អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហ្វីលីពីន៖ ឆ្នាំ​ទីមួយ​ពោរពេញ​ដោយ​សាកសព នៃ​អាណត្តិ​របស់​លោក ​ឌុយទែរតេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​​មក​ត្រឹម​ដើម​ខែ​កក្កដា​នេះ ​លោក ​រ៉ូឌ្រីហ្គោ ​ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីន ​បាន​ឡើង​កាន់​តំណែង ​បាន​មួយ​ឆ្នាំ​ហើយ។ មួយ​ឆ្នាំ​មក​នេះ ​កេរ្តិ៍​ឈ្មោះ​លោក​ប្រធានាធិបតី​ហ្វីលីពីន ​បាន​ល្បី​សុះសាយ​ពេញ​ពិភពលោក ​ដោយសារ​តែ​លោក ​មាន​សម្តី​បែប​គ្រោតគ្រាធ ​អសុរស ​មិន​សម​ជា​ថ្នាក់​ដឹក​នាំ​ប្រទេស។ ឆ្នាំ​ទីមួយ​ដំបូង​នេះ ​លោក​ក៏បាន​ធ្វើ​ឲ្យ​រញ្ជួយ​ហ្វីលីពីន ​តាម​រយៈ​ប្រតិបត្តិ​ការ​​តាម​ចាប់ ​និង​សម្លាប់​អ្នក​សេព​ថ្នាំញៀន ​ឬ​ក៏​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំញៀន។ ហើយ​ចុងក្រោយ​នេះ ​លោក​ប្រធានាធិបតី​ហ្វីលីពីន ​បាន​ដាក់​ច្បាប់​អាជ្ញាសិក ​ដើម្បី​បំបែក​សំបុក​ក្រុម​ជីហាត​អ៊ីស្លាម ​នៅ​ភាគ​ខាង​ត្បូង។ ថ្វីបើ​មួយ​ឆ្នាំ​កន្លង​មក​នេះ ​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់ ​តែ​លោក​ឌុយទែរតេ ​នៅ​តែ​មាន​ប្រជាប្រិយភាព​ សម្រាប់​ប្រជាជន​ហ្វីលីពីន ​ដដែល។

លោក ឌុយទែរតេ ប្រធានាធិបតីសម្តីីឆៅ​របស់ហ្វីលីពីន
លោក ឌុយទែរតេ ប្រធានាធិបតីសម្តីីឆៅ​របស់ហ្វីលីពីន Reuters
ផ្សាយពាណិជ្ជកម្ម

ល្បីខាងពូកែជេរ

ថ្ងៃ​៣០​មិថុនា ​លោក​ រ៉ូឌ្រីហ្គោ ​ឌុយទែរតេ ​ទើប​បាន​បិទ​បញ្ចប់​ឆ្នាំ​ទីមួយ ​នៃ​អាណត្តិ​ប្រធានាធិបតី​របស់​លោក។ ក្នុង​ចំណោម​មេដឹកនាំ​នៅ​អាស៊ីអាគ្នេយ៍ ​លោក​ឌុយទែរតេ​ គឺជា​ប្រធានាធិបតី​មួយ​រូប​ ដែល​សារព័ត៌មាន​អន្តរជាតិ ​ឧស្សាហ៍​ចុះផ្សាយ​បំផុត។ បន្ទាប់​ពី​បាន​ជេរ​លោក ​បារ៉ាក់ អូបាម៉ា ​លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ​ ក៏បាន​ជេរ​សម្តេច​ប៉ាប ​ថា ​“កូន​មី​សំផឹង”។ មួយ​ឆ្នាំ​មក​នេះ ​គេ​តែងតែ​បាន​ឮ ​សម្តី​បែប​ជេរ​ប្រមាថ​ មើល​ងាយ​ស្ត្រី ​ពី​សំណាក់​លោក ​ឌុយទែរតេ។

លោក​ ប្រធានាធិបតី​ហ្វីលីពីន ​ក៏បាន​ធ្វើ​ឲ្យ​គេ​ភ្ញាល់ផ្អើល​មួយ​ទៀត ​គឺ​ដោយសារ​ការ​បត់ក្បាល​ផ្លាស់​ប្តូរ​​គោល​ជំហរ​របស់​ហ្វីលីពីន ​ទាក់ទិន​ទៅ​នឹង​ជម្លោះ​ ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ជាមួយ​នឹង​ពាក្យ​បញ្ជោះ​បន្សោក ​ដាក់​រដ្ឋាភិបាល​អាមេរិក ​ លោក​ឌុយទែរតេ ​បាន​ងាក​ទៅ​រក​ចិន​ សុខចិត្ត​ចរចា​ធ្វើ​សម្បទាន​ជាមួយ​ចិន ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ ហ្វីលីពីន​ដែល​ធ្លាប់​តែ​ជា​សម្ព័ន្ធមិត្ត​នឹង​អាមេរិក​ ហើយ​តែងតែ​ពឹង​អន្តរាគមន៍​របស់​អាមេរិក​នោះ ​គ្រានេះ​​ ហាក់បាន​ប្តូរចិត្ត ​ជ្រើសរើស​មេ​កើយ​ថ្មី ​ដែល​ជា​មហា​យក្ស​ចិន។

គោរព​សន្យា ថា​សម្លាប់​អ្នក​សេព និង​អ្នក​លក់​ថ្នាំញៀន

លោក ​ឌុយទែរតេ​ បាន​សន្យា​ថា​ លោក​នឹង​សម្លាប់​អ្នក​ញៀន​ថ្នាំ​ និង​អ្នក​ជួញដូរ​ថ្នាំ​ញៀន​ទាំងអស់​ចោល ​ ដើម្បី​បោស​សំអាត​គ្រឿង​ញៀន ​ឲ្យ​អស់​ពី​សង្គម​ហ្វីលីពីន ​ក្នុង​រយៈពេល​៦ខែ។ បើ​យើង​ក្រឡេក​មក​មើល​តួលេខ​មួយឆ្នាំ​កន្លង​មក​នេះ ​គឺ​លោក​ឌុយទែរតេ ​ពិតជា​បាន​គោរព​ពាក្យ​សន្យា​មែន ​ព្រោះ​ប្រតិបត្តិការ​បោស​សម្អាត​គ្រឿង​ញៀន ​បាន​សម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់។

យោង​តាម​តួលេខ​ផ្លូវការ ​ នគរបាល​ហ្វីលីពីន ​បាន​សម្លាប់​មនុស្ស​ចំនួន​ ៣១៧១​នាក់ ​ ដែល​អាជ្ញាធរ​​​អះអាង​ថា ​សុទ្ធ​តែ​ជា​អ្នក​ជួញដូរ​ថ្នាំញៀន ​និង​អ្នក​សេព​ថ្នាំញៀន។ បន្ថែម​ពីនេះ​ នៅ​មាន​ឃាតកម្ម​ចំនួន​២០៩៨​ករណី​ផ្សេងទៀត ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​បណ្តាញ​ជួញដូរ​គ្រឿងញៀន។ ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​ដែរ ​ មាន​ករណី​ឃាតកម្ម​៨២០០​ករណី​ផ្សេង​ទៀត ​ដោយ​ពុំដឹង​មូល​ហេតុ​ពិត​ប្រាកដ។

ចំនួន​ជន​រងគ្រោះ ​ក្នុង​ប្រតិបត្តិការ​បង្រ្កាប​យ៉ាង​សាហាវ ​រហូត​ដល់​ទៅ​ជាង​៣ពាន់​នាក់ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក​ឌុយទែរតេ ​រង​នូវ​ការ​រិះគន់​ជាខ្លាំង។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​និង​សហគម​អន្តរជាតិ​ បាន​ថ្កោល​ទោស​លោក​ឌុយទែរតេ ​ដែល​បាន​បើកដៃ ​ឲ្យ​នគរបាល​ហ្វីលីពីន ​សម្លាប់​មនុស្ស​ស្រស់ៗ​ ក្រៅ​ប្រព័ន្ធ​ច្បាប់។

ជាការពិត ​ក្នុង​ចំណោម​ជន​រងគ្រោះ ​ទាំង​ជាង​៣០០០​នាក់ ​ដែល​ត្រូវ​បាន​នគរបាល​ហ្វីលីពីន ​បាញ់​សម្លាប់ ​គឺ​សុទ្ធ​សឹង​តែ​ជា​ប្រជាជន​ក្រីក្រ ​រស់នៅ​ក្នុង​តំបន់​អាណាធិបតេយ្យ​ក្នុង​ក្រុង​ម៉ានីល។ ពួកគេ ​មួយ​ផ្នែក​ ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​លក់​រាយ ​ចែកចាយ​ថ្នាំ​ញៀន ​នៅ​តាម​តំបន់ ​ហើយ​មួយ​ផ្នែក​ទៀត ​គឺ​ជា​អ្នក​សេព​ថ្នាំ​ញៀន។ ការ​សម្លាប់​មនុស្ស​កាត់​ទោស​មនុស្ស​ ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ស៊ើបអង្កេត ​ជុំនុំ​ជំរះ​បែប​នេះ ​គឺ​ជា​រឿង​មួយ​អយុត្តិធម៌​ខ្លាំង​ណាស់ ​សម្រាប់​ជន​រង​គ្រោះ។

ជាង​នេះទៅ​ទៀត ​យើង​ដឹង​ច្បាស់​ថា ​មេ​ជួញ​ដូរ​ថ្នាំ​ញៀន​ធំៗ ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ។ នគរបាល​ហ្វីលីពីន ​ត្រូវបាន​គេ​ដឹង​យ៉ាង​ច្បាស់ ​ថា​បាន​បិទ​ភ្នែក​ស៊ី​សំណូក ​ រកស៊ី​ជាមួយ​អ្នក​ជួញដូរ​ថ្នាំ​ញៀន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ឆ្លៀត​ឱកាស​ចលាចល ​ចុង​ក្រោយនេះ​ នគរបាល​និង​បក្ស​ពួក​ បាន​ចាប់​បង្ខំ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បង់ប្រាក់ ​ជា​ថ្នូរ​នឹង​ការ​ដោះលែង ​ពុំនោះទេ​ គេ​សម្លាប់​ចោល។ យ៉ាង​ណាមិញ ​ សូម្បី​លោក​ឌុយទែរតេ​ខ្លួនឯង​ ក៏ធ្លាប់​បាន​ទទួល​ស្គាល់​ដែរ​ថា ​នគរបាល​ហ្វីលីពីន ​ពុក​ឡើង​រលួយ។

ស្លាប់តែ​មនុស្ស ​តែ​ចរាចរណ៍​ថ្នាំ​ញៀន​នៅ​​តែ​រស់​ដដែល

សន្យា​ថា​សម្លាប់​ លោក​ឌុយទែរតេ​ ពិតជា​សម្លាប់​មែន។ តែ​សួរថា​ វា​បាន​ធ្វើឲ្យ​ការ​ជួញដូរ​គ្រឿង​ញៀន​ចុះ​អន់​ថយ​ឬ​ទេ? ​លោក​ Cesar Gaviria​ អតីត​ប្រធានាធិបតី​កូឡុំប៊ី ​បាន​និយាយ​នៅ​ក្នុង​កាសែត​New York Time ​ថា “​គេ​មិន​អាច​ប្រយុទ្ធ​យក​ឈ្នះ​នឹង​គ្រឿង​ញៀន ​តាម​រយៈ​ការ​សម្លាប់​អ្នក​ញៀន​ថ្នាំ ​និង​អ្នក​ជួញដូរ​តូចតាច​នោះ​ទេ!”។ លោក​បន្ត​ថា ​ លោក​សង្ឃឹម​ថា ​លោក​ប្រធានាធិបតី​ហ្វីលីពីន ​នឹង​មិន​ធ្វើ​រឿង​អកុសល​ដោយ​យល់​ច្រឡំ​បែប​នេះ​ទេ។ ឆ្លើយតប​នឹង​សម្តី​នេះ ​លោក ​ឌុយទែរតេ ​បាន​ចាត់​ទុក​លោក​អតី​ប្រធានាធិបតី ​កូឡុំប៊ី​ថា​ជា​មនុស្ស​ភ្លីភ្លើ។

បុរស​ម្នាក់ ​ជា​អ្នក​ញៀន​ថ្នាំ​គ្រាប់ ​ប្រភេទ​ មេតំហ្វេតាមីន​ បាន​ឆ្លើយ​ប្រាប់​អ្នក​យក​ព័ត៌មាន​បារាំង​ថា ​រាល់​ថ្ងៃនេះ​ គាត់​អាច​រក​ទិញ​ថ្នាំ​ញៀន​បាន​ស្រួល​ដូច​មុន​ដដែល។ បុរស​ម្នាក់​នេះ​បន្ត​ថា ​តម្លៃ​ថ្នាំ​ គ្រាន់​តែ​បាន​ឡើង​ថ្លៃ​បន្តិច​ រយៈពេល​៣ខែ ​ ក្រោយ​ពី​នគរបាល ​ចាប់​ផ្តើម​ចេញ​ប្រតិបត្តិការ​បាញ់​សម្លាប់។ ក៏​ប៉ុន្តែ ​ចាប់​ពី​ខែ​តុលា​ ឆ្នាំ​២០១៦​មក​ ថ្នាំ​មេតំហ្វេតាមីន ​បាន​ហូរ​ចូល​មក​ពេញ​ទីផ្សារ​វិញ​​ដដែល។ បុរស​ម្នាក់​នេះ​លើក​ឡើង​ថា​ ទោះ​នគរបាល​សម្លាប់​ឬ​មិន​សម្លាប់ ​ក៏​មិន​អាច​ឃាត់​អ្នក​ញៀន​ថ្នាំ​ មិនឲ្យ​ស្វែង​រក​ទិញ​ថ្នាំ​បាន​ដែរ។ ជាង​នេះទៅ​ទៀត​ មេ​ជួញ​ដូរ​ធំៗ ​និង​អ្នក​ផលិត​ថ្នាំ ​នៅតែ​ធ្វើ​កម្មភាព​ដដែល។

ប្រជាជន​ហ្វីលីពីន ​៧៥% ​ពេញចិត្ត​លោក​ឌុយទែរតេ

តែ​ទោះ​ជា​បញ្ហា​ចំរូងចំរាស​យ៉ាង​នេះ​ក្តី ​ លោក​ឌុយទែរតេ ​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់​ដដែល ​សម្រាប់​ប្រជាជន​ហ្វីលីពីន​ទូទៅ។ យោង​តាម​ការ​ធ្វើ​ស្ថិតិ ​នៅ​រវាង​ខែ​មិនា ​ប្រជាជន​ហ្វីលីពីន​ប្រមាណ​៧៥%​ បាន​ឆ្លើយថា ​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ឌុយទែរតេ។ លោក ​Ricardo Abad ​ប្រធាន​ការិយាល័យ​សិក្សា​ផ្នែក​សង្គមវិជ្ជា​ នៅ​សកលវិទ្យាល័យ​Ateneo​ ក្រុង​ម៉ានីល​ បាន​ពន្យល់​ថា ​ប្រជាជន​ហ្វីលីពីន​ភាគច្រើន ​ឆ្លើយ​បែប​នេះ ​ដោយសារ​គេ​ពេញ​ចិត្ត​បុគ្គល​នេះ ​ ជា​ជាង​ការ​ដែល​គេ​គាំទ្រ​ចំណាត់​ការ​របស់​លោក​ឌុយទែរតេ។

ដោយឡែក​លោក​ Edmund Tayao ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកលវិទ្យាល័យ ​Santo Tomas ​បាន​ពន្យល់​ថា​ ហេតុ​ដែល​លោក​ឌុយទែរតេ ​មាន​ប្រជាប្រិយភាព​ខ្ពស់ ​គឺ​ដោយ​សារ​លោក​ម្នាក់​នេះ ​ជា​មនុស្ស​ថ្មី ​មាន​និន្នាកាថ្មី​ប្លែក​ ខុស​ពី​មនុស្ស​មុនៗ​ ដែល​ត្រូវ​ប្រជាជន​ស្គាល់ថា​គឺ​ជា​បក្ស​ពួក​តែមួយ​ ផ្លាស់​ប្តូរ​គ្នា​កាន់​អំណាច។ ប្រជាជន​ហ្វីលីពីន​ ចូលចិត្ត​ថ្នាក់ដឹក​នាំ​ថ្មី ​ដែល​ហ៊ាន​ថា​ហ៊ាន​ធ្វើ ​និយាយ​ឆៅៗ ​ព្រោះ​ពួក​គេ​គិត​ថា ​ប្រហែល​ជា​អាច​ដោះ​ស្រាយ​បញ្ហា​បាន ​មិន​ដូច​អ្នក​ដឹក​នាំ​មុនៗ​ ដែល​បាន​តែ​និយាយ​ចោល។

ប្រជាប្រិយភាព​នេះ​ បាន​កើន​ឡើង​មួយ​កំរិត​ទៀត ​បន្ទាប់​ពី​លោក​ឌុយទែរតេ ​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសិក ​ ដើម្បី​បោស​សំអាត​ជង្រុក​ក្រុម​ជីហាត​អង្គការរដ្ឋ​អ៊ីស្លាម ​នៅភាគ​ខាង​ត្បូង​ហ្វីលីពីន ​ក្នុង​ប្រជុំ​កោះ​ម៉ាន់ដាណាវ។ ប្រតិបត្តិការ​ប្រយុទ្ធ ​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ​២៣ ​ឧសភា ​មក ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង​៤០០​នាក់។ តែ​យ៉ាងណា ​តំបន់​ម៉ាន់ដាណាវ ​និង​ជា​ពិសេស ​ក្រុង​ម៉ារ៉ាវី ​ នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ជីហាត​អ៊ីស្លាម​ដដែល​ ហើយ​ជ័យជំនះ​ របស់​អាជ្ញាធរ​ហ្វីលីពីន​ ហាក់​នៅ​ឆ្ងាយ​នៅ​ឡើយ។

នឹង​បាត់​​ការគាំទ្រពី​សភា បើគ្មាន​លទ្ធផល​ជាក់ស្តែង!

ជា​ការពិត​ លោក​ឌុយទែរតេ ​ កំពុងតែ​សោយ​សុខ ​នៅ​លើ​គំនរ​សម្លេង​ភាគច្រើន ​ក្នុង​សភា​ជាន់​ទាប​ហ្វីលីពីន។ ក្នុង​ចំណោម​អាសន្នៈ​ទាំង​អស់​ ២៩៦ ​ មាន​តែ​៧​អាសន្នៈ​ប៉ុណ្ណោះ ​ដែល​ជា​សម្លេង​ប្រឆាំង​នឹង​លោក។ សម្រាប់​អ្នក​នយោបាយ​ហ្វីលីពីន ​ថ្វីបើ​លោក​ឌុយទែរតេ​ មាន​សម្តី​បាតផ្សារ ​ចរិក​ក្អេងក្អាង ​ឆេវឆាវ​ តែ​ក្នុង​ពេល​នេះ ​គឺលោក​ឌុយទែរតេ ​កំពុង​ធ្វើ​ឲ្យ​ប្រជាជាតិ​ហ្វីលីពីន​ បាន​រក្សា​ឯកភាព​ជាតិ ​តាម​រយៈ​​​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន ​និង​ប្រតិបត្តិការ​បោស​សំអាត​ក្រុម​ជីហាត​អ៊ីស្លាម។

លោក​ Edcel Lagman ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ប្រឆាំង​ម្នាក់​ ដ៏​សំខាន់​ បាន​និយាយ​ថា ​បើទោះ​បី​ជា​សភា​ទាំងមូល​នៅ​ពីក្រោយ​លោក​ ឌុយទែរតេ ​ក្នុង​ពេល​នេះ​មែន​ពិត ​តែ​ទៅ​ថ្ងៃ​មុខ ​សម្លេង​ភាគ​ច្រើន​ក្នុង​សភា ​នេះ​នឹង​រលាយ​បែកខ្ញែក ​ បើសិន​ជា​រដ្ឋាភិបាល​លោក​ឌុយទែរតេ ​មិន​បាន​ធ្វើ​អ្វី​ ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជាក់ស្តែង​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ