោក​វាយតម្លៃថា បាន​ធ្លាក់​ចុះ​ខ្លាំង នៅក្រោយ​រដ្ឋាភិបាល​មុន​របស់​លោក​ណាជីប រ៉ាហ្សាក់ ជាប់ពាក់ព័ន្ធ រឿងអាស្រូវ​ពុករលួយ។ ជាផ្នែកមួយ នៃ​ការស្រោចស្រង់​ថវិកាជាតិ លោក​មហាធៀ កាលពីចុង​ខែ​ឧសភា បាន​ប្រកាស​លុបចោល គម្រោង​សាងសង់​ផ្លូវដែក តម្លៃ ១៥ពាន់​លាន​ដុល្លារ ដែល​តភា្ជប់​ពី​ម៉ាឡេស៊ី ទៅ​ប្រទេស​សិង្ហបុរី។

នៅសប្តាហ៍នេះ រដ្ឋាភិបាល​របស់​លោកមហាធៀរ បាន​បែរ​ផ្តោត​វិញម្តង ទៅលើ​ការគម្រោងការ​វិនិយោគ​របស់​ចិន ដែល​ត្រូវ​បាន​អនុម័ត ដោយ​រដ្ឋាភិបាល​មុន​របស់​លោក​ណាជីប រ៉ាហ្សាក់។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម៉ាឡេស៊ី បាន​ប្រកាស​ផ្អាកព្យួរ គម្រោងការ​របស់​ចិន ចំនួន​៣ ដែលនៅក្នុងនោះ មាន​មួយ ជាគម្រោង​សាងសង់​ផ្លូវដែក តភ្ជាប់​ទៅ​ប្រទេស​ថៃ ដែល​មាន​តម្លៃ ២០ពាន់​លាន​ដុល្លារ។ តាម​ក្រសួង​ហិញ្ញវត្ថុ​ម៉ាឡេស៊ី គម្រោងការ​សង់​ផ្លូវដែក ម៉ាឡេស៊ី ដែល​បាន​ទទួល ប្រាក់​កម្ចី ពី​ចិន ត្រូវ​បាន​ផ្តល់ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ជា​អ្នកសាងសង់។ មួយវិញទៀត នៅក្នុង​គម្រោងការ​តភ្ជាប់​បំពង់​បង្ហូរប្រេងដែល​មាន​តម្លៃ ជាង ២ពាន់​លាន​ដុល្លារ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានបង់​ថ្លៃ​សង​ប្រមាណ ៨៨ភាគរយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ក្នុង​ពេលដែល​ក្រុមហ៊ុន​ចិន ទើប​សម្រេចការងារ​បាន​ប្រមាណ ១៣ភាគរយ​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​សុក្រ លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី បាននិយាយ​ថា លោក​នឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន នៅ​ខែ​សីហា​ដើម្បី ពិភាក្សា​អំពី​គម្រោង​មួយចំនួន ដែល​អនុម័ត​ដោយ​រដ្ឋាភិបាម៉ាឡេស៊ីមុន ប៉ុន្តែ ដែល​មាន​លក្ខណៈ​អយុត្តិធម៌​សម្រាប់​ប្រទេស​ម៉ាឡេស៊ី។ “​ចង់ទៅ​ប្រទេស​ចិន ឲ្យ​បាន​ឆាប់ ប៉ុន្តែ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​និយាយ​ថា លោក​មិនទំនេរ នៅ​ខែ​កក្កដា។ ដូច្នេះ ខ្ញុំ​នឹង​ទៅប្រទេស​ចិន នៅ​ខែ​សីហាវិញ ដើម្បី ​និយាយ​រឿង​ជាច្រើន ក្នុង​នោះមាន​ផងដែរ គម្រោងការ​ដែល​មិន​យុត្តិធម៌ សម្រាប់​ម៉ាឡេស៊ី ហើយ​និង​ប្រាក់កម្ចី​របស់​ចិន។ អត្រា​ការប្រាក់​ដែល​ចិន យក​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី នៅពេលនេះ គឺ​ខ្ពស់​ជាង​អត្រា​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា។” នេះ​ជា​ប្រសាសន៍​របស់​លោកមហាធៀរ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​សុក្រ។

នៅក្រោម​ការដឹកនាំ​របស់​លោក​ណាជីប រ៉ាហ្សាក់ រដ្ឋាភិបាល​ម៉ាឡេស៊ី បានចង​សម្ព័ន្ធ​មិត្តភាព​ដ៏កក់ក្តៅ​ជាមួយ​ប្រទេស​ចិន និង​បាន​ចុះ​ហត្ថលេខា​លើ​គម្រោងការ​ជាច្រើន ដែលមាន​ចិន ម្ចាស់គម្រោង និង​ជា​ម្ចាស់បំណុល។ ប៉ុន្តែ អ្នករិះគន់​ជាច្រើន​លើកឡើងថា គម្រោង​វិនិយោគ​របស់​ចិន ដែល​មាន​មក​ជាមួយ នឹង​ប្រាក់កម្ចី បាន​ធ្វើ​ឲ្យ​ប្រាក់បំណុល​ជាតិ​របស់​ម៉ាឡេស៊ី​បាន​កើនឡើង​ដល់​២៥១​ពាន់​លាន​ដុល្លារ។ មួយវិញ​ទៀត កិច្ចព្រមព្រៀង​ដែល​ភាគច្រើន គ្មាន​តម្លាភាព ត្រូវ​បាន​គេសង្ស័យថា ជា​រូបភាព​ឆ្ពិនភ្នែក​មួយ ដែល​ណាជីប បង្កើតឡើង ដើម្បី ដោះស្រាយ​ប្រាក់បំណុល ក្នុង​រឿងអាស្រូវ​ពុករលួយ កេង​បន្លំ​លុយរដ្ឋ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ