COP28៖ ប្រទេសទាំងអស់សម្រេចបានកិច្ចព្រមព្រៀង សន្យាធ្វើ “អន្តរកម្មចាកឆ្ងាយពីថាមពលផូស៊ីល”
បន្ទាប់ពីបានឆ្លងកាត់ការជជែកគ្នា យ៉ាងតានតឹងនិងចម្រូងចម្រាសផងនោះ ទីបំផុតសន្និសីទCOP28 បានសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលប្រទេសជាច្រើនបានអបអរសាទរ និងចាត់ទុកថា ជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។ គ្មាននរណាសង្ឃឹមទេ ថាសន្និសីទCOP28នៅទីក្រុងឌូបៃ អាចឈានមកបិទបញ្ចប់ ជាមួយនឹងកិច្ចព្រមព្រៀងរួម ដែលប្រទេសទាំងអស់ សុខចិត្តទទួលយកទាំងអស់គ្នា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:៤៦
ផ្អែកតាមការលើកឡើងរបស់ លោក Sultan Al Jaber ប្រធានសន្និសីទCOP28 កិច្ចព្រមព្រៀងដែលសម្រេចបាននេះ គឺជាលទ្ធផលនៃការចរចាសម្របសម្រួលរវាងគ្រប់ប្រទេស យ៉ាងលំបាកលំបិនបំផុត។ កិច្ចព្រមព្រៀងនេះ មានតម្លៃជាប្រវត្តិសាស្ត្រ ព្រោះជាលើកទី១ ដែលក្នុងខ្លឹមសារវា គេបានចាររាយឈ្មោះ ថាមពលផូស៊ីលទាំងអស់ ពោលគឺប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័ន ថាជាប្រភពដ៏ធំនៃការបញ្ចេញឧស្ម័នកាបូនិក។
ទន្ទឹមគ្នានេះដែរ កិច្ចព្រមព្រៀងនេះបានសង្កត់បន្ថែមថា ប្រទេសទាំងអស់ត្រូវតែប្រឹងប្រែងធ្វើអន្តរកម្មថាមពល ឲ្យបានលឿនរហ័សបំផុត នៅក្នុងកំឡុងពេលទសវត្សនេះ ដើម្បីឲ្យឈានទៅសម្រេចអព្យាក្រិត្យភាពកាបូន នៅឆ្នាំ២០៥០ ដូចអ្វីដែលអ្នកវិទ្យាសាស្ត្របានដាក់អនុសាសន៍។ ជាផែនការអន្តរកម្មប្រព័ន្ធថាមពល រំដោះខ្លួនចេញពីថាមពលផូស៊ីល នៅក្នុងក្រមខណ្ឌមួយត្រឹមត្រូវ មានរបៀបរៀបរយ និងមានសមភាព។
អ្វីដែលគួរឲ្យកត់សំគាល់បំផុតមួយទៀត គឺកិច្ចព្រមព្រៀងនេះ បានកំណត់ថា ប្រទេសទាំងអស់ទូទាំងពិភពលោក សន្យាធ្វើអន្តរកម្មថាមពល ដោយធ្វើយ៉ាងណា ចាកឆ្ងាយម្តងបន្តិចៗពីថាមពលផូស៊ីល ដែលជាប្រភពធ្វើឲ្យសីតុណ្ហភាពជុំវិញផែន ដីឡើងកំដៅ។ ដើម្បីសម្របសម្រួលការយល់ឃើញ រវាងប្រទេសទាំងអស់ គេបានប្រើពាក្យជាភាសាអង់គ្លេសថា « Transitioning away » ដែលវាមានន័យស្រាលជាងពាក្យ « Phase-out » ដែលអាចប្រែមកក្នុងន័យថា “ចាកចេញ” ឈប់ប្រើថាមពលផូស៊ីលតែម្តង។
ក្នុងទឹកមុខញញឹម និងលើកមេដៃពីរឡើងទៅលើ លោក Xie Zhenhua តំណាងគណៈប្រតិភូចិន បានអបអរសាទរ ចំពោះការស្រុះស្រួលគ្នានេះ។ ជាមួយគ្នានេះ លោកបានលើកឡើងថា ក្រុមប្រទេសអ្នកមាន រីកចម្រើនជឿនលឿន ត្រូវតែប្រឹងប្រែងឲ្យបានខ្លាំង ដើម្បីនាំមុខ ធ្វើជាគម្រូ នៅក្នុងការធ្វើអន្តរកម្មថាមពល។
គួរបញ្ជាក់ថា រហូតដល់នាទីចុងក្រោយ មុនបិទសន្និសីទCOP28 ភាគីទាំងអស់បារម្ភថា អត្ថបទកិច្ចព្រមព្រៀង នឹងមិនអាចឆ្លងកាត់ការអនុម័តបានទេ ព្រោះអារ៉ាប៊ីសាអូឌីត និងឥណ្ឌា អាចនឹងប្រឆាំង។ ប្រភពពីក្រុមការងារអេមីរ៉ាតអារ៉ាប់រួម ដែលដឹកនាំសន្និសីទ បានលើកឡើងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបានគេចរចាជជែក ដើម្បីសម្រួលការយល់ឃើញខុសៗគ្នា រវាងភាគីទាំងអស់ ហើយជាពិសេសនោះ គឺដើម្បីបញ្ចៀសកុំឲ្យអារ៉ាប៊ីសាអូឌីត រាំងខ្ទប់បាន។ គេបានរក្សាខ្លឹមសារឲ្យមានន័យស្រាលនិងទូលាយ ដើម្បីទុកឲ្យភាគីទាំងអស់ យកទៅបកស្រាយឲ្យស្របទៅតាមការចង់បានរៀងៗខ្លួន។
ដោយឡែក ក្រុមសម្ព័ន្ធប្រទេសកូនកោះ ដែលជាអ្នកប្រឈមគ្រោះថ្នាក់បំផុតដោយបញ្ហាបម្រែបម្រួលអាកាសធាតុ បានឡើងថ្លែងអំពីការព្រួយបារម្ភរបស់ខ្លួន ថាកិច្ចព្រមព្រៀងនេះមានខ្លឹមសារទន់ខ្សោយ។ តែយ៉ាងណាក្រុមសម្ព័ន្ធប្រទេសកូនកោះ បានទទួលស្គាល់ដែរ ថាវាជាការបោះជំហានប្រសើរឡើងខ្លះ បើប្រៀបធៀបទៅនឹងសន្និសីទលើកមុនៗ។ ការយល់ឃើញដែលស្របគ្នាជាមួយ តំណាងអង្គការបរិស្ថាននានា ដែលមានវត្តមាននៅក្នុងសន្និសីទនេះដែរ។ ជាក់ស្តែង លោក Stephen Cornelius តំណាងអង្គការ WWF បានលើកឡើងថា ទោះកិច្ចព្រមព្រៀងនេះ មិនអំពាវនាវឲ្យចំៗ ថាត្រូវឈប់ប្រើថាមពលផូស៊ីលទាំងស្រុងក៏ដោយ តែនេះជាលើកទី១ហើយ ដែលខ្លឹមសារវាបានសំដៅដោយចំ ថាត្រូវតែប្រឹងធ្វើអន្តរកម្មថាមពល ងាកចេញពីឲ្យឆ្ងាយ ពីការប្រើប្រាស់ប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ