ដូណាល់ត្រាំ ព្រមទទួលស្គាល់ថាអូបាម៉ា កើតនៅលើដីសហរដ្ឋអាមេរិក
លោកដូណាល់ ត្រាំ បេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ទើបបានប្រកាសទទួលស្គាល់ថា លោកបារ៉ាក់ អូបាម៉ា ពិតជាកើតនៅលើទឹកដីសហរដ្ឋអាមេរិកមែន។ នេះជាលើកទីមួយហើយ ដែលបេក្ខជនមហាសេដ្ឋីល្បីខាងវោហាញុះញ៉ង់ប្រកាន់ពូជសាសន៍រូបនេះ បានប្រកាសទទួលស្គាល់ ពីដើមកំណើតអាមេរិក របស់លោកអូបាម៉ា ព្រោះថាកន្លងមកច្រើនឆ្នាំមកហើយ លោកដូណាល់ត្រាំ តែងតែនិយាយថា លោកអូបាម៉ា បានបោកប្រាសកុហក ដែលតាមការពិត អូបាម៉ា គឺជាជនជាតិស្បែកខ្មៅ មិនបានកើតនៅលើដីអាមេរិកទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៦
ថ្ងៃសុក្រទី ១៦ កញ្ញា លោកដូណាល់ ត្រាំ បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានធ្វើសន្និសីទកាសែតមួយ នៅក្នុងសណ្ឋាគារ ថ្មីស្រឡាងដែលខ្លួនលោកជាម្ចាស់ និងដែលបានដាក់ឈ្មោះលោកផ្ទាល់ទៀតផង។ កម្មវត្ថុនៃ សន្និសីទកាសែតនេះ គឺដើម្បីបិទបញ្ចប់ភាពចំរូងចំរាស ទាក់ទិនទៅនឹងការបដិសេធ មិនព្រមទទួលស្គាល់ការពិត ពីសំណាក់លោកដូណាល់ ត្រាំ ដែលថាលោកអូបាម៉ា មានដើមកំណើតនៅលើទឹកដីសហរដ្ឋអាមេរិក។ សន្និសីទកាសែតបានធ្វើឡើង ក្រោយពេលមួយថ្ងៃ ដែលលោកដូណាល់ ត្រាំ បានបដិសេធមិនព្រមឆ្លើយសំណួររបស់អ្នកកាសែត Washington Post ស្តីពីទឹកដីកំណើតរបស់លោកអូបាម៉ា។
ទីបំផុតទៅ លោកដូណាល់ត្រាំ បានប្រកាសថា “អូបាម៉ា ពិតជាកើតនៅលើដីសហរដ្ឋអាមេរិកមែន ខណ្ឌចប់”។ ពាក្យមួយឃ្លានេះ ត្រូវបានក្រុមអ្នកយកព័ត៌មាន យកទៅផ្សព្វផ្សាយ ដើម្បីបិទបញ្ចប់ពាក្យចចាមអារ៉ាម ដែលច្រើនឆ្នាំមកនេះ ត្រូវបានលោកដូណាល់ ត្រាំ តែងតែលើកយកមកនិយាយ ដើម្បីបង្កជាការមន្ទិលសង្ស័យ ទាក់ទិនទៅនឹងជីវប្រវត្តិពិតប្រាកដ របស់លោកបារ៉ាក់ អូបាម៉ា។
ជាការពិត ចាប់តាំងពីលោកអូបាម៉ា ប្រធានាធិបតីអាមេរិក ស្បែកខ្មៅដំបូងបំផុត បានជាប់ឆ្នោតមក ពាក្យចចាមអារ៉ាម ស្តីពីដើមកំណើតពិតប្រាកដរបស់លោក ត្រូវបានក្លាយជាសំណួរចោទសួរ និងបំប៉ោង ដោយក្រុមជ្រុលនិយមប្រកាន់ពូជសាសន៍។ ក្នុងនោះ លោកដូណាល់ ត្រាំ ដែលពីមុនជាអ្នកកាន់កម្មវិធីទូរទស្សន៍ បានតែងតែបញ្ចេញបញ្ចូល បំប៉ោងពាក្យចចាមអារ៉ាមនេះ ឲ្យកាន់តែរីកធំ។ បញ្ហានេះ បានតំរូវឲ្យ លោកអូបាម៉ា ធ្វើការប្រកាសផ្សាយសំបុត្រកំណើតរបស់លោក ជាសាធារណៈទៀតផង ដើម្បីបញ្ជាក់ការពិត។ យ៉ាងណាក៏ដោយ ក្នុងសន្និសីទកាសែតកាលពីថ្ងៃ១៦ កញ្ញាម្សិលមិញ លោកដូណាល់ ត្រាំ មិនបានប្រកាសសុំទោសទៅដល់លោកអូបាម៉ា ព្រមទាំងក្រុមគ្រួសារទេ ចំពោះពាក្យចោទប្រកាន់កន្លងមករបស់ខ្លួន។
សូមបញ្ជាក់ថា ការផ្លាស់ប្តូរសម្តី និងគោលជំហរ របស់ដូណាល់ត្រាំ នាពេលនេះ គឺជាយុទ្ធសាស្ត្រសុទ្ធសាធ ដើម្បីទាក់ទាញសម្លេងឆ្នោតពីសំណាក់ប្រជាជនអាមេរិកស្បែកខ្មៅ។ កន្លងមក គេបានឃើញយ៉ាងច្បាស់ អំពីល្បិចកលនយោបាយ សំដីញុះញ៉ង់ បំប៉ោងបញ្ហា និងបង្កជាការស្អប់គុំគួនប្រកាន់ពូជសាសន៍ របស់ដូណាល់ត្រាំ ដើម្បីតែម្យ៉ាងគត់ គឺធ្វើយ៉ាងណា ឲ្យខ្លួនឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក។
ថាវាជានិស្ស័យពីធម្មជាតិរបស់លោកដូណាល់ត្រាំក៏ថាបាន ព្រោះមិនទាន់ទាំងលាងជំរះចំណុចអាក្រក់របស់ខ្លួនមួយបានស្អាតផង ស្រាប់តែបេក្ខជនរូបនេះ បង្ករឿងអាស្រូវថែមមួយទៀត ដោយបានប្រកាស ក្នុងសន្និសីទកាសែតថា “បើហ៊ីឡារី គ្លីនតុន មិនគាំទ្រការប្រើប្រាស់អាវុធ អញ្ចឹងត្រូវឈប់ឲ្យអង្គរក្សខ្លួនកាន់អាវុធទៅ។ តែបើធ្វើមែន ហ៊ីឡារី គ្លីនតុន ត្រូវប្រយ័ត្នគ្រោះថ្នាក់ !” ។ សម្តីនេះ គឺមានន័យជាការគំរាម និងញុះញង់ ឲ្យមានការប្រើអំពើហិង្សាដោយអាវុធ ទៅលើរូបលោកស្រីហ៊ីឡារី គ្លីនតុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ