អានតួអត្ថបទ
យន្តហោះចម្បាំងអាមេរិក

អាមេរិកអនុញ្ញាតឲ្យហូឡង់និងដាណឺម៉ាកប្រគល់យន្តហោះចម្បាំងF-16 ទៅឲ្យអ៊ុយក្រែន

អាមេរិកបើកភ្លើងខៀវ​ឲ្យហូឡង់ និង​ដាណឺម៉ាក​បញ្ជូនយន្តហោះចម្បាំង​ដ៏ទំនើប F-16 ទៅឲ្យកងទ័ពអ៊ុយក្រែន។ តាមក្រសួងការបរទេស​អាមេរិក រដ្ឋាភិបាលហូឡង់ និង​ដាណឺម៉ាក​បានទទួល​លិខិតធានាផ្លូវការ​របស់អាមេរិក។ នៅថ្ងៃ​សុក្រទី​១៨​សីហា រដ្ឋមន្រ្តីការពារអ៊ុយក្រែន​សរសេរសារស្វាគម​ការសម្រេចចិត្ត​របស់រដ្ឋបាលលោកចូ បៃដិន ព្រោះថា អ៊ុយក្រែនទន្ទឹងចង់បាន​យន្តហោះចម្បាំងរបស់អាមេរិកជាយូរមកហើយ ដើម្បីយកទៅប្រើនៅក្នុងសមរភូមិប្រយុទ្ធតទល់នឹងកងទ័ពរុស្ស៊ី។

យន្តហោះចម្បាំងអាមេរិកប្រភេទ F16ដែលកងទ័ពរូម៉ានីទិញយកទៅប្រើ និង​ចូលរួមក្នុងសមយុទ្ធរបស់​អូតង់
យន្តហោះចម្បាំងអាមេរិកប្រភេទ F16ដែលកងទ័ពរូម៉ានីទិញយកទៅប្រើ និង​ចូលរួមក្នុងសមយុទ្ធរបស់​អូតង់ AP - Mindaugas Kulbis
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសអាមេរិកបានអះអាង​កាលពីថ្ងៃសុក្រថា រដ្ឋបាលលោកចូ បៃដិន​បាន​បើកភ្លើងខៀវ អនុញ្ញាត​ឲ្យប្រទេសហូឡង់ និង​ដាណឺម៉ាកប្រគល់​យន្តហោះចម្បាំង F-16ទៅឲ្យអ៊ុយក្រែន។ ដាណឺម៉ាក និងហូឡង់ដែលចង់ធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ​ធ្លាប់បង្ហាញចេតនាចង់ប្រគល់យន្តហោះចម្បាំង F-16មួយចំនួន ដែលខ្លួនទិញពីអាមេរិក ទៅឲ្យអ៊ុយក្រែន ប៉ុន្តែ ត្រង់រង់ចាំភ្លើងខៀវពីអាមេរិកដែលជាអ្នកផលិត។ អាមេរិកផ្ទាល់​ដែលមានច្បាប់វិន័យតឹងរ៉ឹងក្នុងរឿងលក់ និង​ការផ្ទេរសព្វាវុធអាមេរិក​ពីសំណាក់ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក ធ្លាប់រារែក​មិនចង់ឲ្យមានយន្តហោះចម្បាំងរបស់ខ្លួនមានវត្តមាន​នៅក្នុងដែនអាកាសអ៊ុយក្រែន ដោយខ្លាចមានការប្រឈមមុខតានតឹងជាមួយរុស្ស៊ី។

នៅខែ​កក្កដា រដ្ឋមន្រ្តីការបរទេស​រុស្ស៊ីធ្លាប់បានព្រមានរួចហើយថា ការបញ្ជូន​យន្តហោះចម្បាំងអាមេរិកទៅឲ្យអ៊ុយក្រែន​មានន័យស្មើនឹងការប្រកាសសង្រ្គាមនុយក្លេអ៊ែរពីក្រុមប្រទេស​លោកខាងលិចដែលតម្រូវឲ្យ​រុស្ស៊ីត្រូវតែចាត់វិធានក្តៅតបតវិញ។

ការព្រមព្រៀង​​ពី​អាមេរិកដែល​ជា​ប្រទេស​អ្នក​ផលិតយន្តហោះចម្បាំង F-16 ជាដំណឹងដ៏ល្អបំផុត​សម្រាប់​អ៊ុយក្រែន។ នៅ បណ្តាញសង្គម X​ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនសរសេរសារថ្លែងអំណរគុណសម្ព័ន្ធមិត្តអាមេរិក ហូឡង់ និង​ដាណឺម៉ាក។

គេនៅមិនទាន់ដឹងពីកាលវេលាដែលទាហានអ៊ុយក្រែនត្រូវទទួលយន្តហោះចម្បាំង F-16 ដើម្បីយកទៅប្រើក្នុងសមរភូមិប្រយុទ្ធតទល់កងទ័ពរុស្ស៊ី។ ប៉ុន្តែ អ្នកនាំពាក្យរបស់ក្រសួងការបរទេស​អាមេរិកបានបញ្ជាក់ថា ការប្រគល់យន្តហោះអាមេរិក​ទៅឲ្យអ៊ុយក្រែនអាចធ្វើឡើង​ ដរាបណាកងទ័ពអ៊ុយក្រែនទទួលបានការបណ្តុះបណ្តាលគ្រប់គ្រាន់ជាមុនសិន និង​ត្រូវមានសមត្ថភាពបើកយន្តហោះ F-16។

​រដ្ឋមន្រ្តីការពារជាតិហូឡង់ស្វាគម​ការអនុញ្ញាតរបស់អាមេរិកដែលនឹង​បើកផ្លូវឲ្យមានការបណ្តុះបណ្តាលអ្នកបើកបរយន្តហោះអ៊ុយក្រែនជាផ្លូវការ ប៉ុន្តែ បញ្ជាក់ថា អ៊ុយក្រែនត្រូវការពេលវេលាយូរ ទម្រាំទទួលបានយន្តហោះចម្បាំងពីហូឡង់ ព្រោះថា ដើម្បីអាច​បើកយន្តហោះចម្បាំងអាមេរិក គេត្រូវការពេលវេលា​រៀនយ៉ាងតិច ៦ខែ។

នៅខែ​កក្កដា​កន្លងទៅ បក្សសម្ព័ន្ធចំនួន​១១ប្រទេសដែលមានដូចជា​អាមេរិក ហូឡង់ អង់គ្លេស ប៉ូឡូញ កាណាដា និង​ស៊ុយអែតជាដើម​បានយល់ព្រមព្រៀង ​ថា នឹង​ទទួលបន្ទុកបង្រៀនកងទ័ពអ៊ុយក្រែនឲ្យចេះប្រើយន្តហោះចម្បាំងអាមេរិក F-16។

សម្រាប់អ្នកជំនាញ យន្តហោះចម្បាំងអាមេរិក F-16នឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរច្រើន នៅក្នុងសង្រ្គាមអ៊ុយក្រែន នៅប៉ុន្មានខែ​ខាងមុខ។ ដើម្បីឲ្យយន្តហោះចម្បាំងអាមេរិកអាចធ្វើប្រតិបត្តិការពេញលេញ​ក្នុង​សង្រ្គាមអ៊ុយក្រែន គេត្រូវការពេលវេលាពី ៤ ទៅ​៥ឆ្នាំ។

ប៉ុន្តែ សម្រាប់កងទ័ពអ៊ុយក្រែន គេនៅតែត្រូវការយន្តហោះចម្បាំងទំនើបរបស់អាមេរិក មក​ជំនួស​យន្តហោះចាស់ៗ​របស់អ៊ុយក្រែន ផលិតនៅ​សម័យសហភាពសូវៀត ដូចជា​Mig29 និង​Sukoi។ ម្យ៉ាង​អ៊ុយក្រែនទាមទារចង់បាន​យន្តហោះចម្បាំងអាមេរិក F-16​ដើម្បី​ការពារប្រតិបត្តិការវាយប្រហារជើងគោក និងការពារដែនអាកាសរបស់អ៊ុយក្រែន ដែលកំពុងចាញ់ប្រៀប រងការបំផ្លាញធ្ងន់ធ្ងរដោយសារ​ការវាយប្រហារផ្លូវអាកាសរបស់​រុស្ស៊ី។

ជាយន្តហោះចម្បាំងដ៏ទំនើបដែលមានសមត្ថភាពបាញ់មីស៊ីល និងទម្លាក់គ្រាប់បែកចំគោលដៅ F-16 អាច​បើកហោះក្នុងល្បឿនដ៏ល្បឿន ២៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។ គេជឿថា យន្តហោះចម្បាំង​ F-16នឹងជួយឲ្យកងទ័ពអ៊ុយក្រែនអាចបើកការវាយប្រហារទៅលើ​កងទ័ពរុស្ស៊ី ទាំងនៅពេលយប់ និង​នៅគ្រប់លក្ខខណ្ឌអាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ