ព្យុងយ៉ាងប្រាប់អាមេរិកឲ្យឈប់ស្រមៃចង់លុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង
ឆ្លៀតយកឱកាស ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅអាស៊ី កូរ៉េខាងជើង នៅថ្ងៃសៅរ៍ទី ៤វិច្ឆិកា ដើម្បីបង្ហាញជំហរ ដាច់ណាត់ មិនចង់ចរចាជាមួយ ក្រុងវ៉ាស៊ីនតោន។ មិនត្រឹមតែមិនចង់ចរចា ព្យុងយ៉ាងនៅ បានគំរាម អភិវឌ្ឍ បន្ថែម អំណាចឲ្យអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
ជំហរបដិសេធមិនចង់ចរចារបស់កូរ៉េខាងជើង បានស្តែងឡើង នៅក្នុងវិចារណកថា របស់ទីភ្នាក់ងារព័ត៌មាន KCNA ដែលជាឧបករណ៍ឃោសនា នាំពាក្យរបស់របបកុម្មុយនិស្តកូរ៉េខាងជើង។ នៅក្នុងអត្ថបទដែលមានឈ្មោះថា ឈប់យល់សប្តិទាំងថ្ងៃ ក្រុងព្យុងយ៉ាងបានអំពាវនាវអាមេរិកឲ្យឈប់ស្រមៃ ចង់និយាយពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។
“អាមេរិកឈប់ទៅ ឈប់គិតថា កូរ៉េខាងជើងនឹងចុះញ៉ម ខ្លាចការដាក់ទណ្ឌកម្មអន្តរជាតិ ហើយនិងសុខចិត្តលះបង់ចោលអាវុធនុយក្លេអ៊ែរនោះ។ កូរ៉េខាងជើងនឹងនៅតែសម្រួច សំម្លៀង អាវុធនុយក្លេអ៊ែរ ដរាបអាមេរិកមិនព្រមបញ្ឈប់នយោបាយ ស្អប់ ប្រឆាំងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េនោះ” នេះបើតាមខ្លឹមសារសរសេររបស់KCNAដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP។
សារព្រមានរបស់កូរ៉េខាងជើង ធ្វើឡើង នៅក្នុងខណៈពេលដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កំពុងផ្តើមទស្សនកិច្ចមួយវង់ធំ នៅអាស៊ី ចាប់ពីថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃទី ១៤វិច្ឆិកាខាងមុខ។ បន្ទាប់ពីប្រទេសជប៉ុន លោកដូណាល់ ត្រាំ គ្រោងនឹងទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ។ តាមសេតវិមាន នៅទីក្រុងសេអ៊ូល លោកដូណាល់ ត្រាំនឹងឡើងថ្លែងនៅមុខសភាកូរ៉េខាងត្បូង ដើម្បី បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ប្រឆាំងទប់ទល់នឹងសត្រូវគំរាមកំហែងរួម។
នៅថ្ងៃសៅរ៍នេះ នៅមុនការទៅដល់របស់លោកដូណាល់ ត្រាំទៅទៀត ប្រជាជនកូរ៉េខាងត្បូង ប្រមាណ ៥០០នាក់បានធ្វើបាតុកម្ម ប្រឆាំងលោកដូណាល់ ត្រាំ។ សម្រាប់សាស្រ្តាចារ្យកូរ៉េខាងត្បូង Yang Moo-Jin យ៉ាង មូជីន ប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនបារម្ភខ្លាចថា វត្តមានរបស់លោកដូណាល់ ត្រាំ នៅកូរ៉េខាងត្បូង នឹងធ្វើឲ្យភាពតានតឹងនៅឧបទ្វីបកូរ៉េកាន់តែធ្លាក់ចុះអាក្រក់។ លោកដូណាល់ ត្រាំ ដែលមាន សង្រ្គាមពាក្យសំដីជាមួយមេដឹកនាំកូរ៉េខាងជើង ធ្លាប់បានគំរាមរួចហើយថា នឹងប្រើជម្រើសយោធា នៅក្នុងករណីដែលកូរ៉េខាងជើង មិនព្រមលះបង់មហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរ និងបាញ់មីស៊ីល គំរាមកំហែង អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ