អានតួអត្ថបទ
សេរីភាពភាព-ប្រជាធិបតេយ្យ

របាយការណ៍​អង្គការ Freedom House៖ សិទ្ធិសេរីភាព​ក្នុងពិភពលោក បាន​ធ្លាក់ចុះ​ខ្លាំង ក្នុង​ឆ្នាំ​២០២៣

សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក បានធ្លាក់ចុះជាខ្លាំង នៅក្នុងឆ្នាំ​២០២៣។ នេះបើផ្អែកតាម​ការ​វាយ​តម្លៃ របស់​អង្គការ Freedom House នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំរបស់ខ្លួន​​។ ជារួម ក្នុង​រយៈពេល​១៨ឆ្នាំជាប់គ្នាមកនេះ ​សិទ្ធិសេរីភាពនយោបាយ និង​សិទ្ធិសង្គម បាន​ធ្លាក់ចុះជានិច្ច នៅទូទាំងពិភព​លោក​។ មានពិន្ទុ ២៣លើ​១០០ កម្ពុជាត្រូវបាន​អង្គការ Freedom House ចាត់ទុកថាជាប្រទេសគ្មានការគោរព​សិទ្ធិសេរីភាពនយោបាយ និង​សិទ្ធិពលរដ្ឋ។​

ផែនទី​ប្រទេស​ទូទាំងពិភពលោក ដែលចែកជា​៣​ពណ៌​​៖ ពណ៌បៃតង "ប្រទេសមានសេរីភាព" ពណ៌លឿង "ប្រទេស​មានសេរីភាពពាក់កណ្តាល" ពណ៌ស្វាយ "ប្រទេសគ្មានសេរីភាព"។ រូបថត​ស្រង់ចេញពី​វែបសាយត៍ របស់អង្គការ Freedom House ថ្ងៃទី ២៩ កុម្ភៈ ២០២៤
ផែនទី​ប្រទេស​ទូទាំងពិភពលោក ដែលចែកជា​៣​ពណ៌​​៖ ពណ៌បៃតង "ប្រទេសមានសេរីភាព" ពណ៌លឿង "ប្រទេស​មានសេរីភាពពាក់កណ្តាល" ពណ៌ស្វាយ "ប្រទេសគ្មានសេរីភាព"។ រូបថត​ស្រង់ចេញពី​វែបសាយត៍ របស់អង្គការ Freedom House ថ្ងៃទី ២៩ កុម្ភៈ ២០២៤ © RFI
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាម​អង្គការ​​ Freedom House ដែលមានទីតាំងនៅក្រុងវ៉ាស៊ីនតោន គឺជារួម សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក​ បានធ្លាក់ចុះ ក្នុងឆ្នាំ​២០២៣។ ១៨ឆ្នាំជាប់ៗគ្នា ដែល​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​បានដើរថយ​ក្រោយ​។ របាយការណ៍​បាន​លើកឡើង ពីករណីធ្លាក់ចុះគួរឲ្យ​កត់សំគាល់ នៃសិទ្ធិសេរីភាពនៅតាម​ប្រទេស​ចំនួន​ ៥២ប្រទេស។ មានតែប្រទេសចំនួន​២១ប៉ុណ្ណោះ ដែល​បាន​ឈាន​ទៅ​មានភាពល្អប្រសើរ នៅក្នុងការគោរពសិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​។

លោកស្រី Yana Gorokhovskaia សហនិពន្ធ​នៃរបាយការណ៍​របស់ Freedom House បាន​លើកឡើងថា ការ ចុះអន់ថយ​ខ្លាំងនៃសិទ្ធិសេរីភាព គឺមានជាទូទៅសឹងពេញពិភពលោក។ មេដឹកនាំ​ ឬអ្នកកាន់អំណាចនៅប្រទេសជាច្រើន បាន​ប្រើគ្រប់វិធី ដើម្បី​បន្តកាន់អំណាច។ វិធីទាំងនោះ អាចមានជាការ​រារាំង ដាក់ឧបសគ្គ ឬកៀបសង្កត់​ទៅលើ​អ្នកប្រឆាំង អ្នករិះគន់ ទៅ​លើគូប្រជែងនយោបាយ ឬ​ការប្រើប្រាស់អំពើហិង្សាទៅលើសកម្មជននយោបាយ​ប្រឆាំង និង​ការបំពុល​បរិយាកាសបោះឆ្នោតជាដើម​ ។ល។

របាយការណ៍​បានលើកឧទាហរណ៍មួយចំនួន ដូចជានៅ​ប្រទេសតួកគី ហ្ស៊ីមបាវ៉ា និង​នៅប្រទេសកម្ពុជាជាដើម ដែល​មេដឹកនាំកាន់អំណាច បាន​ប្រើប្រាស់​វិធានការកៀបសង្កត់ ដើម្បីរារាំង​គូប្រជែងនយោបាយ មិន​ឲ្យធ្វើនយោបាយ​បានដោយ​សេរី ឬមិន​ឲ្យបក្សនយោបាយប្រឆាំង ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត​ជាដើម។​

ឧទាហរណ៍​ជាក់ស្តែងមួយទៀត គឺនៅប្រទេសអេក្វាទ័រ ដែល​បេក្ខជន​ប្រធានាធិបតី ឈ្មោះ Fernando  Villavicencio ត្រូវបាន​គេបាញ់សម្លាប់ ដោយ​សារតែលោក​បាន​ធ្វើការឃោសនាបោះឆ្នោត​ សន្យា​ប្រយុទ្ធប្រឆាំងនឹង​អំពើពុករលួយ។ បរិយាកាស​ដ៏ហិង្សា​នៃការ​បោះឆ្នោតនៅអេក្វាទ័រ បានធ្វើឲ្យ​អង្គការ​ Freedom House ទាញ​ទំលាក់​​ចំណាត់ថ្នាក់​ប្រទេសនេះ ពី​ “ប្រទេសមាន​សេរីភាព”​ មកត្រឹម “ប្រទេសមាន​សេរីភាព​​ពាក់កណ្តាល”។

ដោយឡែក ប្រទេសថៃវិញ គឺត្រូវបាន​របាយការណ៍ Freedom House ដំឡើងចំណាត់ថ្នាក់ ពី “ប្រទេស​គ្មានសេរីភាព មកជាប្រទេស​ “មានសេរីភាពពាក់កណ្តាល” ជាមួយនឹងពិន្ទុ ៣៦លើ១០០​ ដោយសារតែមានការបោះឆ្នោត​ដោយសេរី កាលពីខែ​ឧសភាឆ្នាំ​២០២៣ ហើយ​បានឈានទៅបិទបញ្ចប់របបយោធា។ តែយ៉ាងណាក៏ដោយ លោកស្រី Yana Gorokhovskaia បាន​លើកឡើងថា គេមិនទាន់អាចនិយាយបានថា សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅថៃ បាន​ល្អប្រសើរខ្លាំងនោះទេ ព្រោះថា លោក ភិថា លីមចៈរើនរ៉ាត់ ព្រមទាំងគណបក្ស​ Move Forward របស់លោក​ដែលបានឈ្នះ​ឆ្នោត ត្រូវបានក្រុមយោធានិងអភិរក្សនិយម រារាំងមិនឲ្យ​ចូលកាន់អំណាច​។

ក្នុងចំណោម​ប្រទេសដែល​បាន​រីកចម្រើន ​ផ្នែក​សិទ្ធិសេរីភាពនយោបាយនិង​សិទ្ធិ​ពលរដ្ឋ​ ប្រទេសហ្វ៊ីជី ​ជាអ្នកបាន​រីក​លូតលាស់ខ្លាំងជាងគេ ដោយ​បានឡើងពិន្ទុដល់ទៅ​៧ពិន្ទុ។ មានពិន្ទុសរុប ៦៦លើ​១០០ ហ្វ៊ីជី ជាប់ចំណាត់ថ្នាក់ជាប្រទេស​មានសេរីភាពពាក់កណ្តាល​។ យោងតាមរបាយការណ៍​​ អាជ្ញាធរកាន់អំណាចនៅហ្វ៊ីជី​ បានជម្រុះចោលនូវវិធានាការរារាំងនយោបាយ​ ព្រមទាំង​​បានកែប្រែច្បាប់ ដើម្បី​ជំរុញ​​​​ការ​ចូលរួម​បោះឆ្នោតរបស់ស្ត្រីថែមទៀតផង។

សូមបញ្ជាក់ថា កម្ពុជាត្រូវបាន​របាយការណ៍ អង្គការ Freedom House ចាត់ទុកជា “ប្រទេសគ្មានសេរីភាព” ជាមួយនឹងពិន្ទុ ២៣លើ​១០០។ ក្នុងចំណោម​ប្រទេសអាស៊ានទាំង​១០ គឺមាន​៥ ដែលបានពិន្ទុជាប់ជាប្រទេសមានសេរីភាពពាក់កណ្តាល​ គឺ ថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ក្រៅ​ពីនេះ​ គឺសុទ្ធតែជាប់ចំណាត់ថ្នាក់​ ជាប្រទេសគ្មានសិទ្ធិសេរីភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ