អានតួអត្ថបទ
អាមេរិក-រើសអើងប្រកាន់ពូជសាសន៍

អាមេរិក៖ បាញ់រះ​ស្លាប់​យ៉ាងហោច​ ១០នាក់ ភាគច្រើន​សុទ្ធតែ​ជា​ជន​ស្បែកខ្មៅ

នៅរដ្ឋញូយ៉ក សហរដ្ឋអាមេរិក មានករណីបាញ់រះមួយកាលពីថ្ងៃសៅរ៍ ទី​១៤ឧសភា បង្កឡើងដោយ​ខ្មានកាំភ្លើង អាយុ១៨ឆ្នាំ ជាជនស្បែកស។ យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានស្លាប់ និងរបួស៣នាក់ ក្នុងនោះ១១នាក់គឺសុទ្ធតែជាជនជាតិអាមេរិកស្បែកខ្មៅ។ សមត្ថកិច្ចអាមេរិក បាន​សន្និដ្ឋានថា នេះគឺជាអំពើបាញ់រះសម្លាប់មនុស្ស ដែល​មានលក្ខណៈរើសអើងប្រកាន់ពូជសាសន៍។

មនុស្សម្នាផ្អើលទៅចោមរោម នៅទីកន្លែងកើតហេតុ ក្រោយ​ហេតុការណ៍បាញ់រះសម្លាប់មនុស្ស ក្នុងក្រុង Buffalo រដ្ឋញ៉ូយ៉ក ល្ងាចថ្ងៃទី​១៤ ឧសភា ២០២២
មនុស្សម្នាផ្អើលទៅចោមរោម នៅទីកន្លែងកើតហេតុ ក្រោយ​ហេតុការណ៍បាញ់រះសម្លាប់មនុស្ស ក្នុងក្រុង Buffalo រដ្ឋញ៉ូយ៉ក ល្ងាចថ្ងៃទី​១៤ ឧសភា ២០២២ AP - Derek Gee
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍បាញ់រះ បានកើតឡើងនៅទីតាំងផ្សារទំនើបមួយកន្លែង ឈ្មោះ Tops ស្ថិតក្នុងក្រុង Buffalo រដ្ឋញូយ៉ក ដែលសំបូរភាគច្រើន ជនជាតិអាមេរិកស្បែកខ្មៅរស់នៅ។ យោងតាមនាយនគរបាលក្រុង Buffalo ជនដៃដល់មានភេទប្រុស អាយុ១៨ឆ្នាំ ក្នុងសម្លៀកបំពាក់របៀបទាហាន បានកាន់កាំភ្លើងយន្ត បាញ់រះនៅទីលានចតរថយន្ត មុននឹងចូលទៅក្នុង​ បន្តបាញ់រះសម្លាប់មនុស្ស​។

ជនដៃដល់ មានពាក់អាវការពារគ្រាប់កាំភ្លើង ហើយថែមទាំងមាន​ពាក់កាម៉េរ៉ា ថតផ្សាយបន្តផ្ទាល់សកម្មភាពដ៏ព្រៃផ្សៃនេះ ថែមទៀតផង។ នៅពេលសមត្ថកិច្ចបានឡោមព័ទ្ធទីតាំងកើតហេតុ ជនដៃដល់បានលើកចុងកាំភ្លើងភ្ជង់កខ្លួនឯង ប្រុងនឹងសម្លាប់ខ្លួន មុននឹងប្តូរចិត្ត ព្រមប្រគល់ខ្លួនតាមសម្រួល។

លោក John Garcia មេបញ្ជាការនគរបាលតំបន់ Erié បានលើកឡើងថា អំពើបាញ់រះនេះ គឺជាអំពើឧក្រិដ្ឋ ដ៏សាហាវព្រៃផ្សៃ ដែលមានលក្ខណៈរើសអើងប្រកាន់ពូជសាសន៍។ តំណាង​​រដ្ឋអាជ្ញានៃក្រសួង​យុត្តិធម៌អាមេរិក ប្រចាំតំបន់កើតហេតុ​ បាន​លើកឡើងថា ជនដៃដល់អាចនឹងត្រូវចោទប្រកាន់ ក្នុងក្របខណ្ឌ​ច្បាប់​សហព័ន្ធ ដែលអាចមានន័យថា ជនដៃដល់អាចទទួលទោសប្រហារជីវិត។​

គួរបញ្ជាក់ថា ក្នុង​ពេលបាញ់រះ ជនដៃដល់​បានផ្សាយ​ផ្ទាល់រូបភាពវីដេអូ នៅលើបណ្តាញសង្គម Twitch។ ក្រោយ​ពេល​ផ្សាយ​ផ្ទាល់បាន​២នាទី បណ្តាញ Twitch បានបិទការផ្សាយ​ផ្ទាល់នេះចោល។ បណ្តាញសង្គមនេះ អះអាងទៀតថា គណនី​របស់ជនដៃដល់ត្រូវបានបិទព្យួរភ្លាមៗ ហើយ​គេនឹងបង្កើនការប្រុងប្រយ័ត្ន ចំពោះគណនីទាំងឡាយណា ដែល​ចូលរួមគាំទ្រអំពើហិង្សារើសអើងប្រកាន់ពូជសាសន៍។​

ដោយឡែក កាសែត New York Times បានចុះផ្សាយ​ នូវអត្ថបទមួយសរសេរដោយ​ជនដៃដល់ ដែលក្នុងខ្លឹមសារ គឺជនដៃដល់ចិត្តឆៅរូបនេះ បាន​ទទួលឥទ្ធិពលនិងយកគម្រូតាម « ចលនាបរមានុភាពនៃពួកស្បែកស »  ដែលបានធ្វើសកម្មភាពបាញ់រះកន្លងមក ជាក់ស្តែងការបាញ់រះនៅ​ឆ្នាំ​២០១៩ បណ្តាលឲ្យស្លាប់អ្នកកាន់សាសនាអ៊ីស្លាមចំនួន​៥១នាក់ នៅ​ក្រុង Christchurch ប្រទេសនូវែលសេឡង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ