អតីតមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងប្រាប់សភាអាមេរិកថា របបកូរ៉េខាងជើងនឹងដួលរលំឯង
អតីតមន្រ្តីទូត កូរ៉េខាងជើង ម្នាក់ ដែលបានរត់ចោលជួររដ្ឋាភិបាល បានចូលខ្លួន ទៅឆ្លើយប្រាប់សភាអាមេរិកាំង នៅថ្ងៃពុធម្សិលមិញថា របបព្យុងយ៉ាងនឹងដួលរលំ ដោយឯកឯង ដោយមិនចាំបាច់មានការវាយប្រហារពីខាងក្រៅ។ នៅមុខគណៈ កម្មការកិច្ចការបរទេសរបស់សភាអ្នកតំណាងរាស្រ្តអាមេរិកាំង អតីតមន្រ្តីការទូតជាន់ខ្ពស់កូរ៉េខាងជើង បានបញ្ជាក់ថា របបដឹកនាំផ្តាច់ការកូរ៉េខាងជើងនឹងដួលរលំ ដោយសារតែការងើបបះបោររបស់ប្រជាជនក្នុងស្រុក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៨
លោក ថេ យ៉ាំងហូ (Thae Yong-Ho) អតីតមន្រ្តីជាន់ខ្ពស់ របស់ស្ថានទូតកូរ៉េខាងជើង ប្រចាំក្រុងឡុងដ៍ ដែលបានរត់គេចខ្លួន ទៅប្រទេសកូរ៉េខាងត្បូង នៅពាក់កណ្តាលឆ្នាំ ២០១៦ បាននិយាយប្រាប់ គណៈកម្មការកិច្ចការបរទេសរបស់សភាអ្នកតំណាងរាស្រ្តអាមេរិកថា ការងើបបះបោររបស់ប្រជាជនក្នុងស្រុកនឹងធ្វើឲ្យរបបកុម្មុយនិស្តរបស់លោកគីម ជុងអ៊ុន ដួលរលំ ដោយឯកឯង។
តាមអតីតមន្រ្តីទូតកូរ៉េខាងជើង នៅពីក្រោយរូបភាពនៃការពង្រឹងអំណាចផ្តាច់ការរបស់លោកគីម ជុងអ៊ុន មានការវិវឌ្ឍ និងការផ្លាស់ប្តូរជាច្រើន ដែលគេមិនបានរំពឹងទុកមុន នៅកូរ៉េខាងជើង។ ទីផ្សារសេរី បានរីកដុះដាល យ៉ាងឆាប់រហ័ស។ ប្រជាជនកូរ៉េខាងជើង កាន់តែច្រើនបានស៊ាំនឹងសេដ្ឋកិច្ចទីផ្សារសេរី និងមូលធននិយម រហូតធ្វើឲ្យគេសឹងតែភ្លេចពីប្រព័ន្ធសេដ្ឋកិច្ចសង្គមនិយមរបស់រដ្ឋ។ ប្រព័ន្ធ ជំនួយសង្គមបានដួលរលំទាំងស្រុង។ មន្រ្តីរដ្ឋការ មន្រ្តីយោធា ប្រព្រឹត្តអំពើពុករលួយ ទទួលសំណូកសូកប៉ាន់ដើម្បីរស់។ មួយវិញទៀត ជំនឿលើមនោគមវិជ្ជារបស់បក្សកុម្មុយនិស្ត បានធ្លាក់ចុះ ខុសពីមុន ព្រោះថា ប្រជាជនកូរ៉េខាងជើង សព្វថ្ងៃ ដែលជក់ចិត្តមើលខ្សែកុនកូរ៉េខាងត្បូង ដែលគេនាំចូលមកលក់ខុសច្បាប់ លែងសូវខ្វល់ពីនយោបាយប្រជាភិថុត និងពាក្យឃោសនារបស់របបកុម្មុយនិស្តទៀតហើយ។
សម្រាប់អតីតមន្រ្តីទូតកូរ៉េខាងជើងប្រចាំ ក្រុងឡុងដ៍ ការវិវឌ្ឍទាំងនេះ អាចធ្វើឲ្យគេជឿថា ផ្នត់គំនិតរបស់ប្រជាជនកូរ៉េខាងជើងនឹងអាចផ្លាស់ប្តូរ។ ប្រជាជនកូរ៉េខាងជើងនឹងអាចងើប ឡើង ប្រឆាំងនឹងរបបកុម្មុយនិស្ត បន្ទាប់ពីបានយល់ដឹងពីការវិវឌ្ឍនៅខាងក្រៅ ហើយនិងប្រៀបធៀបលក្ខខណ្ឌជីវិតដ៏លំបាករបស់ពួកគេ នៅក្នុងស្រុក។
សក្ខីកម្មរបស់អតីតមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង មានសារៈសំខាន់ នៅក្នុងកាលៈទេសៈ ដែលរដ្ឋបាលលោកដូណាល់ ត្រាំ គំរាមប្រើជំរើសកម្លាំងយោធា សម្រាប់កូរ៉េខាងជើងដែលបានធ្លាប់បានគំរាមប្រើមីស៊ីល ដើម្បីវាយប្រហារទឹកដី អាមេរិក។ នៅចំពោះ មុខ គណៈកម្មការកិច្ចការបរទេសរបស់សភាអ្នកតំណាងរាស្រ្តអាមេរិក អតីតមន្រ្តីទូតកូរ៉េខាងជើង លោកលោក ថេ យ៉ាំងហូ បានព្រមានផងដែរ ពីផលវិបាកនៃការបាត់បង់ជីវិតមនុស្ស ជាពិសេស នៅកូរ៉េខាងត្បូង ប្រសិនបើគេអន្តរាគមន៍យោធាពីប្រទេសខាងក្រៅ។ ជាចុងក្រោយ លោកបានរំលឹកថា មុននឹងប្រើជម្រើសយោធា ដែលជាផ្លូវដើរចុងក្រោយ ដែលគេមិនអាចជៀសបាននោះ គេគួរតែជួបនិយាយដោយផ្ទាល់ជាមួយ លោកគីម ជុងអ៊ុន ដើម្បី យល់ឲ្យបានច្បាស់ពីចិត្តគំនិត និងដើម្បីបញ្ចុះបញ្ចូលមេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើងរូបនេះ ឲ្យដឹងថា អំណាចរបស់លោកនឹងត្រូវបំផ្លាញ ប្រសិនបើនៅតែបន្តចចេសបែបនេះ ទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ