អារ៉ាប៊ីសាអូឌីតកាត់បន្ថយការផលិតប្រេង១លានបារីលបន្ថែមទៀតក្នុងមួយថ្ងៃ គិតចាប់ពីខែកក្កដា
នៅក្រោយប្រជុំពិភាក្សាអស់រយៈពេល ៧ម៉ោង នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យ ក្រុមប្រទេសផលិត និងនាំចេញប្រេង OPEP+ ដែលមានសមាជិក២៣ប្រទេសបានសម្រេចបន្តកាត់បន្ថយបរិមាណផលិតប្រេង រហូតដល់ចុងឆ្នាំ ២០២៤។ ចំណែកអារ៉ាប៊ី សាអូឌីត មហាសេដ្ឋីប្រេងធំជាងគេនៅក្នុងអង្គការ OPEP+ បានប្រកាសស្ម័គ្រចិត្ត កាត់បន្ថយតែម្នាក់ឯង បរិមាណផលិតប្រេង ប្រមាណ១លានបារីលបន្ថែមទៀត នៅក្នុងមួយថ្ងៃ គិតចាប់តាំងពីខែ កក្កដាឆ្នាំនេះ។ ការកាត់បន្ថយការផលិតប្រេង ជាគំនិតចង់បានរបស់អារ៉ាប៊ី សាអូឌីត ក្នុងគោលបំណងជំរុញតម្លៃប្រេងឲ្យឡើងថ្លៃ ឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្រោយការចរចាពេញមួយថ្ងៃ ក្រុមប្រទេសនាំចេញប្រេង OPEP និងប្រទេសដៃគូដែលដឹកនាំដោយរុស្ស៊ី នៅទីបំផុត បានយល់ព្រមព្រៀងគ្នា ដើម្បីកាត់បន្ថយបរិមាណផលិតប្រេងជាទូទៅ នៅក្នុងក្តីសង្ឃឹមទាញតម្លៃប្រេងនៅទីផ្សារអន្តរជាតិ។
ការប្រកាសរបស់ OPEP+លុបបំបាត់ទាំងស្រុងការលើកឡើងស្តីពីការខ្វែងគំនិតគ្នា រវាងប្រទេសសមាជិក ព្រោះថា រុស្ស៊ីធ្លាប់ប្រឆាំងមិនចង់ឲ្យមានការកាត់បន្ថយបរិមាណផលិតប្រេងថែមទៀត។ ប៉ុន្តែ ទៅតាមកិច្ចព្រមព្រៀង កាលពីថ្ងៃអាទិត្យ គ្រប់គ្នាទាំងអារ៉ាប៊ី សាអូឌីត រុស្ស៊ីនិងនីហ្សេរីយ៉ា អង់ហ្គោឡាយល់ព្រមកាត់បន្ថយការផលិតប្រេង លើកលែងតែអេមីរ៉ាត អារ៉ាប់រួមដែលបានទទួលសិទ្ធិបន្ថែមបរិមាណផលិត។
ជារួម ក្រុមប្រទេសផលិត និងនាំចេញប្រេង OPEP+ដែលនាំមុខដោយអារ៉ាប៊ី សាអូឌីត និងរុស្ស៊ី នឹងបន្តផែនការកាត់បន្ថយការផលិតប្រេងសព្វថ្ងៃ រហូតដល់ចុងឆ្នាំ ២០២៤។ ដោយសារតម្លៃប្រេងឆៅធ្លាក់ថ្លៃខ្លាំងនៅទីផ្សារអន្តរជាតិ OPEP+ធ្លាប់បានប្រកាសនៅខែតុលាឆ្នាំមុន កាត់បន្ថយការផលិតប្រេង២លានបារីលក្នុងមួយថ្ងៃ។ នៅខែ មេសាកន្លងទៅ អង្គការប្រទេសនាំចេញប្រេងមួយនេះបានធ្វើឲ្យគេភ្ញាក់ផ្អើល ដោយប្រកាសកាត់បន្ថយបរិមាណផលិតប្រេង ប្រមាណ ១លាន៦សែនបារីលបន្ថែមទៀត គិតចាប់តាំងពីខែឧសភា រហូតដល់ចុងឆ្នាំ ២០២៣ ដែលជាហេតុធ្វើឲ្យការកាត់បន្ថយការផលិតប្រេង របស់ OPEP+ នាពេលសព្វថ្ងៃនេះ មានចំនួនសរុប ៣លាន៦សែនបារីល ក្នុងមួយថ្ងៃ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារReuters នៅក្នុងកិច្ចព្រមព្រៀង កាលពីថ្ងៃអាទិត្យ OPEP+នឹងកាត់បន្ថយការផលិតប្រេងចំនួន ១លាន ៤សែនបារីលបន្ថែមទៀត ក្នុងមួយថ្ងៃ ចាប់ពីដើមឆ្នាំ ២០២៤។ ចំណែកអារ៉ាប៊ីសាអូឌីត បានប្រកាសកាត់បន្ថយការផលិតប្រេងតែម្នាក់ឯង ចំនួន ១លានបារីល ក្នុងមួយថ្ងៃ គិតចាប់ពីខែកក្កដា ក្នុងរយៈពេល១ខែ។ នៅក្នុងសន្និសីទកាសែត នៅក្រោយកិច្ចប្រជុំ នៅទីក្រុងវីយ៉ែន រដ្ឋមន្រ្តីថាមពលអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់Abdulaziz bin Salman Al-Saud ប្រកាសថា អារ៉ាប៊ី សាអូឌីត នឹងអាចបន្តកាត់បន្ថយការផលិតប្រេង លើសពីខែកក្កដា។ ការណ៍នេះនឹងធ្វើឲ្យបរិមាណផលិតប្រេងរបស់អារ៉ាប៊ី សាអូឌីត ធ្លាក់ចុះ ពី ១០លានបារីល ក្នុងមួយថ្ងៃ កាលពីខែ ឧសភា មកនៅ៩លានបារីលក្នុងមួយថ្ងៃ នៅខែ កក្កដា។ សម្រាប់អ្នកជំនាញផ្ទុយពីប្រទេសរុស្ស៊ីដែលមិនចង់បន្តកាត់បន្ថយការផលិតប្រេង អារ៉ាប៊ី សាអូឌីតប្តេជ្ញាចិត្ត កាត់បន្ថយបរិមាណផលិតប្រេង ដើម្បីទាញតម្លៃប្រេង ដែលបានធ្លាក់ចុះ នៅត្រឹម ៧៦ដុល្លារ ក្នុងមួយបារីល កាលពីថ្ងៃសុក្រ។ មូលនិធិរូបិយវត្ថុអន្តរជាតិវាយតម្លៃថា ដើម្បីបានប្រាក់ចំណូលច្រើនពីការលក់ប្រេង សម្រាប់យកទៅ វិនិយោគលើគម្រោងសាងសង់អភិវឌ្ឍក្រុងទំនើប នៅកណ្តាលវាលខ្សាច់ អារ៉ាប៊ី សាអូឌីតត្រូវការចង់បានតម្លៃប្រេងឡើងថ្លៃជាង ៨០ដុល្លារក្នុងមួយបារីល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ