អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកណាហ្ស៊ីប រ៉ាហ្សាក់ត្រូវបានចាប់ខ្លួនក្នុងបទពុករលួយ
នៅក្នុងប្រទេសម៉ាឡេស៊ី លោកអតីតនាយករដ្ឋមន្រ្តីណាហ្ស៊ីប រ៉ាហ្សាក់ត្រូវបានចាប់ខ្លួននាថ្ងៃអង្គារ ទី៣ កក្កដាក្នុងបទពុករលួយ។ ការចាប់ខ្លួនលោករ៉ាហ្សាក់បានធ្វើឡើងដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងក្នុងក្របខណ្ឌនៃការស៊ើបអង្កេតពីបទលួចលុយរដ្ឋតាមរយៈក្រុមហ៊ុនសាធារណៈមួយក្រោមឈ្មោះ ធនាគារអភិវឌ្ឍន៍ម៉ាឡេស៊ីទីមួយ 1MDB។ ក្រុមហ៊ុនរដ្ឋមួយនេះត្រូវបានលោករ៉ាហ្សាក់បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដែលជាឆ្នាំនៃការចូលកាន់តំណែងប្រមុខរដ្ឋាភិបាល។
ចុះផ្សាយនៅថ្ងៃ៖
លោកណាហ្ស៊ីប រ៉ាហ្សាក់ត្រូវបានកម្លាំងនៃទីភ្នាក់ងារប្រឆាំងអំពើពុករលួយចុះចាប់ដល់គេហដ្ឋានរបស់លោក រួចបានបញ្ជូនទៅកាន់ទីស្នាក់ការប្រឆាំងអំពើពុករលួយនាវេលាម៉ោង ៣ និង១០នាទីរសៀលម៉ោងក្នុងប្រទេសម៉ាឡេស៊ី។ ការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តីរូបនេះបានធ្វើឡើងនៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេតពីបទសង្ស័យលួយលុយរដ្ឋប្រមាណជា ៦៤០លានអឺរ៉ូតាមរយៈក្រុមហ៊ុនរដ្ឋមួយមានឈ្មោះ ធនាគារអភិវឌ្ឍន៍ម៉ាឡេស៊ីទីមួយ 1MDB។ ក្រុមហ៊ុនរដ្ឋមួយនេះត្រូវបានលោករ៉ាហ្សាក់បង្កើតក្នុងឆ្នាំ ២០០៩ ពោលបន្ទាប់ពីលោកទើបចូលកាន់តំណែងនាយករដ្ឋមន្រ្តី។
នៅក្នុងខែឧសភាកន្លងទៅថ្មីៗនេះ និងក្នុងក្របខណ្ឌនៃការស៊ើបអង្កេតដូចគ្នានេះ កម្លាំងប៉ូលិសបានចុះទៅឆែកឆេរក្នុងផ្ទះលោករ៉ាហ្សាក់ ហើយរឹបអូសបានកាបូកយួរដៃម៉ាកល្បីៗជាច្រើនរបស់ប្រពន្ធដែលដាក់ពេញដោយគ្រឿងអលង្ការ និងលុយកាក់ដែលមានតម្លៃសរុបប្រមាណជា ២៣៤លានអឺរ៉ូ។ សូមជម្រាបជូនថា គឺរឿងរ៉ាវដែលបានធ្វើឲ្យកក្រើកមជ្ឈដ្ឋានមហាជនទូទៅនៅម៉ាឡេស៊ីអស់ជាច្រើនឆ្នាំមួយនេះឯងដែលបានធ្វើឲ្យលោករ៉ាហ្សាក់ រួមទាំងគណបក្សរបស់លោកចាញ់ឆ្នោតយ៉ាងដំណំនាការបោះឆ្នោតសភាកាលពីថ្ងៃទី១០ ឧសភា។
រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកម៉ាហាទៀរ ម៉ូហាម៉ាដអាយុ៩២ឆ្នាំក៏បានប្រកាសពីបំណងចង់ប្រមូលលុយដែលលោករ៉ាហ្សាក់បានលួចបង្វែរពីធនាគារអភិវឌ្ឍន៍ម៉ាឡេស៊ីទីមួយ និងដែលសព្វថ្ងៃ ក្រុមហ៊ុនរដ្ឋមួយនេះកំពុងជំពាក់បំណុលប្រមាណជា ១០ ០០០លានអឺរ៉ូ។ ក្រៅពីបើកការស៊ើបអង្កេតនៅម៉ាឡេស៊ី រឿងអាស្រូវពាក់ព័ន្ធនឹងធនាគារអភិវឌ្ឍន៍ម៉ាឡេស៊ីទីមួយនេះក៏មានការបើកស៊ើបអង្កេតនៅបរទេសដែរ ពិសេសក្នុងប្រទេសសិង្ហបុរី ស្វ៊ីស និងនៅអាមេរិក។ លោកណាហ្ស៊ីប រ៉ាហ្សាក់នឹងចោទប្រកាន់ជាផ្លូវការនៅថ្ងៃពុធ ទី៤ កក្កដា នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយបានផ្សាយថ្ងៃអង្គារ ទី៣ កក្កដា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ