លីប៊ី៖ រដ្ឋាភិបាលក្រុងទ្រីប៉ូលី បដិសេធមិនចូលរួមការប្រជុំរកផ្លូវចរចា ដឹកនាំដោយសម្ព័ន្ធអារ៉ាប់
វិបត្តិនៅលីប៊ី ភាគីម្ខាងៗ កំពុងតែស្វែងរកច្រកផ្លូវចរចា ឈានទៅទំលាក់អាវុធ តែយ៉ាងណាម្នាក់ៗសុទ្ធតែមានលក្ខខណ្ឌអាទិភាពរៀងៗខ្លួន។ យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ទី២០មិថុនា ក្រុមរដ្ឋាភិបាលក្រុងទ្រីប៉ូលី (GNA) ដែលគ្រប់គ្រងភាគខាងលិច បានបដិសេធមិនចូលរួមការប្រជុំតាមប្រព័ន្ធវីស្យូខុនហ្វឺរិន ក្នុងក្របខណ្ឌប្រទេសសម្ព័ន្ធអារ៉ាប់ទេ។ តួកគី ដែលគាំទ្ររដ្ឋាភិបាល ក្រុងទ្រីប៉ូលី បានអះអាងថា នឹងចរចាទំលាក់អាវុធល្គឹកណា ក្រុមកម្លាំងភាគខាងកើត ដឹកនាំដោយលោកមេបញ្ជាការហាហ្វតា ព្រមដកថយ ទៅកាន់ចំណុចឈរជើង កាលពីឆ្នាំ២០១៥។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២១
ដោយមានសំណើរពីអេហ្ស៊ីប សម្ព័ន្ធអារ៉ាប់បានកោះប្រជុំបន្ទាន់មួយ រវាងរដ្ឋមន្ត្រីការបរទេស ដើម្បីស្វែងរកដំណោះស្រាយក្នុងសង្រ្គាមដណ្តើមអំណាចនៅលីប៊ី។ តែការកោះប្រជុំនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលលីប៊ីក្រុងទ្រីប៉ូលី បដិសេធតាមទំព័រហ្វេសប៊ុក ដោយលើកហេតុផលថា ភាគីខ្លួន មិនត្រូវបានគេពិគ្រោះយោបល់ជាមុនទេ ហើយមួយវិញទៀត សំណុំរឿងនេះ មានភាពស្មុគស្មាញខ្លាំងណាស់ ដែលត្រូវជជែកគ្នាដោយផ្ទាល់ មិនអាចមកប្រជុំលេងៗ តាមប្រព័ន្ធវីស្យូខុនហ្វឺរិន បានទេ។
តំណាងរដ្ឋាភិបាលក្រុងទ្រីប៉ូលី បានលើកឡើងថា តាមការពិត កិច្ចប្រជុំដែលអេស្ស៊ីបជាអ្នកស្នើនេះ គឺគ្រាន់តែជាចេតនា ទុលពេលឲ្យក្រុមរបស់មេបញ្ជាការ ហាហ្វតា ដែលគ្រប់គ្រងភាគខាងកើត អាចសម្រាក និងប្រមូលកម្លាំងមកវិញតែប៉ុណ្ណោះ ព្រោះប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមនេះ បានចាញ់ និងដកថយជាច្រើនសមរភូមិ។
គួរកត់សំគាល់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កងទ័ពរដ្ឋាភិបាលក្រុងទ្រីប៉ូលី ដោយមានជំនួយពីកងទ័ពតួកគី បានសម្រុកវាយដណ្តើមបានជាបន្តបន្ទាប់ នូវដែនដីមួយផ្នែកមកវិញ នៅភាគពាយ័ព្យ។ ជាមួយនឹងជ័យជំនះនេះ ក្រុមរដ្ឋាភិបាលបង្រួមបង្រួមជាតិក្រុងទ្រីប៉ូលី ដែលសហគមអន្តរជាតិទទួលស្គាល់នេះ បានដំឡើងសំឡេងដាក់លក្ខខណ្ឌជាច្រើន ដើម្បីចរចាទំលាក់អាវុធ។
នៅថ្ងៃសៅរ៍ទី២០មិថុនា រដ្ឋមន្ត្រីការបរទេសតួកគី បានលើកឡើងថា តួកគីនិងក្រុមរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីព្រមចរចា ល្គឹកណាក្រុមលោកមេបញ្ជាការហាហ្វតា ដែលមានអេហ្ស៊ីប រុស្ស៊ី និងអេមៀរ៉ាត់អារ៉ាប់រួមនៅពីក្រោយនោះ ព្រមដកថាចេញពីទីក្រុង Sytre និងក្រុង al-Joufra។ លក្ខខណ្ឌរបស់តួកគី គឺភាគីទាំងអស់ ត្រូវដកថយទៅកាន់ចំណុចកាន់កាប់ នៅឆ្នាំ២០១៥ ក្នុងពេលចុះកិច្ចព្រមព្រៀងនៅម៉ារ៉ុក។ រដ្ឋមន្ត្រីការបរទេសតួកគី បានឆ្លៀតនិយាយថា តួកគីនៅខាងរដ្ឋាភិបាលស្របច្បាប់ មិនដូចប្រទេសខ្លះ មានបារាំង អេហ្ស៊ីប និងអេមៀរ៉ាត់អារ៉ាបរួម ដែលគាំទ្រក្រុមលោកបញ្ជាការហាហ្វតា ដែលគ្រាន់តែជាក្រុមស៊ីឈ្នួលធ្វើសង្រ្គាមតែប៉ុណ្ណោះ។
ដោយឡែក នៅថ្ងៃសៅរ៍ទី២០មិថុនា លោក Fayez al-Sarraj ប្រមុខរដ្ឋាភិបាលក្រុងទ្រីប៉ូលី បានទៅទីក្រុងអាលហ្សេ ជួបជាមួយប្រធានាធិតបីអាល់ហ្សេរី និយាយគ្នាអំពីការរៀបចំឲ្យអាល់ហ្សេរី ធ្វើជាអាជ្ញាកណ្តាល ដើម្បីចរចាសន្តិភាពរវាគូបដិបក្សលីប៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ