អានតួអត្ថបទ
ស៊ីរី

ប្រធានាធិបតី​ស៊ីរី​បន្ត​បំបាក់​មុខ​អង្គការ​សហប្រជាជាតិ​ជាថ្មី

កាលពី​ថ្ងៃ​សុក្រ​ទី ១៦ មីនា លោក​កូហ្វី អាណាន់​ប្រេសិត​តំណាង​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប់ បាន​រាយការណ៍​ជូន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ពីលទ្ធផល​នៃ​ជំនួប​របស់​លោក​ជាមួយ​ប្រធានាធិបតី​Bachar Al Assad ក្នុង​ប្រទេស​ស៊ីរី។ លោក​កូហ្វី អាណាន់​បាន​សំដែង​ការខកចិត្ត​ដែល​រដ្ឋាភិបាល​ស៊ីរី​មិន​បាន​ឆ្លើយ​សហការ​ជាមួយ​លោក​ដើម្បី​បញ្ចប់​អំពើហិង្សា​នៅ​ស៊ីរី។

អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​នៅ​ទីក្រុង​ដាម៉ាស នៅថ្ងៃ​សៅរ៍​ទី ១៧ មីនា ត្រូវ​រដ្ឋាភិបាល​ស៊ីរី​ចោទ​ទម្លាក់​កំហុស​ដាក់​ប្រទេស​អារ៉ាប៊ី សាអូឌីត
អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​នៅ​ទីក្រុង​ដាម៉ាស នៅថ្ងៃ​សៅរ៍​ទី ១៧ មីនា ត្រូវ​រដ្ឋាភិបាល​ស៊ីរី​ចោទ​ទម្លាក់​កំហុស​ដាក់​ប្រទេស​អារ៉ាប៊ី សាអូឌីត © REUTERS
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​បាន​រិះរក​មធ្យោបាយ​ដើម្បី​បញ្ចប់​បញ្ហា​នៅក្នុង​ប្រទេស​ស៊ីរី។ ប៉ុន្តែ រាល់លើក ការប៉ុនប៉ង​ដើម្បី​បញ្ចប់​វិបត្តិ​នៅស៊ីរី​​តែងទទួល​បរាជ័យ។ ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បែកបាក់គ្នា ក្នុងរឿង​ស៊ីរី។ ក្រុមប្រឹក្សា​សន្តិសុខ​នៅតែ​មិន​ទាន់​មាន​សំឡេង​រួមគ្នា​ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅលើ​របបស៊ីរី ដោយសារ​តែ​រុស្ស៊ី និង​ចិន នៅតែ​ចេញមុខ​ការពារ ធ្វើ​វេតូ មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ ដាក់​ទណ្ឌកម្ម​ទៅលើ​របប​លោក​ប្រធានាធិបតី​​Bachar Al Assad។

 
សម្រាប់ក្រុមប្រឆាំង​ស៊ីរី គេ​មិនសូវ​ជាមាន​ជំនឿច្រើន​ទៅលើ​លទ្ធផល​នៃ​ជំនួប​របស់​លោក​កូហ្វី អាណាន់​ជាមួយ​រដ្ឋាភិបាល​លោក​ Bachar Al Assad​ទេ។ មិនមែន​ថា លោក​ កូហ្វី អាណាន់​គ្មាន​សមត្ថភាព​ទេ ប៉ុន្តែ គឺ​រដ្ឋាភិបាល​ស៊ីរី​តែម្តង ដែល​នៅតែ​រឹង​មិន​ព្រមចុះចាញ់។ ឧទាហរណ៍​ឆ្លើយតប​នឹង​ការស្នើ​របស់​លោក​កូហ្វី​អាណាន់​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​គោរព​បទ​ឈប់បាញ់។ លោក​ប្រធានាធិបតី​ស៊ីរី Bachar Al Assad​បាន​ឆ្លើយតប​មកវិញ ថា គួរ​តែ​គេ​ប្រាប់​ទៅក្រុមប្រឆាំង​វិញ​ឲ្យ​ដាក់​អាវុធ​ចុះ​មុន ទើប​រដ្ឋាភិបាល​អាច​គោរព​បទឈប់បាញ់។

ការទាមទារ​របស់​លោក​ Bachar Al Assad​គឺ​ដូចនឹង​ការទាមទារ​របស់​រុស្ស៊ី និង​ចិន ដែល​បាន​ប្រាប់​ឲ្យ​ប្រទេស​លោកខាងលិច​ដាក់សម្ពាធ​ទៅលើ​ក្រុមប្រឆាំង​ឲ្យ​ទម្លាក់អាវុធ ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅស៊ីរី។ នៅត្រង់ចំណុចនេះ លោក​កូហ្វី អាណាន់​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ ឲ្យ​មាន​ឯកភាព​គ្នា​ដើម្បី​រក​ច្រកចេញ​រួម​មួយ គឺ​មិន​ត្រូវ​នៅខ្វែង​គំនិត​គ្នា​បន្តទៀតទេ។

បើទោះ​ជា​លើកនេះ លោក​កូហ្វី​អាណាន់​មិនទាន់​អាច​ទាក់ទាញ​ចិត្ត​លោក​ Bachar Al Assad​ឲ្យ​ឈប់​បង្ក​អំពើហិង្សា​នៅពេលនេះ ប៉ុន្តែ លោក​ប្រេសិត​រូបនេះ​ដែល​ធ្លាប់​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព បាន​សន្យា​ថា នឹង​បញ្ជូន​អ្នកជំនាញការ​ ទៅក្នុង​ប្រទេស​ស៊ីរី ដើម្បី​ឈាន​ទៅដល់​ការបញ្ជូន​អ្នកសង្កេតការណ៍​អន្តរជាតិ បើក​ផ្លូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ​ដោយ​អំពើហិង្សា​របស់​រដ្ឋាភិបាល។

នាយករដ្ឋមន្រ្តី​តួកគី​វិញ បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្លួន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ស៊ីរី​ដែល​កំពុង​ជួប​បញ្ហា​អសន្តិសុខ។ អំពើភេរវកម្ម​បំផ្ទុះរថយន្ត​បាន​កើត​មាន​នៅព្រឹកថ្ងៃ សៅរ៍ ទី ១៧ មីនា នៅ​មុខ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់ និង​អគារ​នាយកដ្ឋាន​ប៉ូលិស​ឧក្រិដ្ឋ ដោយ​បាន​សម្លាប់​មនុស្ស​២៧នាក់។

ម្យ៉ាងទៀត តួកគី​តាមរយៈ​លោក​នាយករដ្ឋមន្រ្តី Tayyip Erdogan ចង់​បង្កើត​តំបន់​សន្តិសុខ​នៅក្នុង​ទឹកដីស៊ីរី ប៉ុន្តែ តួកគី​ត្រូវការ​ដីកា​ពី​អង្គការ​សហប្រជាជាតិ មាន​ន័យថា មាន​ការយល់ព្រម​ពីគ្រប់​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ផង​ដែរ​ ព្រោះថា គេ​ត្រូវការ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​តំបន់​នោះ​ពីការវាយប្រហារ​ពី​ទាហាន​រដ្ឋាភិបាល​ស៊ីរី។ បើមានការយល់ព្រម​ពី​អង្គការសហប្រជាជាតិ នោះ ស៊ីរី​គ្មានអ្វី​នឹង​តវ៉ា​បានទេ។

សម្រាប់​តួកគី វិធានការ​នេះ​នឹងចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​អំពើហិង្សា​ទៅលើ​ប្រជាជន​ស៊ីរី។ ប៉ុន្តែ បើតាម​មើលទៅ គម្រោង​នឹងផ្តល់​ប្រយោជន៍​ដល់​ក្រុមប្រឆាំងស៊ីរី ព្រោះថា រហូតមកដល់​ពេលនេះ ក្រុមប្រឆាំង​ស៊ីរី​តែឯង នៅតែ​មិន​អាច​ឈ្នះ លើ​របប​លោក​ Bachar Al Assad ដែល​សំបូរ និង​ប្រើអាវុធ​ទំនើបៗ​វាយប្រហារ​លើ​ក្រុមប្រឆាំង។

តំបន់​សុវត្ថិភាព​ដែល​តួកគី​ចង់​បង្កើត​ឲ្យ​មាន ​ក្នុង​ទឹកដី​ស៊ីរី គឺ​នឹង​អាច​ស្ថិតនៅ​តាម​តំបន់​ព្រំដែន​រវាង​តួកគី និង​ស៊ីរី។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​អាច​ទទួល​ជនរងគ្រោះ​ស៊ីរី​រាប់ពាន់នាក់ បាន​រត់ភៀសខ្លួន ទៅក្នុងទឹកដី​តួកគី​ដើម្បី​គេចចេញ​ពី​អំពើហិង្សា​នៅ​ស៊ីរី។  ដែល​រហូត​មកដល់​ពេលនេះ​មាន​ប្រជាជន​ស៊ីរី​ជាង​១៤០០០​នាក់​ដែល​កំពុង​រត់ភៀសខ្លួន​នៅតួកគី។ ការដែលលោក​នាយករដ្ឋមន្រ្តី​តួកគី​លើកឡើង​ពី​គម្រោង​នេះ ក៏ព្រោះតែ​តួកគី​ធ្លាប់​មាន​វិបត្តិ​ដោយសារ​ទទួល​ជនភៀសខ្លួន ដ៏ច្រើន ក្នុង​សម័យ​សង្រ្គាម​អ៊ីរ៉ាក់។ កាលណោះ ក្នុង​សង្រ្គាម​ឈូង​សមុទ្រពែរ្ស ឆ្នាំ ១៩៩១ ប្រជាជន​អ៊ីរ៉ាក់ ជាង ៥សែន​នាក់​បាន​រត់ទៅ​ជ្រកកោន នៅ​តួកគី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ