តើធនាគាររបស់BRICSអាចប្រជែងយកអំណាចពីធនាគារពិភពលោកដែរឬទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៣
កាលពីថ្ងៃអង្គារទី ១៥កក្កដា ក្រុមប្រទេសBRICS គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចទើបរីកលូតលាស់លឿន បានរួមគ្នាបង្កើតស្ថាប័នហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយ ដែលគេមើលឃើញថា នឹងដើរតួជាគូប្រជែងនឹងស្ថាប័នហិរញ្ញវត្ថុពិភពលោកពីរ គឺធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (FMI)។ តើស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេសBRICS អាចដណ្តើមអំណាចពីស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយក្រុមប្រទេសលោកខាងលិចដែរឬទេ?
ដោយបង្កើតស្ថាប័នហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្រុមប្រទេសBRICSចង់បានតុល្យភាពអំណាចជាមួយប្រទេសលោកខាងលិច ជាពិសេស ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G ៧។ ធនាគារក្រុមប្រទេស BRICS នឹងមានទីតាំងក្នុងទីក្រុងសៀងហៃ ចំណែកប្រធានធនាគារដែលទើបនឹងមានជាលើកទីមួយនេះ គឺជាជនជាតិឥណ្ឌា។
ធនាគាររបស់ក្រុមប្រទេស BRICSនឹងមានទុនដំបូង ប្រមាណ៥០ពាន់លានដុល្លារ ដោយប្រទេសសមាជិកទាំង៥ចូលរួមវិភាគទានស្មើៗគ្នា។ ចំណែក ១០០ពាន់ដុល្លារផ្សេងទៀតត្រូវគេវិភាគទានសម្រាប់ធ្វើជាមូលនិធិរូបិយវត្ថុបំរុង។ ជារួម ធនាគាររបស់ក្រុមប្រទេស BRICSនឹងដើរតួនាទីស្រដៀងគ្នានឹងធនាគារពិភពលោក ឬមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយផ្តល់ទុនសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសសមាជិករបស់ BRICSផ្ទាល់ និងនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍផ្សេងទៀត។
នៅក្រោយចប់សង្រ្គាមលោកលើកទីពីរ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុត្រូវបានបង្កើតឡើងដើម្បីស្រោចស្រង់អឺរ៉ុប និងប្រទេសជប៉ុន ដែលរងគ្រោះខូចខាតខ្លាំង នៅក្នុងសង្រ្គាម។ នៅដំបូងទី ធនាគារពិភពលោកផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ទាបដល់ប្រទេសសមាជិកដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែនៅក្រោយការដួលរលំនយោបាយអាណានិគមនិយម ធនាគារពិភពលោកបានពង្រីកដែនរបស់ខ្លួន ដោយផ្តល់ប្រាក់កម្ចីទៅដល់ក្រុមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងនៅអាហ្វ្រិក។ ការងាររបស់ធនាគារពិភពលោកបានវិវត្តជាលំដាប់ ដោយបច្ចុប្បន្ននេះ ធនាគារពិភពលោកមិនត្រឹមដើរតួនាទីដើម្បីជួយកំណើនសេដ្ឋកិច្ចរបស់ប្រទេសសមាជិក ប៉ុន្តែ ចូលរួមនៅក្នុងការកាត់បន្ថយភាពក្រីក្រ អំពើពុករលួយ និងពង្រឹងវិស័យអប់រំ។
បើសិនជាធនាគារពិភពលោកបានដើរតួនាទីខាងលើរួចទៅហើយ តើធនាគាររបស់ក្រុមប្រទេស BRICSត្រូវបង្កើតឡើងធ្វើអ្វីទៀត? តាមលោកស្រីប្រធានាធិបតីប្រេស៊ីល ឌីលម៉ា រូសែហ្វ ក្រុមប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង) មានអំណាច ដើម្បីនាំយកសមភាព និងត្រឹមត្រូវដល់ពិភពលោក។ នៅក្នុងបរិបទបច្ចុប្បន្ន ដែលតម្រូវការទុនសម្រាប់អភិវឌ្ឍប្រទេសកើតមាននៅគ្រប់កន្លែង ការបង្កើតធនាគារថ្មីមួយ ដែលមានសក្តានុពលមិនចាញ់ធនាគារពិភពលោកគឺជារឿងល្អមួយ។
ប៉ុន្តែ មើលទៅ ស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមប្រទេស BRICSមិនត្រឹមចង់ដើរតួនាទីក្នុងវិស័យផ្គត់ផ្គង់ទុន កម្ចីតែប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមប្រទេស BRICS កំពុងចង់ប្រជែង ឥទ្ធិពល ចង់ ឬមិនចង់ ជាមួយធនាគារពិភពលោក។ អ្នកជំនាញរបស់ក្រុមប្រទេស BRICSឧស្សាហ៍ធ្លោយមាត់ថា បើសិនជាធនាគារពិភពលោក ឬមូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើការគ្រប់ជ្រុងជ្រោយនោះ គេមិនចាំបាច់បង្កើតធនាគារមួយបន្ថែមទៀតទេ។ គេនិយាយត្រូវម្យ៉ាង ដោយសារតែ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិតែងតែត្រូវគេរិះគន់ពីនយោបាយ គ្មានការចែករំលែក។
តាមអ្នកវិភាគខ្លះ ក្រុមប្រទេសទើបមានសេដ្ឋកិច្ចលូតលាស់ថ្មី BRICSបានបង្កើតធនាគារផ្ទាល់ខ្លួនមួយ ដោយសារតែគេខឹងនឹងសភាអាមេរិក ដែលគ្មានចេតនាដូរនយោបាយ ក្នុងរឿងតែងតាំងថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុពិភពលោកទាំងពីរ។ តាមទម្លាប់ ប្រធានធនាគារពិភពលោកជាជនជាតិអាមេរិក តែងតាំងដោយរដ្ឋាភិបាលអាមេរិក ចំណែកតំណែងប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានទៅមនុស្សមកពីសហភាពអឺរ៉ុប។ អាមេរិក និងសហភាពអឺរ៉ុបដែលជាមហាអំណាចចាស់ៗបានបែងចែកអំណាចតែរវាងគ្នា ដោយមិនបានគិតគូរចែករំលែកអំណាចដល់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចទើបរីកលូតលាស់ថ្មី ដូចជា ឥណ្ឌា រុស្ស៊ី ឬ ចិន ដែលតាមពិតទៅកំពុងដណ្តើមតំណែងមហាអំណាចសេដ្ឋកិច្ចពិភពលោកពីក្រុមប្រទេសនៅអឺរ៉ុប។
មួយវិញទៀត ដោយសារតែប្រធានធនាគារពិភពលោកជាជនជាតិអាមេរិក គេឃើញរដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ធនាគារពិភពលោកជាឈ្នាន់ ដើម្បីទាមទារឲ្យប្រទេសដែលចង់ខ្ចីទុនធ្វើតាមនយោបាយរបស់អាមេរិក។ កន្លងមក ប្រទេសកំពុងអភិវឌ្ឍ ឬក្រីក្រជាច្រើន ត្រូវគោរពលក្ខខណ្ឌ ដូចជាពង្រឹងលទ្ធិប្រជាធិបតេយ្យ កាត់បន្ថយអំពើពុករលួយ ដើម្បីអាចទទួលបានប្រាក់កម្ចីរបស់ធនាគារពិភពលោក។ ប៉ុន្តែ ម្តងម្កាល គេបានបន្ទោសធនាគារពិភពលោកថា មានលក្ខណៈលំអៀង និងលូកដៃចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេស កូនបំណុល។ ធនាគាររបស់ក្រុមប្រទេស BRICSនឹងធ្វើនយោបាយខុសប្លែកពីនេះ ពោលគឺដោយឈរលើសមភាព និងត្រឹមត្រូវ។ សមភាព និងត្រឹមត្រូវ អាចជាកញ្ចក់ឆ្លុះបញ្ចាំងពីការមិនលូកដៃចូលរបស់ក្រុមប្រទេស BRICS ទៅក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសដទៃ។ នៅក្នុងសំណុំរឿងអន្តរជាតិ ចិន រុស្ស៊ី ឬឥណ្ឌា តែងតែ បោះឆ្នោតអនុប្បវាទ មិនបង្ហាញយោបល់គាំទ្រ ឬប្រឆាំង អ្វីទាំងអស់ ពោលគឺគេចង់សំងំយកតែសុខរៀងៗខ្លួន ដើម្បីជៀសវាងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច។ ក្រុមប្រទេស BRICSនឹងពង្រីកឥទ្ធិពល និងអំណាចតាមរយៈការបង្កើតធនាគារផ្ទាល់ខ្លួនរបស់គេ។ ប៉ុន្តែ គេបារម្ភផងដែរថា ក្រុមប្រទេស BRICSនឹងយកចិត្តទុកដាក់តែទៅលើផលប្រយោជន៍សេដ្ឋកិច្ច ហើយផ្ទុយទៅវិញ ខ្ជីខ្ជា មិនរវល់អើពើពីបញ្ហារំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសដែលចង់ខ្ចីទុនពីធនាគារ។
តាមលោកស្រី ប្រធានាធិបតីប្រេស៊ីល ធនាគាររបស់ក្រុមប្រទេស BRICSនឹងមិនប្រកួតប្រជែង ប៉ុន្តែ នឹងធ្វើការសហការជាមួយធនាគារពិភពលោក ឬមូលនិធិរូបិយវត្ថុអន្តរជាតិ។
ក្នុងស្ថានភាពបច្ចុប្បន្ននេះ និងមើលទៅលើទុនដែលមានត្រឹម៥០ពាន់លានដុល្លារ ធនាគាររបស់ក្រុមប្រទេស BRICSនៅមិនទាន់អាចប្រកួតប្រជែង ដណ្តើមតួនាទីរបស់ធនាគារពិភពលោកបានទេ។
ក្នុងរយៈពេល៧០ឆ្នាំមកនេះ សមាជិកជាង១៨០ប្រទេសរបស់ធនាគារពិភពលោកបានវិភាគទានជារៀងរាល់ឆ្នាំរហូតធ្វើឲ្យធនាគារនេះមានទុនប្រមាណ៥០០ពាន់លានដុល្លារ។ ស្ថាប័នហិរញ្ញវត្ថុពិភពលោកទាំងពីរមានបទពិសោធន៍ចាស់ខ្លឹម ដែលធនាគារថ្មីថ្មោងដូចជារបស់ក្រុមប្រទេស BRICSត្រូវការពេលវេលាយូរទៅទៀត ដើម្បីអាចប្រកួតប្រជែងស្មើភាព។ តាមអ្នកវិភាគ ធនាគារ BRICSអាចទទួលវិភាគទាន និងទុនវិនិយោគប្រមាណ ៣៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីប្រទេសសមាជិក និងពីអ្នកជំនួញឯកជន។ ដូច្នេះ ធនាគារ BRICSត្រូវការពេលប្រមាណ ២០ឆ្នាំទៅមុខទៀត ដើម្បីមានទុនប្រហាក់ប្រហែលនឹងធនាគារពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ