COP28៖ ការចរចាកាន់តែតានតឹង ដោយសារតែលិខិតដ៏ចម្រូងចម្រាសមួយរបស់OPEP
ការប្រជុំចរចានៅសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ កំពុងតែស្ថិតនៅក្នុងភាពតានតឹង ចម្រូងចម្រាសយ៉ាងខ្លាំង។ ភាពចម្រូងចម្រាស ដែលបណ្តាលមកពីលិខិតមួយ ដែលអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថាOPEP បានផ្ញើទៅកាន់ប្រទេសសមាជិកនិងប្រទេសដៃគូរបស់ខ្លួន ថាត្រូវតែបដិសេធចោលទាំងអស់ នូវខ្លឹមសារទាំងឡាយណា ដែលសំដៅមកលើថាមពលហ្វូស៊ីល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៤
រឿងរ៉ាវបានផ្ទុះឡើង បង្កឲ្យមានការតវ៉ាជាខ្លាំង នៅក្នុងសន្និសីទCOP28 បន្ទាប់ពីប្រទេសនានា បានដឹងអំពីខ្លឹមសារលំអិត នៃលិខិតដែលលោក Haitham al-Ghais អគ្គលេខាធិការអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថាOPEP ផ្ញើទៅកាន់ប្រទេសសមាជិកទាំង១៣ នៃOPEP និងប្រទេសដៃគូចំនួន១០ប្រទេសទៀត។ លិខិតនេះ បានលើកឡើងថា ត្រូវតែបដិសេធចោល កុំទទួលយកនូវកិច្ចព្រមព្រៀងណាមួយ ដែលមានខ្លឹមសារ សំដៅធ្វើឲ្យប៉ះពាល់ ដល់វិស័យថាមពលហ្វូស៊ីល ពោលគឺវិស័យប្រេងកាតនិងឧស្ម័នធម្មជាតិ។
លោកអគ្គលេខាធិការOPEP បានសរសេរបន្ត ក្នុងន័យពញ្ញាក់ស្មារតីក្រុមប្រទេសផលិតប្រេងទាំងអស់ថា “OPEPសង្កេតឃើញថា ទំនោរដាក់សំពាធស្តីបន្ទោស មកលើវិស័យថាមពលហ្វូស៊ីល កំពុងតែផុសផុលខ្លាំង ដល់ដំណាក់កាលមួយដែលមិនអាចត្រឡប់ក្រោយបានទេ”។ លោកបន្ថែមថា “ក្រុមប្រទេសផលិតប្រេងជាសមាជិក និងជាដៃគូរបស់OPEP ត្រូវតែប្រុងប្រយ័ត្ន មិនត្រូវចុះញ៉មនឹងទំនោរនយោបាយ ដែលប្រឆាំងនឹងថាមពលហ្វូស៊ីល ព្រោះវានឹងបង្កគ្រោះថ្នាក់ មកលើភាពរីកចម្រើន ថ្កុំថ្កើន និងអនាគតរបស់ប្រជាជាតិយើង”។
នៅថ្ងៃសុក្រទី៨ធ្នូ ដំណឹងស្តីពីខ្លឹមសារនៃលិខិតនេះ ត្រូវបានគេដឹងព្រោងព្រាតពេញសន្និសីទCOP28 ដែលការចរចាដើម្បីអនុម័តកិច្ចព្រមព្រៀងចុងក្រោយ កំពុងដំណើរការទៅយ៉ាងសកម្ម។ នៅព្រឹកថ្ងៃសៅរ៍ នៅចំពោះអ្នកកាសែត លោកស្រីរដ្ឋមន្ត្រីក្រសួងអន្តរកម្មថាមពលអេស្ប៉ាញ បានបរិហារដោយចំៗថា លិខិតរបស់អគ្គលេខាធិការOPEP គឺវាបង្ហាញអំពីគោលជំហរដ៏គួរឲ្យខ្ពើមរអើមបំផុត នៃក្រុមប្រទេសផលិតប្រេងដែលគិតតែប្រយោជន៍ខ្លួន។
ដូចគ្នាដែរ លោកស្រីរដ្ឋមន្ត្រីក្រសួងអន្តរកម្មថាមពលបារាំង ដែលកំពុងតែមានវត្តមាននៅឌូបៃដែរ បានលើកឡើង ក្នុងនាមរដ្ឋាភិបាលបារាំង គឺលោកស្រីមានការហួសចិត្តជាខ្លាំង ដែលឃើញគោលជំហរបែបនេះរបស់OPEP។ លោកស្រីបានបន្ថែមថា ថាមពលហ្វូស៊ីល គឺជាអ្នកទទួលខុសត្រូវ ព្រោះថាមពលនេះជាប្រភពបញ្ចេញឧស្ម័នកាបូនិក ចំនួនដល់ទៅ៧៥%នៃទំហំសរុប។ បើពិភពលោកចង់ទប់សីតុណ្ហភាពផែនដី កុំឲ្យឡើងលើសពី១,៥°c វាគឺជារឿងចាំបាច់បំផុត ដែលត្រូវតែចាកចេញពីការប្រើប្រាស់ថាមពលហ្វូស៊ីល។ លោកស្រីបន្តថា គោលជំហររបស់OPEP គឺជាគោលជំហរដែលធ្វើឲ្យប្រទេសងាយរងគ្រោះ និងប្រជាជនក្រីក្រ កាន់តែប្រឈមគ្រោះថ្នាក់ ដោយសារ្តែវិបត្តិអាកាសធាតុ។
គួរកត់សំគាល់ថា ក្រុមប្រទេសកូនកោះ និងតំណាងអង្គការបរិស្ថាន ដែលមានវត្តមានប្រជុំចរចានៅសន្និសីទCOP28 បានសំដែងក្តីព្រួយបារម្ភជាខ្លាំង ខណៈពេលវេលាកាន់តែខើច ហើយដំណើរការចរចាដើម្បីតាក់តែងកិច្ចព្រមព្រៀមរួម រាំងស្ទះកាន់តែខ្លាំង។ អនាគតនៃវិស័យថាមពលហ្វូស៊ីល ដែលមានប្រេងកាត ធ្យូងថ្ម និងឧស្ម័នធម្មជាតិ គឺជាចំណុចចម្រូងចម្រាសខ្លាំងបំផុត នៅក្នុងខ្លឹមសារនៃគម្រោងកិច្ចព្រមព្រៀង ដែលគេកំពុងជជែកគ្នា។ អារ៉ាប៊ីសាអូឌីត ក្នុងនាមជាប្រទេសដឹកនាំក្រុមប្រទេសផលិតប្រេង កំពុងត្រូវបានគេចោលភ្នែកសំឡឹង និងចោទប្រកាន់ថាអ្នកធ្វើគ្រប់យ៉ាង ដើម្បីរារាំងរំខានការចរចាទាំងអស់ នៅក្នុងសន្និសីទCOP28៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ