អានតួអត្ថបទ
អាមេរិក-បាញ់រះ

រដ្ឋផ្លរីដា​៖ ស្លាប់យ៉ាងហោច៣នាក់​ ដោយអំពើ​​បាញ់រះបែបរើសអើងពូជសាសន៍

កាលពីល្ងាចថ្ងៃសៅរ៍​​ ទី​២៦សីហា អំពើបាញ់រះសម្លាប់​មនុស្ស​មួយករណីទៀត បាន​កើតឡើងនៅ​សហរដ្ឋអាមេរិក ក្នុងទីក្រុង Jacksonville រដ្ឋផ្លរីដា។ ជនដៃដល់ភេទប្រុស អាយុជាង២០ឆ្នាំ ស្បែកស បានប្រើកាំភ្លើងបាញ់រះនៅក្នុង​ហាងលក់ទំនិញមួយ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣នាក់ ដែលសុទ្ធតែជាជនជាតិអាមេរិក​ស្បែកខ្មៅ។ នៅក្នុងសន្និសីទកាសែត លោកអគ្គស្នងការ​នគរបាល​ប្រចាំតំបន់ បានអះអាងថា វាប្រាកដណាស់​ ដែលអំពើបាញ់រះនេះមានចរិកលក្ខណៈបែបរើសអើងពូជសាសន៍ ស្អប់ខ្ពើមទៅលើ​​ជនស្បែកខ្មៅ​។

នគរបាល កំពុងស្ថិតនៅកន្លែងកើតហេតុ បាញ់រះ ក្នុង​ទីក្រុង Jacksonville រដ្ឋផ្លរីដា ថ្ងៃទី២៦ សីហា ២០២៣​
នគរបាល កំពុងស្ថិតនៅកន្លែងកើតហេតុ បាញ់រះ ក្នុង​ទីក្រុង Jacksonville រដ្ឋផ្លរីដា ថ្ងៃទី២៦ សីហា ២០២៣​ AP - John Raoux
ផ្សាយពាណិជ្ជកម្ម

ជនដៃដល់ ដែល​បានបាញ់​សម្លាប់ខ្លួនឯង មុនពេលសមត្ថកិច្ចចាប់ខ្លួន ត្រូវគេដឹងថា បាន​សរសេរសារ និងលិខិត​ជាច្រើន ដែលបង្ហាញអំពីទឹកចិត្តស្អប់ខ្ពើមរបស់ខ្លួន ទៅ​លើ​ជនស្បែកខ្មៅ​។ នៅលើ​កាំភ្លើងពាក់កណ្តាលស្វ័យ​ប្រវត្តិ  AR-15 ដែលជននេះ​​បានប្រើដើម្បី​បាញ់រះ គឺមាន​គូសគំនូរសញ្ញាខ្វែង ដែល​ជា​និម្មិតរូបនៃ​ក្រុម​ស្តាំនិយមជ្រុលអ៊ីទ្លែណាហ្ស៊ី។

គួរបញ្ជាក់ថា មុននឹងចូលទៅក្នុង​ហាងលក់ទំនិញ​ Dollar General ដែលជាទីកើតហេតុ ជនដៃដល់ប៉ុនប៉ងចូល​សកលវិទ្យាល័យ Edward Waters University ដែលជាសកលវិទ្យាល័យឯកជនដំបូងគេបង្អស់ ស្ថាបនាឡើង ដោយ​សហគមជនជាតិអាមេរិកស្បែកខ្មៅ​។​ ដោយ​គ្មានភារកិច្ច ជនដៃដល់ ត្រូវបាន​ឆ្មាំសន្តិសុខ​ រារាំងមិនឲ្យចូលទៅក្នុងបរិវេនសកលវិទ្យាល័យ។

សមត្ថកិច្ចFBI បានបញ្ជាក់ថា គេនឹងបើកការស៊ើបអង្កេត អំពី​ករណីឃាតកម្ម បែបរើសអើងពូជសាសន៍ បង្កឡើងដោយ​ជនដៃដល់ខាងលើ។ លោក Ron Desantis អភិបាលរដ្ឋផ្លរីដា​និងជាបេក្ខជនប្រធានាធិបតីម្នាក់ នៃបក្សសាធារណរដ្ឋ បាន​លើកឡើងដោយបានចាត់ទុក​ជនដៃដល់ ជាជនថោកទាប និងកំសាកបំផុត ដែល​បានធ្វើអំពើយង់ឃ្នងបាញ់សំលាប់​មនុស្ស​ដោយផ្អែកលើ​ពណ៌សំបុរ តែ​​បែរជាសម្លាប់ខ្លួនឯង មិនហ៊ានប្រឈមមុខនឹងការពិត​។​

គួររំលឹកថា ករណីឃាតកម្មដោយ​ប្រើកាំភ្លើង និងករណីបាញ់រះ តែងកើតឡើងយ៉ាងញឹកញាប់បំផុត នៅសហរដ្ឋអាមេរិក​ ដោយសារតែ​ច្បាប់បើក​យ៉ាងធូររលុង ក្នុងការទិញលក់​ ប្រើប្រាស់​កាំភ្លើង។ នៅសហរដ្ឋអាមេរិក មនុស្ស​ម្នាក់​ក្នុងចំណោម៣នាក់ មានអាវុធយ៉ាងហោច១ដើម​។ យ៉ាងណាមិញ នៅថ្ងៃសៅរ៍ទី​២៦សីហាដែរ មានករណីបាញ់រះមួយ នៅ​ក្នុង​កម្មវិធីបុណ្យប្រពៃណីតំបន់សមុទ្រការីបៀន នៅទីក្រុងបូស្តុន ដែលបានបណ្តាល​ឲ្យ​របួសមនុស្ស​៧នាក់។ ហើយកាលពីថ្ងៃសុក្រ ស្ត្រី២នាក់ បានរងរបួសដោយគ្រាប់កាំភ្លើង នៅក្នុងពេល​ទៅមើលការប្រកួតកីឡាបេសបល នៅឈីកាហ្គោ។ ហើយនៅយប់ថ្ងៃសុក្រដដែល សិស្សសាលាអាយុ១៦ឆ្នាំ​ម្នាក់ បានត្រូវគ្រាប់កាំភ្លើងស្លាប់ នៅក្នុងហេតុការណ៍ឈ្លោះប្រកែកគ្នាមួយ ក្រោយ​ការប្រកួតបាល់បោះ នៅរដ្ឋអូក្លាហូម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ