អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-បាញ់រះ

សហរដ្ឋ​អាមេរិក ៖ មាន​ឃាតកម្ម​​​​បាញ់​រះក្នុង​សង្កាត់​​អាស៊ី​​នា​ថ្ងៃ​​ចូល​ឆ្នាំចិន

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១០នាក់ និង​របួស​ធ្ងន់-ស្រាល​ចំនួន​១០នាក់​ផ្សេង​ទៀត នៅក្នុង​ការ​បាញ់​រះ នា​យប់​ថ្ងៃបុណ្យ​ឆ្លង​​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ថោះ​ជា​ប្រពៃណី​ចិន​ ក្នុង​រង្គសាល​​មួយ ជិត​ក្រុង​Los Angeles ដែល​មាន​ប្រជាជន​ភាគ​ច្រើន​មាន​ដើម​កំណើត​អាស៊ី។ ខ្មាញ់​កាំភ្លើង​បាន​រត់​គេច​ខ្លួន​បាត់ និង​មិន​ទាន់​រក​អត្ត​ឃើញ​ទេ គិត​មក​ទល់​ព្រឹក​ថ្ងៃអាទិត្យ​ទី ២២​មករានេះ។ ប៉ូលិស​ កំពុង​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់ នៅ​​ក្រុង​Monterey Park និង​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា។

សហរដ្ឋ​អាមេរិក ៖ មាន​ឃាតកម្ម​​​​បាញ់​រះលើ​សហគមន៍​អាស៊ី​​ក្នុង​ថ្ងៃ​​ចូល​ឆ្នាំចិន
សហរដ្ឋ​អាមេរិក ៖ មាន​ឃាតកម្ម​​​​បាញ់​រះលើ​សហគមន៍​អាស៊ី​​ក្នុង​ថ្ងៃ​​ចូល​ឆ្នាំចិន AP - Jae C. Hong
ផ្សាយពាណិជ្ជកម្ម

​ហេតុការណ៍​បាញ់​រះ​បាន​កើត​ឡើង​នៅវេលាម៉ោង​១០​និង​២២​នាទី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​មក​ថ្ងៃអាទិត្យ ម៉ោង​នៅកាលីហ្វ័រញ៉ា​អាមេរិក​ ពេល​ដែល​មនុស្ស​ជា​ច្រើន​ពាន់​នាក់​កំពុង​ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​ថោះ​។ បើ​តាម​សំដី​សាក្សី​បីនាក់​ដែល​រត់​គេច​ខ្លួន​ទៅពួន​នៅក្នុង​រង្គសាល​មួយ​ទៀត ខ្មាញ់​កាំភ្លើង​មាន​អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ និងបង់​គ្រាប់​ជា​ច្រើន ដែល​គេ​បាន​សាក​បញ្ចូល​ជា​ច្រើន​លើក​ច្រើនសា។

ក្រោយ​កើត​ហេតុ​ភ្លាម ប៉ូលិស​មិន​បានផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹងភិនភាគ​របស់​​ជនសង្ស័យ​​ទេ ហើយ​ក៏​មិន​បញ្ជាក់​អំពី​ប្រភេទ​អាវុធ​ដែល​ខ្មាន់​កាំភ្លើងប្រើ​ដែរ។ កាពីទែន​ អែនឌ្រូ មេយ៉ឺ Meyer មេប៉ូលិស​Los Angeles បាន​ពន្យល់ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អ្នក​អង្កេត​នៅ​មិន​ទាន់​ដឹង​នៅឡើយ ថា​តើ​ខ្មាញ់​កាំភ្លើង​ស្គាល់​ជន​រងគ្រោះ​ ឬ​ជាទង្វើ​ដៅ​លើ​សហគមន៍​ ​ក្នុង​ន័យ​​​ស្អប់​ខ្ពើម​ប្រកាន់​ពូជសាសន៍​ទេ។

អ្នក​អង្កេតក៏​​កំពុងស្វែង​រក​ព័ត៌មាន​ដើម្បី​ផ្ទៀង​ផ្ទាត់រក​មូលហេតុ​នៃ​បាញ់​រះ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ងធ្វើ​ឃាតកម្ម​​បាញ់​រះ​មួយ​ទៀត ក្នុង​ពេល​​ទន្ទឹម​គ្នា ​នៅក្នុង​រង្គសាល​មួយ​ទៀត ដែល​ស្ថិត​នៅ​ជាប់​ក្រុងMonterey Park​នេះ​ដែរ។

Monterey Park ជា​ភូមិ​​មួយមាន​ប្រជាជន​រស់​នៅប្រមាណ​៦១០០០នាក់ ភាគ​ច្រើនមាន​ដើម​កំណើត​អាស៊ី ហើយ​​ស្ថិត​នៅចម្ងាយ​ប្រមាណ​តែ​១៣គីឡូម៉ែត្រ​ពីក្រុង​​Los Angeles។

ឃាតកម្មបាញ់​រះ​សម្លាប់​មនុស្ស​ដោយ​មូលហេតុ​ស្អប់​ខ្ពើម​ មិនមែន​ជា​ករណី​កម្រទេ នៅ​សហរដ្ឋ​អាមេរិក។ បើ​តាម​ក្រសួង​យុត្តិធម៌ បទ​ឧក្រិដ្ឋ​ដោយ​ហេតុ​ស្អប់ខ្ពើម​ មាន​ជាង​៧ពាន់​ករណី ប៉ះពាល់​ដល់​មនុស្ស​ជាង​៩ពាន់​នាក់​នៅ​ឆ្នាំ​២០២១​ ក្នុង​នោះ​២ភាគ​បី​ជា​ការ​រើសអើង​ប្រកាន់​ពូជសាសន៍។ អាមេរិក​ក៏​រងគ្រោះ​ធ្ងន់ខ្លាំង​ដែរ ពី​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រើប្រាស់​អាវុធ។ មាន​កាំភ្លើង​ច្រើន​ជា​ចំនួន​ប្រជាជន​សរុប អាមេរិក​រាប់​ឃើញ​មាន​មនុស្ស​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​កាន់​តែ​ច្រើន​ឡើងៗ ៖ ​ប្រមាណ​៤៩០០០​នាក់​នៅ​ឆ្នាំ​២០២១ ទល់​នឹង​៤៥០០០​នាក់​នៅ​ឆ្នាំ​២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ