អានតួអត្ថបទ
ស៊ីរី-អាមេរិក

តើគេគួរដោះ​ស្រាយ​បញ្ហាស៊ីរី​ដោយវិធី​អន្តរាគមន៍​យោធាដែរ​ឬទេ?​

លោកអនុរដ្ឋមន្ត្រី​ស៊ីរី​ទទួល​បន្ទុក​កិច្ចការ​ខាងប្រេងកាត​បាន​ប្រកាស​នៅ​យប់ថ្ងៃពុធ​ឆ្លងមក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ បាន​លាឈប់​ពីមុខតំណែង​ហើយ​ងាកមក​គាំទ្រ​ចលនា​ប្រឆាំង​របស់​ប្រជាជន​ស៊ីរីវិញ​ ​ ដោយបាន​អំពាវនាវ​ឲ្យ​សមាជិក​ដទៃទៀត​នៃ​រដ្ឋាភិបាល​បាស្ហារ​អាល-អាស្សាដ​ឈប់​ធ្វើការ​បម្រើ​របប​ផ្តាច់ការ​និង​ឧក្រិដ្ឋ​ ​ ប្រៀប​បាន​ទៅនឹង​នាវា​ដែលកំពុង​តែ​លិចលង់។​ ទាំងនេះ​ដើម្បី​ជួយ​ផ្តួល​រំលំ​របប​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​ឲ្យ​បាន​ឆាប់​រហ័ស។

លោក Leon Panetta រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិកាំង
លោក Leon Panetta រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិកាំង REUTERS/Yuriko Nakao
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ Leon Panetta ​អមដោយ​លោក​ឧត្តមសេនីយ៍​អគ្គសេនាធិការ​ Dempsey ​បាន​ថ្លែង​ពន្យល់​ពី​ជំហរ​របស់​រដ្ឋបាល​លោក​អូបាម៉ា​នៅ​មុខ​គណៈកម្មការ​ខាងយោធា​នៃ​ព្រឹទ្ធសភា​អាមេរិក​ថា​ ​ “​អន្តរាគមន៍​យោធា​នៅ​ប្រទេស​ស៊ីរី​ពិតជា​មាន​ការលំបាក​ច្រើន​បើ​ប្រៀបផ្ទឹម​ទៅនឹង​ប្រទេស​លីប៊ី​ ​ ដោយហេតុថា​កងកម្លាំង​ការពារ​អាកាស​ស៊ីរី​មាន​សម្ភារៈ​យុទ្ធភ័ណ្ឌ​សម្រាប់​ការពារ​ខ្លួន​ច្រើនជាង​កងកម្លាំង​ការពារ​អាកាស​របស់​ប្រទេស​លីប៊ី”​។

 

 ទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​បញ្ជា​ឲ្យ​មន្ទីរ​ប៉ង់តាហ្គោន​រៀបចំ​ឲ្យមាន​របាយការណ៍​មួយ​ស្តីពី​សកម្មភាព​យោធា​នៅ​ប្រទេស​ស៊ីរី​ក៏ដោយ​ ​ ក៏​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ Leon Panetta​បាន​គូស​បញ្ជាក់​ប្រាប់ថា​ ​ “សហរដ្ឋ​អាមេរិក​នឹង​ពុំ​ធ្វើ​អន្តរាគមន៍​យោធា​ជា​ឯកតោភាគី​ឡើយ”​។​ ហើយ​ក្នុងការ​ផ្តល់​ជំនួយ​ឲ្យ​ក្រុម​អ្នកប្រឆាំង​ស៊ីរី​ទៀតសោត​ក៏​ជួបនឹង​បញ្ហា​មួយ​ចំនួន​ផងដែរ។

បញ្ហា​ចម្បង​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​ក្រុម​អ្នកប្រឆាំង​ស៊ីរី​គឺ​ ​ ចលនា​ងើប​បះបោរ​ប្រឆាំង​ស៊ីរី​ពុំ​មែន​មាន​តិចក្រុមឡើយ​ ​ ពោលគឺ​មាន​ដល់ទៅ​ប្រមាណ​១០០ប្លាយក្រុម​ឯណោះ។​ ហើយបើ​ស.រ.អា.​ផ្តល់​ជំនួយ​សព្វាវុធ​ឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី​ ​ ស.រ.អា.​ត្រូវតែ​ទទួល​ឲ្យបាន​ការធានាថា​ ​ សព្វាវុធ​ទាំងនោះ​នឹង​ពុំ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​របស់​ពួក​Hezbollah ​ឬពួក​ហាម៉ាស​ ​ ឬមួយក៏​​ពួក​អាល់កៃដា​ឡើយ។

គួរបញ្ជាក់ថា​ ​ អនុសាន៍​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ពុំបាន​ធ្វើឲ្យ​ក្រុម​សាធារណរដ្ឋ​ដូចជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ John McCain ​ពេញចិត្តឡើយ​ ​ ដោយ​លោក​​ John McCain ​ទាមទារ​ឲ្យ​មាន​ការវាយ​ប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​ប្រទេស​ស៊ីរី។​ កំហឹង​​របស់​លោក​​ John McCain ​បាន​ធ្វើឲ្យ​លោក​ស្រែកសួរថា​ ​ “​អ្នក​រាល់គ្នា​អាច​ឆ្លើយ​ប្រាប់​បាទេថា​ តើ​ការ​សម្លាប់​រង្គាល​នៅក្នុង​ប្រទេស​ស៊ីរី​អាចនឹង​មាន​បន្ត​រហូត​ដល់​ពេលណា?​ ​ តើ​ប្រជាជន​ស៊ីវិល​ស៊ីរី​ប៉ុន្មាន​ពាន់​ឬ​ប៉ុន្មាន​ម៉ឺននាក់​ទៀត​ត្រូវ​បាត់បង់​ជីវិត?​ ​ មួយម៉ឺន​ឬ​ពីរម៉ឺន​នាក់ទៀត?​”​​ នេះ​ជា​សម្រែក​កំហឹង​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក​ John McCain ​។

រីឯ​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ Leon Panetta ​បាន​ឆ្លើយតបថា​ “​សហរដ្ឋ​អាមេរិក​នឹងខិតខំ​រៀបចំ​ឲ្យ​មាន​នូវ​ (​សម្ព័ន្ធ​អន្តរជាតិ​មួយ​ដែល​លំនាំ​ដូច​នៅ​ប្រទេស​លីប៊ី​)​ ​ ក៏​ប៉ុន្តែ​លោក​​ Leon Panetta ​ក៏​បាន​​ថ្លែង​ឲ្យ​ដឹងដែរ​ ពីក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​អន្តរាគមន៍​យោធា​ ​ នៅក្នុង​ស្ថានភាព​សង្គ្រាម​ស៊ីវិល​បែបនេះ។

នៅក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ​ ​ បេសកជន​ពិសេស​របស់​ទីក្រុង​ប៉េកាំង​ដែល​បាន​បញ្ជូន​ទៅ​ទីក្រុង​ដាម៉ាស​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​បាស្ហារ​អាល-អាស្សាដ​បិទ​បញ្ចប់​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​រាល់​ទង្វើ​ហិង្សា​ ​ ហើយនិង​ឲ្យជួយ​អង្គការ​សហប្រជាជាតិ​ព្រមទាំង​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម​ក្នុងការ​បញ្ជូន​ជំនួយ​ឲ្យទៅ​តំបន់​រងគ្រោះ​ដោយ​ការវាយ​ប្រយុទ្ធ​គ្នា​។

“​បេសកជន​ពិសេស​ចិន​ក៏​បាន​ថ្លែង​​ប្រាប់​ទីក្រុង​ដាម៉ាស​ទៀតថា​ ទីក្រុង​ប៉េកាំង​គាំទ្រ​កិច្ចចរចា​រវាង​រដ្ឋាភិបាល​ស៊ីរី​ជាមួយ​នឹង​ក្រុម​ប្រឆាំង​ ​ ក្រោម​កិច្ច​ឧបត្ថម្ភ​របស់​អ.ស.ប.​ហើយនិង​សម្ព័ន្ធ​អារ៉ាប់”​។​ នេះ​ជាការ​គូស​បញ្ជាក់​របស់​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន។

គួរកត់​សម្គាល់ថា​ ​ បេសកជន​ពិសេស​ចិន​បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ដាម៉ាស​នៅ​ថ្ងៃអង្គារ​ ​ ដើម្បី​ខិតខំ​រំងាប់​ភាពតានតឹង​ហើយនិង​ការទិតៀន​របស់​ប្រទេស​លោកខាងលិច​និង​ប្រទេស​អារ៉ាប់​ដែល​ចោទ​ប្រទេសចិន​និង​ប្រទេស​រុស្ស៊ី​ថា​ ​ បាន​គាំទ្រ​អំពើ​ហិង្សា​របស់​របប​ផ្តាច់ការ​បាស្ហារ​អា-អាស្សាដ​ ​ ដោយប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​ដែល​ទាមទារ​ឲ្យ​បាស្ហារ​អាល-អាស្សាដ​ចាកចេញ​ពី​មុខតំណែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ