អានតួអត្ថបទ

ជម្លោះប្រដាប់អាវុធនៅស៊ូដង់៖ ជនសង្ស័យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នាំគ្នា​ហែកគុករត់

នៅស៊ូដង់ ជម្លោះប្រដាប់អាវុធ​ដើម្បីអំណាច​រវាង​មេទ័ពធំទាំងពីរ​បាន​បន្ត​ឈានចូលដល់ថ្ងៃទី ១៤ គិត​ត្រឹម​ថ្ងៃសុក្រទី ២៨ មេសា។ នៅថ្ងៃព្រហស្បតិ៍ នៅប៉ុន្មានម៉ោង​មុន បទឈប់បាញ់​ត្រូវ​ចប់សុពលភាព មេដឹកនាំកងទ័ពជាតិ​បានប្រកាស​បញ្ជូន​អ្នកតំណាង​ទៅប្រទេស​ស៊ូដង់ខាងត្បូង​ដើម្បី​ចរចា ពន្យារបទឈប់បាញ់។ ទោះមានការប្រកាស​បទឈប់បាញ់​ដែល​ស្នើឡើង​ដោយ​អាមេរិក ប៉ុន្តែ ការប្រយុទ្ធគ្នា នៅតែបន្តមាន នៅរដ្ឋធានី​ខាទុំ។ នៅទីក្រុង​ដាហ្វួរភាគខាងលិចប្រទេស ជនសង្ស័យ​ក្នុងសំណុំរឿងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជាច្រើននាក់ បាន​ឆ្លៀត​ប្រទេស​កំពុង​ចលាចល ដើម្បី​ហែកគុករត់។ អង្គការ​សុខភាពពិភពលោក​វិញ​ព្រួយបារម្ភ​ពី​ការលេចធ្លាយ​មេរោគ បន្ទាប់ពី​មន្ទីរពិសោធន៍ជាតិស៊ូដង់​ដែលមានទុកដាក់​សំណាក​មេរោគរបេង មេរោគកញ្ជ្រឹល និង​មេរោគជំងឺអាសន្នរោគជាដើម បាន​ធ្លាក់​ក្នុង​ដៃកាន់កាប់​របស់​ក្រុមប្រដាប់អាវុធ។

ឡានទាហានដែល​ត្រូវ​បំផ្លាញនៅ​ភាគខាងត្បូង​ក្រុង​ខាទុំ
ឡានទាហានដែល​ត្រូវ​បំផ្លាញនៅ​ភាគខាងត្បូង​ក្រុង​ខាទុំ AP - Marwan Ali
ផ្សាយពាណិជ្ជកម្ម

សុខភាព​ពិភពលោក សំដែងក្តីបារម្ភ​ពីការបែកសាយភាយ​មេរោគ​នៅប្រទេស​ស៊ូដង់ បន្ទាប់ពី មន្ទីរពិសោធន៍​ជាតិ​ធ្លាក់ក្រោមការគ្រប់គ្រង​របស់​ក្រុម​ប្រដាប់អាវុធ។ នៅក្នុង​សន្និសីទកាសែត នៅទីក្រុង​ហ្សឺណែវ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​មិន​បាន​បញ្ជាក់​ឈ្មោះក្រុមទាហាន​ដែល​ចូលកាន់កាប់​មន្ទីរពិសោធន៍ ប៉ុន្តែ​ព្រមាន​ថា មានសំណាក​មេរោគ​ជាច្រើន ដែលជា​មេរោគ​ឆ្លងរាតត្បាត​ខ្លាំង ដូចជា​មេរោគកូវីដ មេរោគរបេង និង​មេរោគជំងឺអាសន្នរោគ ដែលកំពុងរក្សាទុក​ក្នុងមន្ទីរពិសោធន៍​នៅទីក្រុង​ខាទុំ។

មន្ទីរពិសោធន៍​រក្សាទុក​មេរោគ​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមប្រដាប់អាវុធ អាចបង្ក​បញ្ហាសុខភាព ដោយសារ​អាច​មាន​ការបែក​លេចខ្ចាយ​មេរោគ​អាច​រឿងមួយ។ ប៉ុន្តែ ស៊ូដង់​កំពុង​ជួបបញ្ហាសុខភាព នៅចំពោះមុខ ព្រោះថា ប្រជាជនស៊ូដង់​កំពុងខ្វះទឹក អត់​អាហារ និងរងរបួស ដោយសារយន្តហោះទម្លាក់គ្រាប់ និង​ការប្រយុទ្ធគ្នា​រវាង​កងទ័ពជាតិ និង​កម្លាំងអាវុធហត្ថ​ប្រតិបត្តិការរហ័ស។ តាម​ក្រសួងសុខាភិបាល​ស៊ូដង់ មានមនុស្ស​យ៉ាងតិច ៥១២នាក់ ស្លាប់​នៅក្នុង​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទាហាន​ទាំងពីរ​ក្រុម ចំណែកមនុស្ស​ជាង ៤ពាន់នាក់​រងរបួស។

ស្ថានភាព​នៅទីក្រុង​ខាទុំ​កាន់តែធ្លាក់អាក្រក់។ ផ្ទះសម្បែង និង​មន្ទីរពេទ្យ​ចំនួន១៤​ត្រូវ​បំផ្លាញ​ដោយ​យន្តហោះ​ទម្លាក់គ្រាប់បែករបស់​កងទ័ពរដ្ឋាភិបាល។ ចំណែក អ្នកជំងឺនៅ​មន្ទីរពេទ្យ​ចំនួន​១៩ផ្សេងទៀត ត្រូវ​គេជម្លៀស ដើម្បីគេច​ចេញពី​ការប្រយុទ្ធគ្នារវាង​កងទ័ព និង​ក្រុមអាវុធហត្ថ។

ឆ្លៀតពេល​ដែល​ប្រទេស​កំពុង​ជួប​ចលាចល វឹកវ ដោយសារ​ការប្រយុទ្ធ​ដណ្តើមអំណាច​គ្នា​រវាង​ភាគីកងទ័ពជាតិ និង​ក្រុមអាវុធហត្ថ អ្នកទោស​ជាច្រើនរយនាក់បាននាំគ្នា​ហែកគុករត់ ដែលនៅក្នុងនោះ មានផងដែរ ជនសង្ស័យ​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កំពុង​តាមរក​ចាប់ខ្លួន នៅក្នុង​រឿង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅទីក្រុង​ដាហ្វួរ កាលពី​ឆ្នាំ ២០០៣។ ឆ្លើយតប​នឹង​ក្តីបារម្ភ​របស់​អ្នកតំណាងអង្គការ​សហប្រជាជាតិ នៅប្រទេស​ស៊ូដង់ កងទ័ពជាតិ​ស៊ូដង់​បញ្ជាក់​កាលពីថ្ងៃពុធថា អតីត​មេដឹកនាំ​របបផ្តាច់ការ​ស៊ូដង់ លោក​អូម៉ា អែល បាឆៀរ​ដែលតុលាការព្រហ្មទណ្ឌកម្ម​អន្តរជាតិ​ចង់ចាប់ខ្លួន​នៅក្នុង​បទចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅ​ដាហ្វួរ ត្រូវ​គេ​ដឹក​ចេញ​ពីពន្ធនាគារ ទៅព្យាបាល​នៅមន្ទីរពេទ្យយោធា តាំងពីមុន​ផ្ទុះអាវុធ នៅស៊ូដង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ