អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អង្កការរដ្ឋ​អ៊ីស្លាម

លោក​ ចូបៃដិន ប្រកាស​កម្ចាត់​បានមេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាមនៅស៊ីរី

“កងកម្លាំងអាមេរិក​កម្ទេច​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​នៅ​នឹងកន្លែង​​តែម្តង” ក្នុង​ប្រតិបត្តិការ​នៅ​ភាគ​ពាយ័ព្យ​ប្រទេសស៊ីរី នៅ​ម៉ោង​ទៀប​ភ្លឺ​ថ្ងៃព្រហស្បតិ៍​ទី ៣កុម្ភៈ។ នេះ​គឺ​ជា​សារ​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅ​​ថ្ងៃ​ព្រហស្បតិ៍ដដែល ពី​សេតវិមាន។

លោក​ ចូបៃដិន ប្រកាស​កម្ចាត់បាន​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាមនៅស៊ីរី
លោក​ ចូបៃដិន ប្រកាស​កម្ចាត់បាន​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាមនៅស៊ីរី © AP
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​​​ប្រកា​ស​បញ្ជាក់​ព័ត៌មានប៉ុន្មានម៉ោង​ក្រោយ​ប្រតិបត្តិការ​​ លោក​ប្រធានាធិបតី​អាមេរិកចូបៃដិន សន្យា​​ថ្លែង​សារ​ទៅ​កាន់​ប្រជាជាតិ​ដើម្បី​លម្អិត​អំពី​ប្រតិបត្តិការ​កម្មង់ដូអាមេរិក​នៅប្រទេស​ស៊ីរី​នេះ។ មេដឹកនាំអង្គការ​រដ្ឋ​អ៊ីស្លា Abou Ibrahim al-Hachimi al-Qourachi បាន​ស្លាប់​ក្នុង​បំផ្ទុះ​គ្រាប់​បែក​ដែល​គេបាន​ចុច​បំផ្ទុះ​ដោយ​ខ្លួន​ឯង។ មេ​ភេរវជន​បាន​ចុច​បំផ្ទុះគ្រាប់​បែក ដែល​ធ្វើ​ឱ្យ​សមាជិក​ក្រុមគ្រួសារផ្ទាល់​របស់​ភេរវជន​នោះស្លាប់ភ្លាម គឺ​មាន​ទាំង​ក្មេង​និង​ស្រ្តី។ ​​ចំណែក​កងកម្មង់ដូ​អាមេរិក​បាន​វិល​ត្រលប់ពី​បេសកកម្ម​ប្រកប​ដោយ​សុវត្ថិភាព​ទាំង​អស់​គ្នា។ នេះ​ជាប្រសាសន៍​របស់​លោក ចូ​​បៃដិន ពី​​សេតវិមាន ដោយ​គូសបញ្ជាក់​បន្ថែម​ថា​តុល្យការ​ជន​រងគ្រោះ​នឹង​ផ្តល់​ជូន​នៅ​ពេល​ក្រោយ។

ប៉ុន្តែ​បើ​តាម ​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី OSDH ដែល​មាន​បណ្តាញ​ច្រើន​ក្នុង​ប្រទេសស៊ីរីវិញ ប្រតិបត្តិការ​របស់​កងកម្លាំង​​ពិសេស​អាមេរិក តាម​ចាប់​មេ​ដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម ប្រភេទ​ដ៏​កម្រ​នេះ បាន​បង្ក​ឱ្យ​​មាន​ស្លាប់​​មនុស្ស១៣នាក់​ ក្នុង​នោះបីនាក់​ជា​កុមារ​ និង​​ម្នាក់​ជា​ស្ត្រី។

នេះ​ជា​ប្រតិបត្តិការ​​ទ្រង់ទ្រាយ​ធំរបស់​អាមេរិក​​ទី​មួយហើយ​​គិត​ចាប់​តាំងពីយោធាអាមេរិក​​ ​ សម្លាប់​​មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត Abou Bakr al-Baghdadi បានកាលពី​ខែ​តុលា​២០១៩ មក។​ Qourachi បានឡើង​​ជា​មេដឹកនាំ​អង្គការ​រដ្ឋ​​អ៊ីស្លាម​បន្តពី Baghadi និង​ក្លាយ​ជា​មេភេរវជន​ដែល​សហរដ្ឋ​អាមេរិក​តាម​ស្វែង​រកបំផុត។ អាមេរិក​បាន​​ថែម​ទាំង​សន្យា​​ផ្តល់​រង្វាន់​១០​លាន​ដុល្លារ​ប្រសិន​បើ​នរណា​អាច​ជួយ​ផ្តល់​ព័ត៌មានឱ្យ​រក​ជន​នេះ​ឃើញ។​

ដូច​ជា​មេដឹកនាំ​ជីហាត​អ៊ីស្លាម​ដទៃ Abou Ibrahim al-Hachimi al-Qourachi ឬ Amir Mohammed Saïd Abdel Rahman al-Mawla ​មាន​ងារ​ជា​អេមៀ ហើយ​​មានរហ័សនាម​ច្រើន និង​​ថែម​ទាំង​​ត្រូវ​បាន​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម ចាត់​ទុក​ជា “សាស្ត្រាចារ្យ” ឬ​ជា​ “មេបំផ្លាញ”ទៀតផង។ Qourachi ជា​មេដឹកនាំ​ធ្វើ​ភេរវកម្មជា​ច្រើន​នៅ​តំបន់​ដើមបូព៌ា និង​នៅ​ក្នុង​បណ្តាប្រទេសលោកខាង​លិច ព្រមទាំង​ជាមេប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​រំលោភបំពាន​យ៉ង់ឃ្នង​ជា​ច្រើន។ ប៉ុន្តែ​គេ​ទើប​អាច​កំណត់​អត្តសញ្ញាណ ជា​ផ្លូវការ​បាន បន្ទាប់​ភ្នាក់ងារ​សម្ងាត់​អាមេរិក​និង​អ៊ីរ៉ាក់ ចំណាយ​ពេល​ស៊ើប​អង្កេត​អស់​ជា​ច្រើន​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ