អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​ជំរុញ​ការប្រើ​ថាមពល​ព្រះអាទិត្យ​ដើម្បី​ប្រឆាំង​​បម្រែ​បម្រួល​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះសេតវិមាន​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ពត៌មានស្តីពី​ការអនុវត្តន៍​សកម្មភាពនិង​ការប្តេជ្ញាចិត្តពី​ទូទាំង​ប្រទេសក្នុង​ការជំរុញ​ការប្រើប្រាស់និង​ប្រសិទ្ធភាព​នៃ​ថាមពល​ដែល​បាន​ពី​ព្រះអាទិត្យ ក្នុង​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាសធាតុ។  

កញ្ចក់​ស្រូប​ពន្លឺ​ព្រះអាទិត្យ នៅ​ទីក្រុង​Santiago
កញ្ចក់​ស្រូប​ពន្លឺ​ព្រះអាទិត្យ នៅ​ទីក្រុង​Santiago Getty Images/LatinContent/Luis Padilla Silva
ផ្សាយពាណិជ្ជកម្ម

ការជំរុញ​ការប្រើប្រាស់​ថាមពល​ដែលបាន​ពី​ព្រះអាទិត្យ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សំរាប់​អាមេរិក ព្រោះ​ចាប់​តាំង​ពីលោកអូបាម៉ា​ចូល​កាន់តំណែង​នៅ​សេតវិមាន ការប្រើប្រាស់​អគ្គិសនី​ដែល​បាន​ពី​ថាមពល​ព្រះអាទិត្យ​បាន​កើន​ឡើង​ជាង​១០ដង។ ជាអាទិ៍​ដោយ​គ្រាន់​តែ​ក្នុង​ឆ្នាំ​២០១៣​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ តម្លៃ​ឧបករណ៍​ទាញ​យក​ថាមពល​ព្រះអាទិត្យ​សំរាប់​គេហដ្ឋាន និង​សំរាប់​អាជីវកម្ម​បាន​ធ្លាក់ថ្លៃ​ជាង​១២​ភាគរយ ដែល​ជា​កត្តា​នាំ​ឲ្យ​មាន​ប្រជាជន​អាមេរិកបាន​នាំគ្នា​ដំឡើង​ឧបករណ៍​នេះ​ទាំង នៅ​តាមផ្ទះ និង​តាម​កន្លែង​ប្រកប​អាជីវកម្ម​កាន់​តែ​ច្រើន​ឡើងៗ និង​ដែល​នាំ​ដល់​ការទ្រទ្រង់​លើ​ការងារ​ជាង​មួយម៉ឺន​ការងារ​ក្នុង​ផលិតកម្ម និង​សេវាកម្ម​ក្នុងវិស័យ​នេះ​នៅ​ទូទាំង​ប្រទេស។ ជាក់ស្តែង​នៅឆមាស​ទីមួយ​នៃ​ឆ្នាំ​២០១៤​នេះ​គេ​សង្គេត​ឃើញ​មាន​គេហដ្ឋាន និង​កន្លែង​ប្រកប​អាជីវកម្ម⁣សរុបជាង​កន្លះ​លាន​កន្លែង​ដែល​បាន​ដំឡើង​ប្រព័ន្ធ​ថាមពល​ព្រះអាទិត្យ​នេះ។

 
យ៉ាងណាមិញ​កាល​ពី​ដើម​ឆ្នាំ២០១៤​នេះ​ក្នុង​គោល​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាសធាតុ សេតវិមាន​ក៏​ធ្លាប់បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​ថាមពល​ព្រះអាទិត្យ​រួច​មក​ហើយ ដើម្បី​ប្រមូលផ្តុំ​ការចូលរួម​ឲ្យកាន់​តែ​ច្រើន​ពី​គ្រប់​វិស័យ ដែល​ជា​អ្នកនាំ​មុខគេ​ខាង​ការប្រើប្រាស់​ថាមពល​ព្រះអាទិត្យ និង​ដើម្បី​អំពាវនាវ​ឲ្យមាន​ការប្តេជ្ញាចិត្ត​គាំទ្រ​លើ​ការជំរុញ និង​បង្កើន​បន្ថែម​លើ​ការប្រើប្រាស់​ថាមពល​ព្រះអាទិត្យ និង​លើក​ស្ទួយ​ការងារ​ក្នុង​វិស័យនេះ តាមរយៈ​ការពង្រីក​ការប្រើប្រាស់​ថាមពល​ព្រះអាទិត្យ នៅ​តាម​ផ្ទះអគារ​អាជីវកម្ម និង​នៅតាម​សាលារៀន។

ដូចនេះ​សេចក្តី​ប្រកាស​ពត៌មាន កាលពី​ថ្ងៃព្រហស្បត៍​កន្លង​ទៅនេះ​ជា​ការឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​នៃ​ការគាំទ្រ​របស់​ទីក្រុង​ធំៗ និង​ក្រុមហ៊ុន​អាជីវកម្ម​នានា លើ​ការអនុវត្តន៍​គោល​នយោបាយ​នេះ​តាម​ការអំពាវនាវ​របស់​សេតវិមាន​កន្លង​ទៅ។ មកដល់​ពេលនេះ ជាសរុប គឺមាន​ការចូលរួម​ពីជាង​៣៥០​អង្គភាព​សហគ្រាស​គិតទាំង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ​ដែល​ត្រៀម​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ថាមពល​បាន​ពី​ព្រះអាទិត្យ ប្រមាណ​ជាង​៨៨៥ មេហ្កាវ៉ាត់ ដែល​អាច​បង្កើន​នូវ​ប្រសិទ្ធភាព​ថាមពល​សំរាប់​អគារ​ធំៗ​បានជាង​១៣០​លាន​ម៉ែត្រ​ការ៉េ។

បើផ្អែក​តាម​ការប្តេជ្ញាចិត្ត និង​ការអនុវត្តន៍​តាម​គោលនោបាយ​នេះ គេ​អាច​រំពឹង​ទុក​ថា នឹង​អាចកាត់​បន្ថយ​ការបំពុល​ឧស្ម័ន​កាបូនិក​ដល់​ទៅ​ជាង៣០០លានតោន នៅឆ្នាំ​២០៣០ ដែល​ស្មើ​នឹង​ការកាត់បន្ថយ​ការបំពុល​ដោយ​៦០លាន​រថយន្ត​បើក​លើផ្លូវ​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​នឹង​អាច​ជួយ​បន្ធូរបន្ថយ​លើ​ចំណាយ​ក្នុង​ការប្រើ​អគ្គិសនី​នៅ​តាម​ផ្ទះ និង​ក្រុមហ៊ុន​អាជីវកម្ម​បាន​ជាង​១ម៉ឺនលាន​ដុល្លា​អាមេរិក​ផង​ដែរ។

ក្នងសេចក្តី​ប្រកាស​ពត៌មាន​ដដែល​នោះ សេតវិមាន​ក៏បាន​ប្រកាស​នូវ​សកម្មភាព​អនុវត្តន៍​ដែល​ជា​វិធានការ​ថ្មីៗ​មួយ​ចំនួនបន្ថែម​ទៀតដើម្បី​បង្កើត​ការងារ​កាត់បន្ថយ​ការបំពុល​ឧស្ម័ន​កាបូនិច និង​ការកែលម្អ​ប្រសិទ្ធភាព​ថាមពល​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត។

សកម្មភាព​អនុវត្តន៍​ថ្មីៗ​មាន​ដូចជា៖ ការផ្តល់​ឥណទាន និង​ជំនួយ​សម្រាប់​ថាមពល​កកើត​ឡើងវិញ និង​ការកែ​លម្អ​ប្រសិទ្ធភាព​ថាមពល តាមរយៈ​ក្រសួង​កសិកម្ម​អាមេរិក​ដែល​នឹង​បណ្តាក់​ទុន​ជាង ៦៨​លាន​ដុល្លា។ ឥណទាន​និង​ជំនួយ​នេះ​នឹងផ្តល់​ជូន​តាមរយៈ​កម្មវិធី​ស្តីពី​ថាមពល​តាម​ជនបទ​សំរាប់​អាមេរិក (REAP) ដែល​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កសិករ និង​អាជីវកម្ម​ខ្នាត​តូច​នៅ​តាមជនបទ​ដើម្បី​ទិញ និង​ដំឡើង​ប្រព័ន្ធ​ថាមពល​កកើត​ឡើង​វិញ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ថាមពល។ កម្មវិធី​ផ្សេងៗ​ទៀត​របស់​រដ្ឋសហព័ន្ធ​ក៏​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​ផងដែរ មាន​ដូចជា​ការគាំទ្រ​លើ​ថាមពល​ស្អាត(Clean Energy) និង​មាន​ប្រសិទ្ធភាព​ក្នុង​តំលៃ​សមរម្យ​សំរាប់​លំនៅឋាន។ល។

សហរដ្ឋអាមេរិក​រំពឹង​ទុកថា សកម្មភាព​អនុវត្តន៍​ដែល​ជា​វិធានការ​ថ្មីៗ​ទាំងនេះ​នឹង​រក្សា និង​ពង្រឹង​ដល់​ភាពនាំមុខគេ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការបង្កើតថ្មី​​លើការប្រើប្រាស់​ថាមពល​ស្អាត និង​ការកាត់​បន្ថយ​ការខ្ជះខ្ជាយ​ថាមពល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ