ប្រមុខការទូតអាមេរិករុញច្រានចោលព័ត៌មានដែលថា លោកចង់លាលែងពីមុខតំណែង
រដ្ឋមន្រ្តីការទូតអាមេរិក លោករេច ធីល័រសុន នៅថ្ងៃពុធម្សិលមិញបានចេញមុខបកស្រាយថា លោកគ្មានគម្រោងលាលែងពីតំណែង ដូចការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំងនោះទេ។ ប្រមុខការទូតអាមេរិកនៅបានបញ្ជាក់ដែរថា លោកនៅតែគាំទ្រនយោបាយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការអះអាងនេះបានកើតឡើង នៅក្រោយពេលដែលមានព័ត៌មានចុះផ្សាយព្រោងព្រាត ពីភាពតានតឹង និងការខ្វែងគំនិតគ្នា រវាងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ជាមួយ នឹងរដ្ឋមន្រ្តីការបរទេសរបស់លោក ជាពិសេស នៅក្នុងសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ចុះផ្សាយនៅថ្ងៃ៖
“ខ្ញុំមិនដែលគិតគ្រោងថា នឹងលាលែងចេញពីមុខតំណែងនោះទេ" នេះជាប្រកាសរបស់លោករេច ធីល័រសុន។ នៅក្នុងវគ្គផ្តល់ព័ត៌មានមួយ ដែលរៀបចំឡើង យ៉ាងតក់ក្រហល់ នៅថ្ងៃពុធម្សិលមិញ ដោយក្រសួងការបរទេសអាមេរិក លោករេច ធីល័រសុន នៅបានបញ្ជាក់ដែរថា ការប្តេជ្ញាចិត្តរបស់លោកដើម្បី ជោគជ័យរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ គឺនៅដដែល គ្មានផ្លាស់ប្តូរនោះទេ។
ប្រមុខការទូតអាមេរិក លោករេច ធីល័រសុន ចេញមុខបកស្រាយនៅពេលនេះ នៅបន្ទាប់ពីមានការចុះផ្សាយព័ត៌មានជាច្រើន ដែលសរសេរពីភាពតានតឹង រវាង លោក ហើយ និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ធ្លាប់បានក្រើនរំលឹកឲ្យមានសណ្តាប់ធ្នាប់សាធារណៈឡើងវិញ នៅក្រោយព័ត៌មានចុះផ្សាយរបស់ក្រុមហ៊ុន NBC។ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំង នៅក្នុងកិច្ចប្រជុំមួយ នៅក្រសួងការពារជាតិ កាលពីខែកក្កដាកន្លងទៅ លោករដ្ឋមន្រ្តីការបរទេស រេច ធីល័រសុន ធ្លាប់បានតិះដៀល លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា ជាមនុស្សឆ្កួត និងបានគំរាមថា នឹងលាលែងចេញពីតំណែង រដ្ឋមន្រ្តី ការបរទេសអាមេរិក។
លោករេច ធីល័រសុនបានបដិសេធ មិនធ្វើអត្ថាធិប្បាយជុំវិញ ពាក្យសំដីដែលលោកបានប្រើនៅក្នុងកិច្ចប្រជុំ នៅក្រសួងការពារជាតិនោះទេ។ ប៉ុន្តែ ក្រសួងការបរទេសផ្ទាល់វិញ បានចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការ រុញច្រាន ព័ត៌មានចុះផ្សាយរបស់NBC។
នៅថ្ងៃល្ងាចថ្ងៃពុធ នៅក្រោយ ការចេញមុខបកស្រាយរបស់លោករេច ធីល័រសុន លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនៅតែមានជំនឿចិត្តពេញទំហឹងលើរដ្ឋមន្រ្តីការបរទេសរបស់លោក និងថា ព័ត៌មានដែលចុះផ្សាយ កន្លងមក ជារឿងប្រឌិតដោយទូរទស្សន៍ NBC។ ទាំងលោកដូណាល់ ត្រាំ ហើយនិងលោក រេច ធីល័រសុន ហាក់ចង់បិទបញ្ចប់ ព័ត៌មានចចាមអារ៉ាម ដែលលើកឡើងពីភាពតានតឹងដែលកំពុងមានរវាងប្រធានាធិបតី ជាមួយរដ្ឋមន្រ្តីការបរទេស។ ប៉ុន្តែ នៅក្នុងការពិតជាក់ស្តែង លោកដូណាល់ ត្រាំ និងរេច ធីល័រសុន ដែលទាំងពីរនាក់សុទ្ធតែជាមហាសេដ្ឋី និងអតីតម្ចាស់ក្រុមហ៊ុនយក្សនៅអាមេរិក ដូចគ្នា នៅមិនអាចបិទបាំង ការមិនចុះសម្រុងរវាងគ្នា ជាពិសេសនៅក្នុងនយោបាយការបរទេស។
នៅប្រទេសចិន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោករេច ធីល័រសុន បានលើកឡើងថា អាមេរិកបានទាក់ទងដោយផ្ទាល់ជាមួយក្រុងព្យុងយ៉ាង និងស្ទង់ចង់ឲ្យមានការចរចាដើម្បី ដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្តែ នៅថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបែរជាសរសេរនៅក្នុងសារTwitterថា ប្រមុខការទូតអាមេរិក កំពុងខាត់បង់ពេលវេលា ដែលទៅចរចាជាមួយកូរ៉េខាងជើង។ នេះមិនមែនជាលើកទី១ទេ លោកដូណាល់ ត្រាំ បង្ហាញជំហរផ្ទុយ ពីនយោបាយការបរទេស របស់លោករេច ធីល័រសុន។ នៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ប្រមុខការពារជាតិអាមេរិក នៅថ្ងៃអង្គារកន្លងទៅ បាននិយាយគាំទ្រការលើកឡើងរបស់ប្រមុខការបរទេស អាមេរិក ដោយថា អាមេរិកនៅតែមានជំហរ ចង់ឲ្យមានការចរចាការទូត ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ