លោកដូណាល់ ត្រាំ ទូរស័ព្ទទៅអបអរជ័យជំនះរបស់លោកអ៊ែរដូហ្កាន់ លើគំរោងពង្រឹងអំណាច
មួយថ្ងៃក្រោយដឹងលទ្ធផលប្រជាមតិនៅប្រទេសតួកគី ដែលបង្ហាញពីជោគជ័យ យ៉ាងប្រផិតប្រផោយរបស់សម្លេងគាំទ្រ ការធ្វើកំណែទម្រង់ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានទូរស័ព្ទទៅលោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី កាលពីយប់ថ្ងៃចន្ទ ដើម្បីអបអរជ័យជំនះនេះ។ នេះបើតាមការប្រកាសរបស់សេតវិមានសហរដ្ឋអាមេរិក។ តែយ៉ាងណា ក្នុងកិច្ចសន្ទនា គេពុំបានឃើញលោកដូណាល់ ត្រាំ សម្តែងក្តីព្រួយបារម្ភទេ ទាក់ទិននឹងទំនោរផ្តាច់ការនិយម ដែលលោកប្រធានាធិបតីតួកគី កំពុងដើរនាពេលនេះ។ ពោលគឺវាផ្ទុយស្រឡះ ពីថ្នាក់ដឹកនាំប្រទេសផ្សេងទៀតនៅអឺរ៉ុប ដែលគេបារម្ភថា តួកគីកំពុងធ្លាក់ក្នុងរបបផ្តាច់ការ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
កាលពីយប់ថ្ងៃចន្ទ សេតវិមានអាមេរិក បានប្រកាសផ្សាយនូវ របាយការណ៍នៃកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោកប្រធានាធិបតីដូណាល់ ត្រាំ និងលោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន់។ យោងតាមរបាយការណ៍នេះ លោកដូណាល់ ត្រាំ បាននិយាយឆ្លើយឆ្លង ក្នុងន័យអបអរសាទរចំពោះជោគជ័យរបស់លោកប្រធានាធិបតីតួកគី ដែលបានទទួលជោគជ័យ ជាមួយនឹងលទ្ធផលប្រជាមតិ កាលពីថ្ងៃអាទិត្យ។
លោកត្រាំ ក៏បានឆ្លៀតអរគុណ លោកអ៊ែរដូហ្កាន់ ដែលបានជួយគាំទ្រ នូវចំណាត់ការរបស់រដ្ឋាភិបាល អាមេរិក នៅក្នុងសំណុំរឿងស៊ីរី។ លោកអ៊ែរដូហ្កាន់ បានថ្លែងគាំទ្រ ដែលកងទ័ពអាមេរិក បានបាញ់មីស៊ីលកំទេចមូលដ្ឋានទ័ពរបស់រដ្ឋាភិបាលបាឆា អាល់អាសាដ តែលោកអ៊ែរដូហ្កាន់ បានសំណូមពរឲ្យអាមេរិកធ្វើអ្វីបន្ថែមទៀត ឲ្យបានច្រើនជាងនេះ។
គួរកត់សំគាល់ថា ក្នុងការសន្ទនាតាមទូរស័ព្ទ លោកដូណាល់ ត្រាំ មិនបានលើកឡើងទេ អំពីការព្រួយបារម្ភ ទាក់ទងនឹងស្ថានភាពនយោបាយនៅតួកគី។ ក៏ប៉ុន្តែ នៅប៉ុន្មានម៉ោង មុនពេលលោកត្រាំ ទូរស័ព្ទទៅលោកអ៊ែរដូហ្កាន់ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសមួយ បង្ហាញពីការព្រួយបារម្ភ ទាក់ទិនទៅនឹងភាពមិនប្រក្រតី ដែលបានកើតឡើង នៅក្នុងពេលដំណើការបោះឆ្នោតប្រជាមតិ នៅតួកគី កាលពីថ្ងៃអាទិត្យកន្លងទៅ។
មិនត្រឹមតែមិនបានលើកឡើង ដោយផ្ទាល់មាត់ អំពីរបត់នយោបាយបែបផ្តាច់ការ របស់លោកអ៊ែរដូហ្កាន់ ផ្ទុយទៅវិញលោក ដូណាល់ ត្រាំ បែរជាអបអរជ័យជំនះ របស់លោក អ៊ែរដូហ្កាន់ទៅវិញ។ ប្រទេសជាច្រើននៅអឺរ៉ុប បានសម្តែងការព្រួយបារម្ភ ចំពោះទំនោរផ្តាច់ការរបស់លោក អ៊ែរដូហ្កាន់ ព្រោះជ័យជំនះនៃប្រជាមតិនេះ នឹងអនុញ្ញាតិ ឲ្យប្រធានាធិបតីរូបនេះ ធ្វើកំណែទំរង់រដ្ឋធម្មនុញ្ញ ក្តាប់អំណាចយ៉ាងណែន ទាំងទៅលើសភា និងប្រព័ន្ធតុលាការ ហើយជាពិសេសនោះ គឺអាចកាន់អំណាច រហូតដល់ឆ្នាំ២០២៩។ ខុសពីលោកត្រាំ ដែលមិននិយាយអ្វីសោះ ក្រៅតែពីជួយអរ មេដឹកនាំប្រទេសនៅអឺរ៉ុប បានអំពាវនាវ ឲ្យប្រធានាធិបតីតួកគី គោរពសិទ្ធិធ្វើនយោបាយរបស់គណបក្សប្រឆាំង ព្រមទាំងគោរពសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។
ដោយឡែក បន្ទាប់ពីបានប្រាប់ពីបំណងធ្វើប្រជាមតិ ដើម្បីបង្កើតឲ្យមានទោសប្រហារជីវិត នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតីតួកគី បានថ្លែងអំពីចេតនារបស់លោក ក្នុងការរៀបចំប្រជាមតិមួយទៀត ដើម្បីបិទបញ្ចប់ការចរចា ចូលជាសមាជិកសហភាពអឺរ៉ុប។ នេះជាជំហានមួយទៀត ដែលបញ្ជាក់ថា លោកអ៊ែរដូហ្កាន់ បានបែរខ្នងដាក់អឺរ៉ុប ជាផ្លូវការហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ