អានតួអត្ថបទ
សហរដ្ឋអាមេរិក-ស៊ីរី-អ៊ីរ៉ាក់

សហរដ្ឋអាមេរិកទទួលស្គាល់ពីកំណើនឥទ្ធិពលឡើងវិញរបស់អង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់

ប្រមុខការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ទទួល​ស្គាល់​នៅ​ថ្ងៃ​អង្គារ ទី២០ សីហា​ថា ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ស្ថិត​ក្នុង​តំបន់​មួយ​ចំនួន​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​សព្វថ្ងៃ​ហាក់​កំពុង​ខ្លាំង​ជាង​កាល​ពី ២ ឬ​៣ឆ្នាំ​មុន​ទៅ​ទៀត។ ចំណាប់អារម្មណ៍​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រេសិតពិសេស​ចិន​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​លោក​ស៊ី សៀវយ៉ាន​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ តាម​លោក​សៀវយ៉ាន អង្គការ​ភេរវនិយម​ដែល​មាន​អង្គការ​រដ្ឋអ៊ីស្លាម​មួយ​ដែរ​កំពុង​ភ្ញាក់ដឹង​ខ្លួន​ឡើង​វិញ​នៅ​ស៊ីរី​ដែល​បាន​ធ្លាក់​ក្នុង​សង្គ្រាមហែកហួរ​តាំង​ពី ៨ឆ្នាំ។ ប្រេសិតពិសេស​ចិន​រូប​នេះ​ដដែល​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​ព្រងើយកន្តើយ​ចំពោះ​រឿង​នេះ​ឲ្យ​សោះ។

ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ធ្វើ​ឡើង​នៅ​លើ​កាណាល់​ទូរទស្សន៍​អាមេរិកាំង CBS ដោយ​បញ្ជាក់​ថា ទោះ​បី​ជា​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បាត់បង់​ទឹកដី​សឹង​តែ​ស្រុង​ដែល​ពួក​គេបាន​ក្រសោប​មួយ​ភាគ​នៅ​ស៊ីរី និង​មួយ​ភាគ​នៅ​អ៊ីរ៉ាក់​ចាប់​ពី​ឆ្នាំ ២០១៤ ក៏​ដោយ ក៏​ក្រុមជីហាត​របស់​អង្គការ​ភេរវនិយម​មួយ​នេះ​កំពុង​បន្ត​មាន​សមត្ថភាព និង​មាន​សកម្មភាព​វាយប្រហារ​ខ្លាំង​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ តាម​លោក​ប៉ុមប៉េអូ នៅ​មាន​តំបន់​ខ្លះ​ក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់​ដែល​ពួកជីហាត​អង្គការរដ្ឋអ៊ីស្លាម​សព្វថ្ងៃ​ហាក់​កំពុង​មាន​កម្លាំង​ខ្លាំង​ជាង​កាល​ពី ២ ឬ​៣ឆ្នាំ​មុន​ទៅ​ទៀត។ ចំណែក​ក្រុមអ្នកជំនាញ និង​ក្រុមមន្រ្តី​ផ្លូវការ​ជា​ច្រើន​ក៏​បាន​យល់​ឃើញ​ដូច​លោក​ប៉ុមប៉េអូ​ដែរ។

តែ​ស្រប​ពេល​គ្នា​នេះ ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គំរាមកំហែង និង​សមត្ថភាព​វាយប្រហារ​របស់​ពួកជីហាត​នៅ​បរទេស។ អ្វី​ជា​ការ​កត់សម្គាល់ ចំណាប់អារម្មណ៍​របស់​ប្រមុខ​ការទូត​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​ការពារអាមេរិក​បាន​គូសបញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​ថា អង្គការ​រដ្ឋអ៊ីស្លាម​ហាក់​កម្រើក​ឡើង​វិញ​នៅ​ស៊ីរី បន្ទាប់​ពី​អាមេរិក​បាន​ដកទ័ព​ចេញ​មួយ​ចំនួន។ គួរ​រម្លឹក​ថា​នា​និទាឃរដូវ​ឆ្នាំ ២០១៨ កម្លាំងសម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​បិទបញ្ចប់​រចនាសម្ព័ន្ធ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ បន្ទាប់​មក​នៅ​ដំណាច់​ឆ្នាំ ២០១៨ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ត្រាំ​បាន​សម្រេច​ដក​ទ័ព​អាមេរិកាំង​មួយ​ភាគ​ធំ​ចេញ​ពី​ស៊ីរី​ដោយ​លើក​ឡើង​ពី​បរាជ័យ​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

ក្រៅ​ពី​សហរដ្ឋអាមេរិក កំណត់សម្គាល់​ស្តីពី​ការ​ស្ទុះ​ឡើង​វិញ​នូវ​ឥទ្ធិពល​របស់​ក្រុម​អង្គការភេរវនិយម​នៅ​ស៊ីរី​ក៏​មាន​ពី​លោក​ស៊ី សៀវយ៉ាន ប្រេសិតពិសេស​ចិន​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​ដែរ។ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​ប្រេសិតពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​លោក Geir O. Pedersen ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​នា​ថ្ងៃ​អង្គារ ទី២០ សីហា លោក​សៀវយ៉ាន​បាន​ព្រមាន​ពី​ការ​ភ្ញាក់ខ្លួន​ឡើង​វិញ​របស់​ក្រុម​អង្គការភេរវនិយម​នៅ​ស៊ីរី និង​បាន​អំពាវនាវ​ដល់​សហគមន៍អន្តរជាតិ​កុំ​ឲ្យ​មើលស្រាល​ចំពោះ​រឿង​នេះ​ឲ្យ​សោះ។ ចំណែក​លោក​ Geir O. Pedersen បាន​ឆ្លៀត​ចាប់​អារម្មណ៍​លើ​គម្រោង​វាយប្រហារ​លើ​ទីក្រុង​អ៊ីដលិប​របស់​ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ។

លោក Pedersen ព្រមាន​ថា គម្រោង​វាយប្រហារ​ទៅ​លើ​ទីតាំង​ចុង​ក្រោយ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​មួយ​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​មហន្តរាយ​មនុស្សធម៌​ចំពោះ​ពលរដ្ឋ​ប្រមាណ​ជា ៣លាននាក់​ដែល​កំពុង​រស់នៅ​ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ