អានតួអត្ថបទ
កីឡា-ភូមិសាស្ត្រនយោបាយ

ការប្រកួតកីឡាអូឡាំពិក ម៉ិកស៊ិក ១៩៦៨ ៖ រវាងការកៀបសង្កត់ និង ការតស៊ូដើម្បីប្រជាធិបតេយ្យ

ការប្រកួតកីឡាអូឡាំពិក លើកទី១៩ ដែលប្រព្រឹត្តិធ្វើទៅនៅ ម៉ិកស៊ិក ពីថ្ងៃទី១២ដល់ថ្ងៃទី២៧ តុលា ឆ្នាំ១៩៦៨ គឺជាការប្រកួតលើកទី១ហើយ ដែលត្រូវបានប្រគល់ទៅឲ្យ « ប្រទេសកំពុងអភិវឌ្ឍន៍ » ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ថ្ងៃទី ១២តុលា១៩៦៨ អត្តពលិក ចំនួន ជាង ៥៥០០នាក់ មកពីបណ្តាប្រទេស ចំនួន ១១២ បានមកចូលរួមកម្មវិធីបើកសម្ពោធ។ ប៉ុន្តែ ស្របពេលជាមួយនឹងភាពរីករាយ ត្រេកត្រអាលនឹងកម្មវិធីកីឡាដ៏ធំនេះ ប្រទេសឯនោះវិញ គឺស្ថិតក្នុងបរិយាកាសនៃការកៀបសង្កត់ ព្រមទាំងការតស៊ូរើបំរះ។ ១០ថ្ងៃមុន ការបើកការប្រកួតកីឡាអូឡាំពិក រដ្ឋាភិបាលម៉ិកស៊ិក បានប្រើប្រាស់កម្លាំងកងទ័ព ដើម្បីវាយបង្ក្រាបយ៉ាងហិង្សា ទៅលើបាតុកម្មរបស់និស្សិត ។

កីឡាការិនី Enriquetta Basilio ស្ត្រី ទី១ក្នុង ប្រវត្តិសាស្ត្រ កីឡាអូឡាំពិកទំនើប ដែល អុជភ្លើងគុបអូឡាំពិក នៅកម្មវិធីបើកសម្ពោធការប្រកួត ថ្ងៃទី១២ តុលា ១៩៦៨ នៅទីក្រុងម៉ិកស៊ីកូ
កីឡាការិនី Enriquetta Basilio ស្ត្រី ទី១ក្នុង ប្រវត្តិសាស្ត្រ កីឡាអូឡាំពិកទំនើប ដែល អុជភ្លើងគុបអូឡាំពិក នៅកម្មវិធីបើកសម្ពោធការប្រកួត ថ្ងៃទី១២ តុលា ១៩៦៨ នៅទីក្រុងម៉ិកស៊ីកូ © AP
ផ្សាយពាណិជ្ជកម្ម

ប្រែសំរួល​ពី​អត្ថបទដើម របស់​ Braulio Moro អ្នកសារព័ត៌មាន វិទ្យុបារាំងអន្តរជាតិ RFI ជាភាសាអេស្ប៉ាញ

រវាងការទទួលស្គាល់ពីពិភពលោកនូវប្រជាជាតិម៉ិកស៊ិក និង ការទាមទារចង់បានលទ្ធិប្រជាធិបតេយ្យ

កាលពី៥ឆ្នាំមុន គឺនៅខែតុលាឆ្នាំ ១៩៦៣ បណ្តាញព័ត៌មានពិភពលោក បានប្រកាសថា រដ្ឋធានីរបស់ម៉ិកស៊ិក ត្រូវបានជ្រើសរើស ក្នុងចំណោមទីក្រុងទាំងអស់៤ (Detroit-សហរដ្ឋអាមេរិក Lyon-បារាំង និង Buenos Aires-អាហ្សង់ទីន) ឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាដ៏ធំបំផុតរបស់ពិភពលោក ។ កាលពីជំនាន់នោះ លោកប្រធានាធិបតីម៉ិកស៊ិក Adolfo López Mateos បានប្រកាសថា « គឺជាការទទួលស្គាល់ពីពិភពលោក មកលើប្រជាជនម៉ិកស៊ិក »។

រដ្ឋធានីរបស់ម៉ិកស៊ិក ដែលស្ថិតនៅកំពស់ប្រមាណ ២២៥០ម៉ែត្រ ធ្លាប់ជួបឧបសគ្គអស់រយៈពេល ២ទសវត្ស មិនអាចធ្វើឲ្យទីក្រុងនេះត្រូវគេសម្រេចជ្រើសរើស ព្រោះគេគិតថាវាអាចជះ ផលអវិជ្ជមាន ទៅលើ អត្តពលិក ។

មុនពេលចាប់ផ្តើមបើកសម្ពោធការប្រកួតនេះ ប្រទេសម៉ិកស៊ិកបានរងនូវពាក្យរិះគន់ជាច្រើន ពីបណ្តាប្រទេសផ្សេងៗទៀត ដោយសារតែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់កម្មវិធីនេះ បានជួបនូវការយឺតយ៉ាវជាខ្លាំង ។ តែយ៉ាងណាក៏ដោយ កម្មវិធីបើកសម្ពោធនៅថ្ងៃទី១២តុលា បានបង្ហាញនូវជោគជ័យ ជាទីមោទនៈ សម្រាប់រដ្ឋាភិបាលម៉ិកស៊ិក។

លោក Arturo Anguiano បណ្ឌិត សង្គមវិជ្ជា ដែលមានអាយុ២០ឆ្នាំ កាលពីឆ្នាំ១៩៦៨ នៅចាំមិនភ្លេច ថា « រដ្ឋាភិបាល បានចំណាយវិនិយោគយ៉ាងច្រើន ក្នុងរយៈពេល៣ឆ្នាំ ដើម្បីត្រៀមគ្រប់លក្ខខណ្ឌទាំងអស់នៃការប្រកួតកីឡានេះ ។ គេមានចេនាបង្ហាញ គំនិតថ្មី ដែលមិនធ្លាប់មាន ។ មួយផ្នែក គឺគេចង់ផ្តល់តម្លៃនិម្មិតរូបថា ការប្រកួតនេះជាការការប្រកួតតំណាងឲ្យសន្តិភាព ហើយមួយផ្នែកទៀត គឺគេចង់បញ្ចូលលក្ខណៈពិសេស របស់ម៉ិកស៊ិក។ ត្រង់ចំណុចនេះ បន្ថែមពីភាពជោគជ័យអស្ចារ្យផ្នែកកីឡា គឺគេចង់ ជំរុញចលនាវប្បធម៌ ដែលគេហៅថា ការប្រកួតកីឡាបែប វប្បធម៌ »។ លោកបណ្ឌិតសង្គមវិជ្ជា បន្តថា « ប្រទេសម៉ិកស៊ិកកាលជំនាន់នោះ ត្រូវបានលោក Mario Vargas Llosa ក្រោយមកហៅថាជា របបផ្តាច់ការដ៏ល្អឯក រីឯអ្នកនិពន្ធជាច្រើន តួយ៉ាងដូចជា លោក José Revueltas ដែលបានចូលរួម ក្នុងចលនារើបំរះ ហើយក្រោយ មកត្រូវគេចាប់ដាក់ឃុំនោះ បានចាត់ទុកថា ម៉ិកស៊ិកជំនាន់នោះជា របបផ្តាច់ការលាក់មុខ។

ប្រទេសនេះ បានស្គាល់សម័យកាលមួយ ដែលគេហៅថា « បដិហារ្យម៉ិកស៊ិក » ជាមួយនឹង អត្រាកំណើនសេដ្ឋកិច្ច លើសពី ៦%ក្នុងមួយឆ្នាំ និងមានកម្រិត អតិផរណាទាប ហើយ មានរូបិយបណ្ណជាតិ គឺប្រាក់ប៉េសូម៉ិកស៊ិក មាន ស្ថិរភាព ល្អ ។ ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង នៃគណបក្ស បដិវដ្តស្ថាប័ន (PRI) ចលនាតវ៉ាសង្គមត្រូវ បាន បង្ក្រាបឲ្យស្ងាត់ស្ងៀម ឬឲ្យដួលរាបទាំងស្រុង។

លោក Sergio Rodriguez អតីត និស្សិតថ្នាក់ត្រៀម នៅសកលវិទ្យាល័យ ជាតិស្វយ័តម៉ិកស៊ិក ហើយដែលធ្លាប់បានចូលរួមក្នុងចលនាតវ៉ាកាលជំនាន់នោះ បានលើកឡើងថា « ចលនានិស្សិត ឆ្នាំ១៩៦៨ បានរំលេចឡើង នូវធម្មភេទនយោបាយ នៅក្នុងប្រទេសនេះ ។ វាមិនមែន ជាចលនា ដែលបានកើតចេញ ពីក្តីអស់សង្ឃឹមនោះទេ។ ប្រទេសនេះមានកំណើនសេដ្ឋកិច្ចខ្ពស់ណាស់ កាលពីក្នុងអំឡុងពេលនោះ។ ពោលគឺ អាចនិយាយបានថា វាជាយុគមាស នៃសេដ្ឋកិច្ចរបស់ម៉ិកស៊ិក។ សកលវិទ្យាល័យ គឺជាទីកន្លែងនៃការផ្ចុងផ្តើម ដំណើរការឡើងជណ្តើរសង្គម។ ពោល គឺវាជាវិស័យមួយ ដែលងាយប្រឈមបញ្ហាណាស់ សម្រាប់ សង្គមជាតិទាំងមូល នៅពេលណាដែលក្រុមនិស្សិត ក្រោកបះបោរតវ៉ា។ អ្វីដែលគេបានសង្កេតឃើញ គឺការស្រេកឃ្លានចង់បាន នូវលិទ្ធិប្រជាធិបតេយ្យ ហើយពួកនិស្សិត ចង់ឲ្យគំនិតយល់ឃើញរបស់ពួកគេ ត្រូវគេ យកទៅពិចារណា។

នៅប្រមាណ៣ខែ មុនការចាប់ផ្តើមការប្រកួតកីឡាអូឡាំពិក គឺនៅរវាងខែកក្កដា ការប្រឈមមុខដាក់គ្នាមួយ រវាងក្រុមសិស្ស មកពីវិទ្យាល័យ២ ត្រូវបានបង្ក្រាប ដោយ Granaderos ដែលជាកងកម្លាំង នគរបាល បង្ក្រាបកុបកម្ម បង្កើតឡើងកាលពី ៣០ឆ្នាំមុន ។ ក្រុមនិស្សិតមកពីបណ្តាស្ថាប័ន ឧត្តមសិក្សាជាច្រើន ដូចជាសកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក(UNAM) និង វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា (IPN) បានជួបជុំគ្នាធ្វើបាតុកម្ម នៅថ្ងៃទី៣០កក្កដា ។ កម្លាំងទាហានបានសំរុក ចូលទៅក្នុងទីតាំងមួយរបស់ UNAM ដែលស្ថិតនៅកណ្តាលក្រុងម៉ិកស៊ីកូ ហើយបានប្រើកាំភ្លើងបេ Bazooka បាញ់កំទេចបំបើកទ្វារសាលា ។

 

ទាហានប៉ារ៉ាម៉ិកស៊ិក យកដងកាំភ្លើងវាយ ក្បាលបាតុករ នៅក្រុងម៉ិកស៊ីកូ ថ្ងៃទី ២៩កក្កដា១៩៦៨។
ទាហានប៉ារ៉ាម៉ិកស៊ិក យកដងកាំភ្លើងវាយ ក្បាលបាតុករ នៅក្រុងម៉ិកស៊ីកូ ថ្ងៃទី ២៩កក្កដា១៩៦៨។ © AO

គឺក្នុងអំឡុងពេល នោះហើយ ដែលចលនានិស្សិត បានចាប់ផ្តើមផ្ទុះរាលដាល នៅតាមគ្រប់សាលាទាំងអស់ ។ ការដើរដង្ហែរក្បួននៅថ្ងៃទី៣០ កក្កដា ដែលនាំមុខដោយ លោក Javier Barrios Sierra សកលវិទ្យាធិការ​នៃUNAM បានចាប់ផ្តើមបន្លឺសញ្ញាដល់ការបះបោររើបំរះ នៅគ្រប់សាលា​ទាំងអស់របស់ UNAM។

១៩៦៨ ឆ្នាំនៃវិបត្តិពិភពលោក

ចលនានិស្សិតម៉ិកស៊ិក ហាក់ប្រៀបបីដូចជាសំឡេង បន្ទរនៃបាតុកម្មតវ៉ា ដែលបានកើតឡើងនៅតាមប្រទេសផ្សេងៗទៀត តួយ៉ាងនៅបារាំង នៅអាល្លឺម៉ង់ នៅជប៉ុន នៅប្រេស៊ីល នៅសហរដ្ឋ អាមេរិក និងនៅអ៊ីតាលីជាដើម ។ ឆ្នាំ១៩៦៨ ជាឆ្នាំនៃការបើកប្រតិបត្តិការ « Têt » របស់កងទ័ពវៀតណាមខាងជើង ។ នៅក្នុងឆ្នាំដដែលនេះ ឥស្សរៈជនជាច្រើននាក់នៅសហរដ្ឋអាមេរិក ត្រូវបានគេធ្វើឃាត ជាក់ស្តែង លោក Martin Luther King និង លោក Rober Kennedy ខណៈចលនា  Black Panthers ដើម្បីការពារសិទ្ធិពលរដ្ឋ នៃប្រជាជនស្បែកខ្មៅ កាន់តែផុសផុលខ្លាំងឡើង។ ឆ្នាំ១៩៦៨ ក៏ជាឆ្នាំនៃការលើកទ័ពចូលឈ្លានពាន​ឆេកូស្លូវ៉ាគី ពីសំណាក់កងកម្លាំង នៃកាតិកាសញ្ញាវ៉ាសូវី ក្រោមនឹមអំណាចកុម្មនីស្តិម៉ូស្គូដែរ។ ចលនានិស្សិត កាន់តែរីកធំឡើងៗ ដោយផ្អែកលើមូលដ្ឋានកម្លាំងដឹកនាំ របស់​គណៈកម្មាធិការដើម្បីការតស៊ូ និង ក្រុមប្រឹក្សាជាតិបាតុកម្ម CNH។

១ខែមុនផ្ទុះចលនាបះបោរតវ៉ា អ្នករាយការណ៍ព័ត៌មានម្នាក់ របស់កាសែតបារាំង Le Monde  ឈ្មោះ Claude Kiejman បានធ្វើដំណើរទៅដល់ម៉ិកស៊ិក ហើយបានសង្កេតឃើញ នូវសកម្មភាពបង្ក្រាប ដែលអាជ្ញាធរ បានធ្វើទៅលើក្រុមនិស្សិត ។ « ខ្ញុំបានទៅដល់ នៅខែមិថុនា ហើយបន្តិចម្តងៗ ចលនារបស់និស្សិតកាន់តែរីកធំ ជាមួយនឹងការបង្ក្រាបដែល បានចាប់ផ្តើមយ៉ាងលឿនរហ័ស ព្រមទាំងបានឈានក្លាយកាន់តែហិង្សា ។ ខ្ញុំនៅចាំបាន អំពីបាតុកម្មខ្លះ ដែលមានការចូលរួម ពីមនុស្សម្នាគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺក្រុមមនុស្ស មកពីលំដាប់ជីវភាពមធ្យម និងក្រុមនិស្សិត។ » 

ថ្ងៃទី ១សីហា លោកសកលវិទ្យាធិការ  Javier Barrios Sierra បានដើរនាំមុខក្បួនបាតុកម្ម ដែលមាននិស្សិតប្រមាណ ៨ម៉ឺននាក់ ដើម្បីការពារឯករាជ្យភាព នៃសកលវិទ្យាល័យ និងដើម្បីបរិហារអំពីការបង្ក្រាប របស់រដ្ឋាភិបាល ។ លោកសកលវិទ្យាធិការ បានថ្លែងថា « បាតុកម្មនេះ វាមិនមែនធ្វើឡើងដើម្បី តែការពារ ឯករាជ្យភាព តែមួយមុខនោះទេ។ តែវាក៏ជាការ ដើរដង្ហែរក្បួន ដើម្បីទាមទារឲ្យដោះលែងឲ្យមានសេរីភាព ឡើងវិញ នូវនិស្សិតដែលត្រូវបានគេចាប់ខ្លួន។ ដោយគ្មានចេតនាណាមួយ បំផ្លើសស្ថានការណ៍ យើងអាចនិយាយបានថា បាតុកម្មនេះ មិនមែនផ្តោតតែទៅលើអនាគតនៃសកលវិទ្យាល័យ និងសាលាពហុបច្ចេកទេសនោះទេ តែគឺវាផ្តោតជារួម ទៅលើបុព្វហេតុធំសំខាន់ៗ ដែលមានតម្លៃបំផុត សម្រាប់ប្រជាជាតិម៉ិកស៊ិកទាំងមូល ។ 

រូបថត ៖ លោក Javier Barrios Sierra (កណ្តាល) សកលវិទ្យាធិការ UNAM ជាមួយនឹង ថ្នាក់ដឹកនាំនៃសកលវិទ្យាល័យ ព្រមទាំង និស្សិត ចាប់ផ្តើមដើរក្បួន នៅថ្ងៃព្រហស្បតិ៍ ទី ១ សីហា ១៩៦៨ នៅទីក្រុងម៉ិកស៊ីកូ។ ជាការដើរក្បួនចំងាយ ៥គីឡូម៉ែត្រ ដើម្បី ប្រឆាំងនឹង ការបំពាន មកលើ ឯករាជ្យភាព នៃសកលវិទ្យាល័យម៉ិកស៊ិក ពីសំណាក់ កម្លាំងកងទ័ព ។ គ្មានការប៉ះទង្គិចណាមួយកើតឡើងទេ នៅពេលនោះ។
រូបថត ៖ លោក Javier Barrios Sierra (កណ្តាល) សកលវិទ្យាធិការ UNAM ជាមួយនឹង ថ្នាក់ដឹកនាំនៃសកលវិទ្យាល័យ ព្រមទាំង និស្សិត ចាប់ផ្តើមដើរក្បួន នៅថ្ងៃព្រហស្បតិ៍ ទី ១ សីហា ១៩៦៨ នៅទីក្រុងម៉ិកស៊ីកូ។ ជាការដើរក្បួនចំងាយ ៥គីឡូម៉ែត្រ ដើម្បី ប្រឆាំងនឹង ការបំពាន មកលើ ឯករាជ្យភាព នៃសកលវិទ្យាល័យម៉ិកស៊ិក ពីសំណាក់ កម្លាំងកងទ័ព ។ គ្មានការប៉ះទង្គិចណាមួយកើតឡើងទេ នៅពេលនោះ។ AP - Anonymous

ថ្ងៃទី ១កញ្ញា ពោលគឺ១ខែមុនកីឡាអូឡាំពិក ក្នុងឱកាសសុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាពស្រុកទេស លោក ប្រធានាធិបតី Gustavo Díaz Ordaz បានថ្លែងថា « យើងបានទ្រាំ អត់ធ្មត់ណាស់ ហើយយើងថែមទាំងបាន រិះគន់ការធ្វើជ្រុលជ្រួសថែមទៀត។ ក៏ប៉ុន្តែ អ្វីក៏ដោយវាមានដែនកំណត់របស់វា ហើយយើង មិនអាចអនុញ្ញាត ឲ្យសណ្តាប់ធ្នាប់សង្គមជាតិ ត្រូវបន្តធ្លាក់បាក់បែកបានតទៅទៀតទេ។ វាជាអ្វីដែល ដែលបានកើតឡើង »។

« សម្រាប់ រដ្ឋាភិបាលម៉ិលស៊ិក វាគឺជារឿងមិនអាចធ្វើទៅបានទេ បើទុកឲ្យចលនាបាតុកម្ម របស់ពួកនិស្សិត កាន់តែផ្ទុះឆេះរាលដាល » ។ នេះបើផ្អែកតាមការ លើកឡើង របស់ លោក Thierry Terret ប្រវត្តិវិទូជំនាញ កីឡាអូឡាំពិក។ « សង្គ្រាម ត្រជាក់ បន្តជះឥទ្ធិពលមកលើការប្រកួត ហើយ ជាលើកទី១ ដែលអាល្លឺម៉ង់ត្រូវបាន តំណាងដោយ គណៈប្រតិភូកីឡា២ផ្សេងគ្នា ។ តែអ្វីដែលជាការកត់សំគាល់នោះ គឺបញ្ហារើសអើង​ ពណ៌សំបុរជាតិសាសន៍ ដែលបានដាក់កំហិតមកលើទាំងអស់គ្នា» ។ 

ការពន្យល់របស់​លោកប្រវត្តិវិទូ Thierry Terret  ស្តី​ពីការប្រកួតកីឡាអូឡាំពិក នៅម៉ិកស៊ិក ឆ្នាំ១៩៦៨
ការពន្យល់របស់​លោកប្រវត្តិវិទូ Thierry Terret  ស្តី​ពីការប្រកួតកីឡាអូឡាំពិក នៅម៉ិកស៊ិក ឆ្នាំ១៩៦៨
ការពន្យល់របស់​លោកប្រវត្តិវិទូ Thierry Terret  ស្តី​ពីការប្រកួតកីឡាអូឡាំពិក នៅម៉ិកស៊ិក ឆ្នាំ១៩៦៨ © RFI

ថ្ងៃទី២កញ្ញា ក្នុងឱកាសន្និសីទកាសែត CNH បានឆ្លើយទៅកាន់ ប្រធានាធិបតីថា « គ្រប់កថាខណ្ឌទាំងអស់ ដែលលោកប្រធានាធិបតីបានសំដៅ ទាំងដោយផ្ទាល់និងដោយប្រយោល ដែលអះអាងថា កម្មវត្ថុរបស់ ចលនានិស្សិត គឺដើម្បីតែរំខានរ៉ៅឆាន ដល់កម្មវិធីប្រកួតកីឡាអូឡាំពិកនោះ គឺ CNHសូមពន្យល់ទៅវិញ ឲ្យគាត់យល់ថា សំដីប្រកាសអះអាងថាអ្វីៗគ្រប់យ៉ាង វាល្អវារលូន ហើយពួកបង្កបញ្ហា សុទ្ធតែជាពួកដែលចេះតែរករឿងរំខាននោះ គឺជាសំដីចាស់គំរិល ហួសសម័យហើយ ។ ចលនាតវ៉ា ដែលផ្តើមឡើងដំបូងដោយក្រុមនិស្សិត ហើយឈានក្លាយជាចលនាមហាជនទូទៅនោះ បានចាប់ផ្តើមនៅថ្ងៃទី២៣កក្កដា ដោយមានកម្មវត្ថុនិងបុព្វហេតុច្បាស់លាស់ ដែលគ្មានអ្វីពាក់ព័ន្ធសូម្បីប៉ុនសសៃសក់ ទៅនឹងកម្មវិធីប្រកួតកីឡាអូឡាំពិក  » ។ ក្នុងក្រសែភ្នែក​របស់រដ្ឋាភិបាល គឺ​ភាពក្លាហាន ហ៊ានតវ៉ាពីសំណាក់មហាជននេះ វាគឺជារឿងដែលមិនអាចទទួលយកបាន។

 

ទាហានពួនក្រោយរថយន្តកាមីញ៉ុង លើក កាំភ្លើងត្រៀម បាញ់បំបែក ក្រុមបាតុករ នៅថ្ងៃបង្រ្កាប បង្ហូរឈាម និស្សិត ថ្ងៃទី ២តុលា ១៩៦៨ នៅ សង្កាត់ Tlatelolco ១០ថ្ងៃមុន បើកសម្ពោធការប្រកួតកីឡាអូឡាំពិក ។
ទាហានពួនក្រោយរថយន្តកាមីញ៉ុង លើក កាំភ្លើងត្រៀម បាញ់បំបែក ក្រុមបាតុករ នៅថ្ងៃបង្រ្កាប បង្ហូរឈាម និស្សិត ថ្ងៃទី ២តុលា ១៩៦៨ នៅ សង្កាត់ Tlatelolco ១០ថ្ងៃមុន បើកសម្ពោធការប្រកួតកីឡាអូឡាំពិក ។ © AP

លោក Arthur Anguiano បាន លើកឡើងថា “គ្រប់គ្នា បានគិតថានៅ ពាក់កណ្តាលខែកញ្ញា នឹងមានការបង្ក្រាបបាតុកម្ម ព្រោះថាគេមិនចង់ឲ្យ មានចលនាបះបោរអ្វីណាមួយ នៅថ្ងៃទី១២តុលា ដែលជាថ្ងៃបើកសម្ពោធកីឡាអូឡាំពិកនោះទេ។ ប៉ុន្តែ គ្រប់គ្នាមិនបាននឹកស្មានទាល់តែសោះ ថាការបង្ក្រាប នេះ វាមានលក្ខណៈសាហាវព្រៃផ្សៃដល់ម្លឹង ។

លោក Claude Keijman ខ្ញុំនៅចងចាំមិនភ្លេចអំពីភាពហិង្សានៅ Tlatelolco ថ្ងៃទី២តុលា១៩៦៨

នៅពាក់កណ្តាលខែកញ្ញា កងទ័ពបានចូលមកគ្រប់គ្រងសកលវិទ្យាល័យ ហើយបាននៅរហូតដល់ថ្ងៃទី ២៧កញ្ញា។ ថ្ងៃពុធ ទី២តុលា បាតុកម្ម ដែលមានមនុស្សចូលរួម ប្រមាណ៨០០០នាក់ នៅឯ Tlatelolco បានរងនូវការបង្ក្រាបដោយកងទ័ព យ៉ាងសាហាវព្រៃផ្សៃបំផុត។ លោក Claude Keijman អ្នករាយការណ៍ព័ត៌មាន របស់កាសែត Le Monde បានរៀបរាប់ថា « ខ្ញុំនៅចាំមិនភ្លេចទេ នូវអំពើហិង្សា​ដ៏ធ្ងន់នៅថ្ងៃនោះ។ បើខ្ញុំចាំមិនភ្លេចទេ គឺខ្ញុំបានសរសេរ​នៅក្នុង​អត្ថបទរបស់ខ្ញុំ ថាគឺជា​ការ​កាប់សម្លាប់បង្ហូរឈាម​ ហើយ​វាមាន​បរិយាកាសមួយ ហាក់ដូចជាស្ថិតក្នុង​ពេល​មានសង្គ្រាម​។ នៅ​ទីលាន​នោះ គឺទីលាន​ La Plaza des las Tres Culturas (ទីលានវប្បធម៌៣) គឺមានមនុស្ស​ប្រុសស្រីនិង​កុមារផង។ ពួកគេហាក់ដូចជាជាប់អន្ទាក់។ នៅពេល​សមាជិក​ម្នាក់នៃ CNH បានចាប់​ផ្តើមនិយាយ ពួកយើងបានឃើញ​ឧត្ថម្ភាគចក្រមួយនៅលើមេឃ ហើយ​រថក្រោះនិង​កងកម្លាំង​ពាក់ស្រោមដៃពណ៌ស បានចាប់ផ្តើមឲ្យសញ្ញាគ្នា »។

យោងតាមកា​រចុះផ្សាយ​របស់បណ្តាញព័ត៌មានម៉ិកស៊ិក ការបង្ក្រាប​នៅថ្ងៃនោះ គឺបានបណ្តាល​ឲ្យស្លាប់​មនុស្ស​២៩នាក់​។ ស្ថានទូត​សហរដ្ឋអាមេរិក​ ព្រមទាំង​ភ្នាក់ងារ​ចារកិច្ច​ CIA បានអះអាងថា អាចមានមនុស្ស​ស្លាប់ ដល់​១០០នាក់​។

ចលនាបាតុកម្ម​របស់​និស្សិតម៉ិកស៊ិក​ បានញ៉ាំងឲ្យ​មានការ​ចូលរួម​គាំទ្រយ៉ាងខ្លាំង នៅទូទាំងពិភពលោក​។ នៅពេលធ្វើសន្និសីទកាសែត ថ្ងៃទី៣តុលា១៩៦៨ សមាជិករបស់ CNH ដែលបានរួចខ្លួនមានជីវិត ពីការចាប់ខ្លួន បាន​លើកឡើងនូវឧទាហរណ៍ខ្លះៗ៖  « ញត្តិ​ជាច្រើនច្បាប់ ខ្លះ​មកពី​​សមាគមន៍និស្សិតនានា ខ្លះទៀត មកពី​ក្រុមបញ្ញវន្ត​ល្បីៗទូទាំងពិភពលោក តួយ៉ាងដូចជា​​លោក​ Bertrand Russell លោក John Dee Bernal លោក Jean Paul Sart លោក Mario Vargas Llosa ត្រូវបាន​ផ្ញើទៅកាន់​រដ្ឋាភិបាល​ម៉ិកស៊ិក ដើម្បីទាមទារ​ឲ្យ​ដោះលែងក្រុម​និស្សិត​ និងអ្នកទោសនយោបាយ »។

ថ្ងៃទី ១២ តុលា ១៩៦៨ កម្មវិធី​ប្រកួតកីឡាអូឡាំពិកលើកទី​១៩ បានចាប់​ផ្តើម​បើកសម្ពោធ អមដោយ​ការដាក់​ពង្រាយ​កម្លាំងការពារសន្តិសុខ​ យ៉ាងរឹងមាំ។ ៤ថ្ងៃក្រោយ​មក នៅថ្ងៃប្រកួតផ្តាច់ព្រាត់កីឡារត់ប្រណាំង​​២០០ម៉ែត្រ កីឡាករអាមេរិក Tom Smith និង John Carlos បាន​ទទួលជ័យលាភីមេដាយមាស និងមេដាយសំរឹទ្ធិ។ នៅពេលឡើងលើវេទិកា​ដើម្បីទទួលមេដាយ ស្របពេលដែលភ្លេងជាតិ​សហរដ្ឋអាមេរិក​បានបន្លឺឡើង អត្តពលិកទាំង២នាក់ បាន​លើកដៃក្តាប់ឡើងទៅលើ ដែលមាន​ពាក់​ស្រោមដៃពណ៌ខ្មៅ ជានិម្មិតរូប​នៃ​ចលនា​តស៊ូ​ដើម្បីសិទ្ធិសេរីភាពជនស្បែកខ្មៅ Black Panthers។ រូបភាពនេះ បាន​ចារនៅ​ក្នុងទំព័រ​ប្រវត្តិសាស្ត្រ​ ធ្វើ​ឲ្យ​គេចងចាំព្រឹត្តិការណ៍​កីឡាអូឡាំពិកនៅ​ទីក្រុងម៉ិកស៊ីកូ ឆ្នាំ​១៩៦៨។

 ថ្ងៃទី១៦ តុលា ១៩៦៨ អត្តពលិក​ជនជាតិអាមេរិក Tommie Smith (កណ្តាល) និង John Carlos លើកកណ្តាប់ដៃឡើងលើ នៅពេល​ភ្លេងជាតិ​អាមេរិក​បានបន្លឺឡើង។ នេះគឺជាកាយ​វិការ បង្ហាញអំពីការតវ៉ាប្រឆាំង​ ចំពោះការរើស​អើងប្រកាន់ពូជសាសន៍ទៅលើ​ជនស្បែកខ្មៅនៅប្រទេសរបស់ពួកគេ គឺសហរដ្ឋអាមេរិក។ Tommie Smith បានទទួលមេដាយមាស ចំណែក John Carlos បានមេដាយ​សំរឹទ្ធិ ក្នុងវិញ្ញាសាររត់ប្រណាំង​ចំងាយ​២០០ម៉ែត្រ ។ រីឯមេដាយ​ប្រាក់ បានទៅកីឡាករជនជាតិអូស្ត្រាលី ឈ្មោះ Peter Norman។ ពេលត្រលប់​មកដល់​អាមេរិក​វិញ Tommie Smith និង John Carlos ត្រូវបាន​គណៈកម្មាធិការ​អូឡាំពិកអាមេរិក​ ដកហូតមេដាយទុក ហើយ​លុបឈ្មោះចោល​។ ពួកគេទាំង​២ក៏បានបាត់បង់ការងារ​ដែរ។ រូបថតនេះ​ជានិម្មិតរូប​នៃព្រឹត្តិការ​ណ៍​កីឡាអូឡាំពិក​នៅម៉ិកស៊ិក។
ថ្ងៃទី១៦ តុលា ១៩៦៨ អត្តពលិក​ជនជាតិអាមេរិក Tommie Smith (កណ្តាល) និង John Carlos លើកកណ្តាប់ដៃឡើងលើ នៅពេល​ភ្លេងជាតិ​អាមេរិក​បានបន្លឺឡើង។ នេះគឺជាកាយ​វិការ បង្ហាញអំពីការតវ៉ាប្រឆាំង​ ចំពោះការរើស​អើងប្រកាន់ពូជសាសន៍ទៅលើ​ជនស្បែកខ្មៅនៅប្រទេសរបស់ពួកគេ គឺសហរដ្ឋអាមេរិក។ Tommie Smith បានទទួលមេដាយមាស ចំណែក John Carlos បានមេដាយ​សំរឹទ្ធិ ក្នុងវិញ្ញាសាររត់ប្រណាំង​ចំងាយ​២០០ម៉ែត្រ ។ រីឯមេដាយ​ប្រាក់ បានទៅកីឡាករជនជាតិអូស្ត្រាលី ឈ្មោះ Peter Norman។ ពេលត្រលប់​មកដល់​អាមេរិក​វិញ Tommie Smith និង John Carlos ត្រូវបាន​គណៈកម្មាធិការ​អូឡាំពិកអាមេរិក​ ដកហូតមេដាយទុក ហើយ​លុបឈ្មោះចោល​។ ពួកគេទាំង​២ក៏បានបាត់បង់ការងារ​ដែរ។ រូបថតនេះ​ជានិម្មិតរូប​នៃព្រឹត្តិការ​ណ៍​កីឡាអូឡាំពិក​នៅម៉ិកស៊ិក។ © AP Photo

ពេលត្រលប់​មកដល់​អាមេរិក​វិញ Tommie Smith និង John Carlos ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិកនៃសហរដ្ឋអាមេរិក​ ដកហូតយក​មេដាយទុក ហើយបាន​​លុបឈ្មោះចោល​។ ពួកគេទាំង​២ ត្រូវបានគេបញ្ឈប់ពីការងារ​។ ជាច្រើនឆ្នាំក្រោយមក គឺនៅឆ្នាំ​២០១២ នៅពេល​គេសួរ​ពួកគេថា តើកាយវិការរបស់ពួកគេ គឺជាកាយវិការនៃការរើបំរះ លោក Tommie Smith បានឆ្លើយថា « វាប្រាកដណាស់ ដែលវាជាកាយវិការ​បញ្ជាក់ពី​ការ​តវ៉ារើបំរះ »។ លោកអះអាងថា « លោកត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបុព្វហេតុដ៏ធំធេង គឺយុត្តិធម៌សង្គម ដែល​ត្រូវបានបំភ្លេច​ចោល​ដោយ​មនុស្ស​មួយចំនួនដែល​មិនខ្វល់ខ្វាយ​ ដែល​មិន​ផ្តល់តម្លៃដល់​សិទ្ធិមនុស្ស ឬក៏មនុស្ស​ដែល​មិនជឿ​អំពីសារៈសំខាន់​នៃការ​គិតគូរពិចារណា​អំពី​ការរំលោភសិទ្ធិ​មនុស្ស​។ ខ្ញុំគិតថា វេទិកា​ជ័យជ័យលាភីទទួលមេដាយ វាមានសារៈសំខាន់ណាស់ ព្រោះវាជាឱកាស​កំពូល​បំផុត​សម្រាប់ខ្ញុំ​ ដើម្បីធ្វើអ្វីម្យ៉ាងដែលជាករណីកិច្ច​របស់​ខ្ញុំ និង​ដើម្បី​ឲ្យ​មហាជនបានឃើញ មុននឹងជឿលើបុព្វហេតុអ្វីមួយ »។​

លោក Arturo Anguiano បានរៀបរាប់ទៀតថា « ស្លាកសញ្ញានិម្មិតរូប​នៃគណៈកម្មាធិការអូឡាំពិកម៉ិកស៊ិក​ គឺរូបសត្វព្រាបសតំណាងឲ្យសន្តិភាព​ ដែល​បាន​ស្រង់ចេញពីគំនិតរបស់​លោក Pablo Picasso។ បន្ទាប់ពីបាន​​រងការបង្ក្រាប​យ៉ាងដំណំ និងជាពិសេសគឺនៅក្រោយ​ថ្ងៃទី​២តុលា ក្រុមនិស្សិតម៉ិកស៊ិក បាន​លាបពណ៌ក្រហម នៅ​លើរូបសត្វព្រាបនេះ មិន​ឲ្យសល់សូម្បីតែមួយ ដើម្បី​ធ្វើជានិម្មិតរូបតំណាង​ឲ្យ​ឈាម​ក្រហមច្រាលរបស់​ជនរងគ្រោះ ដែលបានរងការកាប់សម្លាប់យ៉ាងព្រៃផ្សៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ