អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា៖ ​ប្រធានាធិបតី​ថ្មី អាច​ជា​មនុស្ស​មក​ពី​វណ្ណៈ​ទាប​បំផុត​ នៃ​សង្គម​ឥណ្ឌា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាជិក​សភា​សហព័ន្ធ ​និង​សភា​តាមរដ្ឋ​ នៅ​ប្រទេស​ឥណ្ឌា ​បាន​ធ្វើការ​បោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី​​ថ្មី​របស់​ឥណ្ឌា ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧ ​កក្កដា។ មាន​បេក្ខជន​ពីរ​រូប​​ គឺ​ជា​មនុស្ស​មក​ពី​សហគមន៍​ដាលីត ​ឬ​ដែល​ជា​ប្រជាជន​ស្ថិត​ក្នុង​វណ្ណៈ​ទាប​ជាង​គេ​បំផុត​ នៅ​ក្នុង​សង្គម​ហិណ្ឌូ​ឥណ្ឌា។ នេះគឺ​ជា​លើកទី២​​ហើយ ​ដែល​ឥណ្ឌា ​កំពុង​ឈាន​ទៅ​បោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី ​ ដែល​មក​ពី​វណ្ណៈ​ទាបជាង​គេ​បំផុត​នេះ ​ ខណៈ​ដែល​ប្រជាជន​វណ្ណៈ​ដាលីត​នេះ ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក ​ និង​ត្រូវ​បាន​មនុស្ស​​ ​វណ្ណៈ​ផ្សេងទៀត ​មើល​ងាយ​ជិះជាន់​ជា​ទី​បំផុត។ តើនេះ ​អាច​ជា​ក្តី​សង្ឃឹម​ថ្មី ​សម្រាប់​ប្រជាជន​ដាលីត​ ដែរ​ឬ​ទេ?

លោក Ram Nath Kovind ដែលគេរំពឹងថា នឹង​ឈ្នះ​ឆ្នោត​ក្លាយ​​ជា​ប្រធានាធិបតី​ថ្មី​​របស់​​ឥណ្ឌា​
លោក Ram Nath Kovind ដែលគេរំពឹងថា នឹង​ឈ្នះ​ឆ្នោត​ក្លាយ​​ជា​ប្រធានាធិបតី​ថ្មី​​របស់​​ឥណ្ឌា​ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធបោះឆ្នោតដ៏ស្មុគស្មាញ

លោក​ប្រាណាប់​ មុឃែរជី​ ប្រធានាធិបតី​ឥណ្ឌា​បច្ចុប្បន្ន​ នឹង​ត្រូវ​ចប់​អាណត្តិ​នៅ​ថ្ងៃ​ទី​២៤​កក្កដា​ខាង​មុខ​នេះ។ សមាជិក​សភា​ឥណ្ឌា​ទាំង​សភា​នៅ​តាម​រដ្ឋ ​និង​សភា​សហព័ន្ធ ​ត្រូវ​ប្រជុំ​គ្នា​បោះឆ្នោត​រើស​ប្រធានាធិបតី​​​ថ្មី​ ​មក​​កាន់​តំណែង​រយៈពេល​៥ឆ្នាំ​ទៅមុខ។ ការបោះឆ្នោត​បាន​ប្រព្រឹទ្ធិ​ធ្វើ​ទៅ​ កាល​ពី​ថ្ងៃ​ទី១៧​ កក្កដា ​ ដែល​លទ្ធផល ​ នឹង​ប្រកាស​ឲ្យដឹង​ នៅ​រវាង​ថ្ងៃ​ទី​២០​កក្កដា។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឥណ្ឌា ​មាន​ភាព​ស្មុគស្មាញ​បន្តិច ​ ដោយសារ​វា​មិនមែន​ជា​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ ​ជា​សកល​ពី​ប្រជាពលរដ្ឋ​ឥណ្ឌា​ទេ។ គឺ​សមាជិក​សភា​ឥណ្ឌា ​ដែល​បាន​ទទួល​អាណត្តិ​ដោយការ​បោះឆ្នោត​ ចំនួន​៤៨៩៦​នាក់ ​ទើប​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។ សូម្បីតែ​សមាជិក​សភា ​ដែល​បាន​ទទួល​អាណត្តិ​ដោយ​ការ​តែងតាំង ​ក៏មិន​អាច​បោះឆ្នោត​បាន​ដែរ។ សម្រាប់​សម្លេង​ឆ្នោត​មួយ​សន្លឹកៗ​ ក៏​មាន​តម្លៃ​ពិន្ទុ​ មិន​ដូច​គ្នា​ដែរ។ ដូច​ជា​សម្លេង​ឆ្នោត​សមាជិក​សភា​សហព័ន្ធ​ទាំង​ពីរ​អង្គ ​មួយ​សន្លឹង​មាន​តម្លៃ​៧០៨​ពិន្ទុ។ រឺឯ​សន្លឹក​ឆ្នោត​សមាជិក​សភា​តាម​រដ្ឋ​វិញ ​គឺ​មាន​ពិន្ទុ​ខុសគ្នា ​អាស្រ័យ​លើ​ចំនួន​ប្រជាជន​តាម​រដ្ឋ​រៀងៗ​ខ្លួន។

បេក្ខជនពីររូប មកពី​វណ្ណៈ​ដាលីត

ខាងលើ​នេះ​ជា​លក្ខណៈ​ពិសេស ​នៃ​ប្រព័ន្ធ​បោះឆ្នោត​ឥណ្ឌា ​តែ​លក្ខណៈ​ពិសេស​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ​វិញ​ ​គឺ​មាន​បេក្ខជន​ពីរ​រូប ​ ដែល​មាន​ដើម​កំណើត​ ពី​សហគមន៍​ជនជាតិ​ដាលីត ​ឬ​ជា​ក្រុម​មនុស្ស ​ស្ថិត​ក្នុង​វណ្ណៈ​ដែល​ទាប​ជាង​គេ​បំផុត ​ក្នុង​សង្គម​ឥណ្ឌា។ បេក្ខជន​ទាំងពីរ​នោះ​ ​គឺ​លោក ​ រ៉ាម ណាត កូវីន្ទ ​និង​ លោក​ស្រី ​មីរ៉ា គុមារ។

លោក​រ៉ាម​ ណាត កូវីន្ទ ​អាយុ​៧១​ឆ្នាំ ​តំណាង​ឲ្យ​សម្ព័ន្ធភាព​ គណបក្ស​ប្រធាធិបតេយ្យ​ជាតិ ​ដែល​ជា​ក្រុម​គគណបក្ស​អភិរក្ស​និយម ​ដឹកនាំ​ដោយ​បក្ស​លោក ​នាយករដ្ឋមន្ត្រី ​ណារិន្ទ្រ ម៉ូឌី។ លោក គូវីន្ទ​ គឺ​ជា​កូន​កសិករ​ក្នុង​វណ្ណៈ​ដាលីត​ មាន​ស្រុក​កំណើត​នៅ​តំបន់​កានពួរ ​រដ្ឋ​ឧត្តា​ប្រាដេស។ លោក​បាន​រៀន​សូត្រ​ក្លាយ​ជា​មេធាវី ​ ហើយ​បាន​សម្រេច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ​ដោយ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ចំនួន​២ដង ​ និង​ធ្លាប់​ធ្វើ​​ជា​អភិបាល​រដ្ឋ​ពិហារ ​ នៅភាគ​ខាង​កើត ​ជាប់​នឹង​ប្រទេស​ណេប៉ាល់។

ចំណែក​លោក​​ស្រី មីរ៉ា គុមារ ​វិញ ​ មាន​អាយុ​៧២​ឆ្នាំ ​ជា​បេក្ខជន​បញ្ជូន​មក​ ដោយ​សម្ព័ន្ធភាព​កំណែ​ទម្រង់​និយម។ លោកស្រី ក៏​ជា​អ្នក​ច្បាប់ ​ហើយ​ធ្លាប់​ធ្វើ​ជា​មន្ត្រី​ការទូត​អស់​រយៈពេល​១៥​ឆ្នាំ ​មុន​នឹង​ក្លាយ​ជា​ប្រធាន​​សភា​ជាន់​ទាប​ឥណ្ឌា។ លោកស្រី ​ក៏​ធ្លាប់​ធ្វើ​ជា​សមាជិក​សភា ​និង​ជា​រដ្ឋមន្ត្រី​ជា​ច្រើន​ដង។ ឪពុក​លោកស្រី ​ គឺ​ជា​សកម្មជន​នយោបាយ​ឥណ្ឌា​មួយ​រូប​ ​ ដែល​បាន​តស៊ូ ​ការពារ​សិទ្ធិ​ប្រជាជន​ឥណ្ឌា​វណ្ណៈ​ដាលីត។

បើ​តាម​ការ​ប៉ាន់ស្មាន ​គឺ​លោក ​រ៉ាម​ ណាត គូវីន្ទ ​ ដែល​គេ​រំពឹង​ថា ​នឹង​បាន​ជោគ​ជ័យ ​ ក្លាយ​​ជាប្រធានា​ធិបតី​​​ថ្មី​របស់​ឥណ្ឌា។ លោក ​ ណារិន្ទ្រ ម៉ូឌី ​បាន​សរសេរ​​គាំទ្រ​បេក្ខភាព​លោក ​ គូវីន្ទ​ នៅលើ​ទំព័រ​Twitter ថា ​ ​លោក រ៉ាម​ ណាត គូវីន្ទ​ គឺជា​ឥស្សរៈជន​នយោបាយ​ឥណ្ឌា​មួយរូប​ ដែល​បាន​តស៊ូ​ បូជា​កម្លាំង​កាយ​ចិត្ត ​ ដើម្បី​ប្រយោជន៍​សាធារណៈ​ និង​ដើម្បី​បុព្វហេតុ ​ជួយ​ប្រជាជន​ឥណ្ឌា​ក្រីក្រ ​និង​ប្រជាជន​ដែល​ត្រូវ​សង្គម​មិន​យក​ចិត្ត​ទុកដាក់។

ប្រជាជន​វណ្ណៈ​ដាលីត រង​ការ​ជិះជាន់​​ខ្លាំង​បំផុត

ជា​ការពិតណាស់ ​ទោះ​បេក្ខជន​ណា ​នឹង​ឈ្នះ​ក៏​ដោយ​ចុះ ​ តែអ្វីដែលសំខាន់ គឺ​ឥណ្ឌា ​នឹងអាច​មាន​ប្រធានាធិបតី​ ដែល​ជា​មនុស្ស​មក​ពី​វណ្ណៈ​ដាលីត។ សង្គម​ឥណ្ឌា ​ដែល​គោរព​ប្រពៃណី​សាសនា​ហិណ្ឌូ​យ៉ាង​តឹងតែង​នោះ ​ គឺ​ជា​សង្គម​ដែល​អយុត្តិធម៌​បំផុត​លើ​លោក។ ប្រជាជន​ឥណ្ឌា ​ត្រូវ​បែងចែក​ជា​ប្រាំ​វណ្ណៈ ​ទៅ​តាម​លំដាប់​ ​គឺ​ទី១ ​វណ្ណៈ​ព្រាហ្ម ​ទី២​ វណ្ណៈ​ក្សត្រ ​ ទី៣​ វណ្ណៈ​វៃស្យ​ ឬ​វណ្ណៈ​កណ្តាល​ ទី៤ ​ វណ្ណ​សូទ្រ ​ដែល​ជា​វណ្ណៈ​ទាសករ ​ ហើយ​ចុង​ក្រោយ​បង្អស់ ​គឺ​ក្រុម​មនុស្ស​ក្រៅ​វណ្ណៈ ​ឬ​គ្មាន​វណ្ណៈ ​ ដែល​ជា​ទូទៅ​ គេហៅ​ថា​ពួក​មនុស្ស​ដាលីត​នេះ​ឯង។

​ប្រជាជន​វណ្ណៈ​ដាលីត ​ គឺ​​ជា​ប្រជាជន​ដែល​ក្រីក្រ​លំបាក​បំផុត​។ បើ​ទោះ​បី​ ​ជា​ភាព​ស្មើភាព​គ្នា ​ត្រូវ​បាន​ចែង​​ការពារ​ក្នុង ​ រដ្ឋធម្មនុញ្ញ​ឥណ្ឌា ​ក៏ដោយ​ ​ តែ​ការពិត​ជាក់​ស្តែង ​ ពួក​ដាលីត ​តែងតែ​ត្រូវបាន​វណ្ណៈ​ផ្សេងៗ ​មើលងាយ ​រើសអើង ​​និង​ជិះជាន់ ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ ឧទាហរណ៍ ​អ្នក​ភូមិ​ដាលីត​ មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ប្រើ​ទឹក​អណ្តូង ​ជាមួយ​អ្នក​ភូមិ​វណ្ណៈ​ផ្សេង​ឡើយ។ ពួក​ដាលីត ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​ណា ​ដែល​លំបាក ​និង​អន់​ថយ​បំផុត ​ ដូច​ជា​ការងារ​បោស​ជូត ​កើប​លាមក ​របស់​អ្នក​វណ្ណៈ​ផ្សេង​ជាដើម។ ​ពួក​ដាលីត ​គ្មាន​សិទ្ធិ​មាន​ដី​ធ្វើ​ស្រែ​ចំការ​ទេ។ យ៉ាងណា​មិញ ​ករណី​រំលោភ​និង​សម្លាប់​ លើ​ស្ត្រី​វណ្ណៈ​ដាលីត ​ ពី​សំណាក់​មនុស្ស​មនុស្ស​ប្រុស​វណ្ណៈ​ ផ្សេង​ទៀត ​ តែងតែ​កើត​មាន​ឡើង​ជា​ញឹកញាប់ ​ ដោយ​ពុំមាន​ការ​ឈឺឆ្អាល​ រក​យុត្តិធម៌ ​ពី​សំណាក់​អាជ្ញាធរ​ឥណ្ឌា​ឡើយ។

តំណែង​ប្រធានាធិបតី​ឥណ្ឌា ​គ្រាន់តែ​ជា​និម្មិតរូប​តែ​ប៉ុណ្ណោះ។ អំណាច​ដឹកនាំ​ប្រទេស​ទាំងស្រុង ​គឺ​ស្ថិត​ក្នុង​ដៃ​នាយក​រដ្ឋមន្ត្រី។ លោក ណារិន្ទ្រ ម៉ូឌី​ ត្រូវបាន​គេ​មើល​ឃើញ​ថា ​បាន​គាំទ្រ ​និង​បញ្ជូន​បេក្ខជន​ លោក​ កូវីន្ទ ​ដែល​ជា​មនុស្ស​វណ្ណៈ​ដាលីត ​ គឺ​ដោយសារ​ហេតុផល​នយោបាយ​ច្រើន​ជាង។ ប្រជាជន​វណ្ណៈ​ដាលីត ​ដែល​មាន​ប្រមាណ​ជា​២០០​លាន​នាក់ ​ តំណាង​ឲ្យ​សម្លេង​ឆ្នោត​ប្រមាណ​១៦% ​សម្រាប់​ការ​បោះឆ្នោត​សភា​ឥណ្ឌា។ តាម​រយៈ​ការ​បញ្ជូន​បេក្ខជន​ប្រធានាធិបតី​វណ្ណៈ​ដាលីត ​ លោក​ណារិន្ទ្រ ម៉ូឌី ​សង្ឃឹម​ថា ​នឹង​បា​នសម្លេង​ឆ្នោត​គាំទ្រ ​ពី​សំណាក់​ប្រជាជន​ដាលីត ​នៅក្នុង​ឱកាស​បោះឆ្នោត​សភា​ក្នុង​ឆ្នាំ​២០១៩​ខាងមុខ ​ព្រោះ​លោក​មិន​អាច​រំពឹង​លើ​ សម្លេង​ឆ្នោត ​របស់​ប្រជាជន​ឥណ្ឌា ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទេ។

កំណែទម្រង់​ចាំបាច់​ ដើម្បី​កសាង​យុត្តិធម៌​សង្គម

តើ​ការ​ដែល​ឥណ្ឌា ​មាន​ប្រធានាធិបតី ​ជា​មនុស្ស​មក​ពី​វណ្ណៈ​ដាលីត ​អាច​នឹង​ជួយ​សំរួល​ ការ​លំបាក​ខ្លះ​ដល់​ប្រជាជន​ដាលីត​ដែល​ឬ​ទេ? ឥណ្ឌា ​ធ្លាប់​មាន​ប្រធានាធិបតី​វណ្ណៈ​ដាលីត ​ម្តង​រួច​មក​ហើយ ​រវាង​ឆ្នាំ​១៩៩៧ ​ដល់​ឆ្នាំ​២០០២​ គឺលោក ​ កូចឺរីល ​រ៉ាម៉ាន់ ​ណារ៉ាយាណាន់។ លោក នាយករដ្ឋមន្ត្រី ​ណារិន្ទ្រ​ ម៉ូឌី ​ក៏បាន​ប្រកាស​ខ្លួន​ឯង​​ ថា​គាត់​ក៏​មក​ពី​វណ្ណៈ​ដាលីត​ដែរ។

ជាការពិត ​ស្ថានភាព​ជីវភាព ​និង​ការ​គោរព​សិទ្ធិ​ប្រជាជន​វណ្ណៈ​ដាលីត ​បាន​ប្រសើរ​ឡើង​ច្រើន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​៥០​ឆ្នាំ​មុន។ តែ​យ៉ាងណា ​ ប្រជាជន​វណ្ណៈ​ដាលីត ​នៅ​តែ​ស្ថិត​ក្នុង​ការ​រើសអើង ​និង​ភាព​អយុត្តិធម៌​ ដដែល។ សង្គម​ដែល​កាន់​ប្រពៃណី​តាម​បែប​សាសនា​ហិណ្ឌូ ​ដ៏​ងប់ងល់​ដូច​ឥណ្ឌា ​មិន​អាច​ផ្លាស់ប្តូរ​មួយ​ថ្ងៃ​ភ្លាម​ បាន​ទេ។ បើទោះ​បី​ជា​មាន​ការ​ធានា​ដោយ​ច្បាប់ ​ តែ​ការ​អនុវត្ត​ជាក់ស្តែង​ នៅ​ឆ្ងាយ​ពី​ការ​សង្ឃឹម​ទុក។

គេ​មិន​រំពឹង​ ថា​ឥណ្ឌា ​នឹង​លប់​ចោល​ប្រព័ន្ធ​សង្គម​ បែងចែក​វណ្ណៈ​នោះ​ទេ ​ ​តែ​គេ​សង្ឃឹម​ថា ​រដ្ឋាភិបាល​ឥណ្ឌា ​នឹង​យក​ចិត្ត​ទុកដាក់ ​ការពារ​ប្រជាជន​ខ្លួន​ឲ្យ​មាន​ដូចៗ​គ្នា។ ឥណ្ឌា ​ដែល​ខឹតខំ​តាំង​ខ្លួន ​ជា​ប្រទេស​មហា​អំណាច ​ក្នុង​តំបន់​អាស៊ី ​​នោះ​ ត្រូវតែ​ចាប់​ផ្តើម​កសាង​មុខ​មាត់​ខ្លួន​ ឲ្យបាន​ស្អាត​ផូរផង់​ តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​សង្គម​ ផ្តល់​សិទ្ធិ ​ការពារ​ប្រជាជន​ខ្លួន​ ឲ្យ​បាន​ស្មើភាព​គ្នា ​ដែល​​នេះ​ គឺ​ជា​គោលការណ៍​គ្រិះ ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ