អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន៖ តើតុលាការពិសេសអាចបង្កើតឡើងទៅរួចដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការទាមទារ​ឲ្យ​បង្កើត​តុលាការ​ពិសេស ដើម្បី​ជំនុំជម្រះឧក្រិដ្ឋកម្ម នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន បាន​កើតមាន​កាន់តែ​ច្រើនឡើង។ បន្ទាប់​ពី​សហភាព​អឺរ៉ុប កាល​ពីចុងខែ​វិច្ឆិកា​កន្លងទៅ អាល្លឺម៉ង់​ក៏​បាន​ប្រកាស​ផងដែរ កាល​ពី​ថ្ងៃចន្ទ១៦មករា​កន្លងទៅនេះ​ថា ចង់ឲ្យ​មាន​ការ​បង្កើត​តុលាការ​ពិសេស ដើម្បី​ជំនុំជម្រះ​មេដឹកនាំ​រុស្ស៊ី។ ក៏ប៉ុន្តែ សំណួរ​ត្រូវចោទឡើង​ថា តើ​ហេតុអ្វី​ត្រូវ​បង្កើត​តុលាការ​ពិសេស​មួយ​ថ្មីទៀត ក្នុងពេល​ដែល​តុលាការព្រហ្មទណ្ឌអន្តរជាតិ​មាន​ស្រាប់​រួចទៅហើយ? តើ​ការបង្កើត​តុលាការពិសេស​នេះ​អាច​នឹង​ទៅរួចដែរ​ឬ​ក៏​យ៉ាងណា?

តុលាការព្រហ្មទណ្ឌអន្តរជាតិ​បាន​បើក​ការស៊ើបអង្កេត​រួចទៅហើយ ទៅលើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន។ ប៉ុន្តែ មិន​អាចស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​ឈ្លានពានបាន។
តុលាការព្រហ្មទណ្ឌអន្តរជាតិ​បាន​បើក​ការស៊ើបអង្កេត​រួចទៅហើយ ទៅលើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន។ ប៉ុន្តែ មិន​អាចស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​ឈ្លានពានបាន។ AP - Mike Corder
ផ្សាយពាណិជ្ជកម្ម

គិតរហូតមកទល់នឹងពេលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅ​ទីក្រុង​ឡាអេ កំពុង​ស៊ើបអង្កេត​រួចទៅហើយ ទៅលើ​ឧក្រិដ្ឋកម្ម នៅ​អ៊ុយក្រែន ដោយ​ការស៊ើបអង្កេត​នេះ​ត្រូវ​បាន​បើក​ធ្វើ​ តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២​កន្លងទៅ តាមរយៈ​ការ​ផ្តួចផ្តើម​គំនិត​របស់​រដ្ឋអាជ្ញាតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ដោយ​ផ្ទាល់ខ្លួនឯងផង និង​ទៅតាម​បណ្តឹង​របស់​ប្រទេសគិត​ជា​សរុប​ជាង ៤០ ដែល​ជា​សមាជិក​អនុសញ្ញាបង្កើត​តុលាការព្រហ្មទណ្ឌអន្តរជាតិ (អនុសញ្ញាក្រុងរ៉ូម)។

ក៏ប៉ុន្តែ ការស៊ើបអង្កេត​នេះ​អាច​ធ្វើឡើង​តែ​ចំពោះ​បទឧក្រិដ្ឋពីរប៉ុណ្ណោះ គឺ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ ចំណែក​ឧក្រិដ្ឋកម្ម​ឈ្លានពាន ដែល​បណ្តាប្រទេស​នៅ​អឺរ៉ុប ក៏ដូចជា​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត ទាមទារ​​ឲ្យ​បើក​ការស៊ើបអង្កេត និង​ជំនុំជម្រះ​លើ​សង្គ្រាមឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន តុលាការព្រហ្មទណ្ឌអន្តរជាតិ​មិន​អាច​ធ្វើ​ទៅបាន​នោះទេ ដោយសារ​តែ​ប្រទេស​ពាក់ព័ន្ធទាំងពីរ គឺ​​ទាំងអ៊ុយក្រែន និង​ទាំង​រុស្ស៊ី សុទ្ធតែ​មិនមែន​ជា​ប្រទេស​សមាជិក​​អនុសញ្ញា​បង្កើត​តុលាការព្រហ្មទណ្ឌអន្តរជាតិ។

គួរបញ្ជាក់ថា នៅ​ក្នុងករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក៏ដូចជា ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ដែរ តុលាការព្រហ្មទណ្ឌអន្តរជាតិ​​មាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ជំនុំជម្រះ ទោះជា​ប្រទេស​ពាក់ព័ន្ធមិនមែន​ជា​សមាជិកក៏ដោយ ប្រសិនបើ​​ប្រទេស​នោះ​ស្ម័គ្រចិត្ត​ទទួលស្គាល​់សមត្ថកិច្ច​របស់​តុលាការ។ ហើយអ៊ុយក្រែន​ ថ្វីដ្បិតតែ​​មិនមែន​ជាប្រទេស​សមាជិក ក៏ប៉ុន្តែ បាន​សម្រេច តាំងពី​ឆ្នាំ២០១៤​កន្លងទៅ ​​ទទួលស្គាល់​សមត្ថកិច្ច​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។

ឧក្រិដ្ឋកម្ម​ឈ្លានពាន​វិញ ថ្វីដ្បិតតែ​​ស្ថិត​នៅ​ក្នុងដែន​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ក៏ប៉ុន្តែ សមត្ថកិច្ចលើ​ឧក្រិដ្ឋកម្ម​នេះ​ទើបនឹង​ចូល​ជា​ធរមាន​ក្រោយគេ កាល​ពី​ឆ្នាំ២០១៨​កន្លងទៅ ចំណែក​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​សមត្ថកិច្ច​របស់​តុលាការ​ទៅលើ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​នេះ ក៏​ខុសប្លែក​ពី​ឧក្រិដ្ឋកម្ម​ផ្សេងទៀត​ដែរ គឺ​កម្រិត​ឲ្យ​​​អនុវត្ត​​តែ​ចំពោះ​ប្រទេស​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​តែប៉ុណ្ណោះ។

ហេតុដូច្នេះហើយ​បាន​ជា​មាន​ការ​ទាមទារ​ឲ្យ​បង្កើត​តុលាការ​ពិសេស​ដាច់ដោយឡែក​មួយទៀត​ ដើម្បី​ជំនុំជម្រះ​លើ​ឧក្រិដ្ឋកម្ម​ឈ្លានពាន បន្ថែម​ពីលើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​កំពុងស្ថិត​ក្រោម​ការស៊ើបអង្កេត​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ។

ក៏ប៉ុន្តែ ចំណោទ​​គឺនៅត្រង់​ថា ស្ថាប័ន​​អន្តរជាតិចម្បង ដែល​មាន​អំណាច​ក្នុង​ការ​ចេញសេចក្តីសម្រេច​​បង្កើត​តុលាការពិសេស​ថ្មីនេះ គឺ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ហើយ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ គឺ​មាន​រុស្ស៊ី​ជា​សមាជិក​អចិន្រ្តៃយ៍ ដែល​មាន​សិទ្ធិវ៉េតូ។

ដើម្បី​ចៀសពី​ការជាប់គាំង​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ មាន​អ្នកច្បាប់ខ្លះ ក៏ដូចជា​​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ខ្លះ ជាអាទិ៍ រដ្ឋមន្រ្តី​ក្រសួងការបរទេស​អាល្លឺម៉ង់ ជាដើម បាន​ស្នើ​កាល​ពីថ្ងៃ​ចន្ទ​ឲ្យ​បង្កើតជា​​អង្គជំនុំជម្រះពិសេស នៅ​ក្នុងក្របខណ្ឌ​នៃ​ច្បាប់​ជាតិ​របស់​អ៊ុយក្រែន ក៏ប៉ុន្តែ មាន​ការចូលរួម​ពី​សំណាក់​រដ្ឋអាជ្ញា និង​ចៅក្រម​អន្តរជាតិ ហើយ​ប្រើកញ្ចប់​ថវិកា​បាន​ពី​វិភាគទាន​ជាអន្តរជាតិ។ និយាយជារួម គឺ​តុលាការ​កូនកាត់ ក្នុង​ទម្រង់​ប្រហាក់ប្រហែលគ្នា​ទៅនឹងតុលាការខ្មែរក្រហម នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការបង្កើត​តុលាការ​កូនកាត់​ក្នុងទម្រង់​បែបនេះ មិនទាមទារ​ចាំបាច់​ត្រូវតែ​មាន​សេចក្តីសម្រេច​ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខនោះទេ គឺ​អាច​ធ្វើ​តាមរយៈ​កិច្ចព្រមព្រៀង រវាង​អ.ស.ប និង​រដ្ឋាភិបាល​អ៊ុយក្រែន។ កិច្ចព្រមព្រៀង ដែល​អាច​ចាត់ចែងធ្វើឡើង ដោយ​អគ្គលេខាធិការ​អ.ស.ប. ហើយ​អនុម័ត​ដោយ​មហាសន្និបាត​អ.ស.ប.។

យើងដឹង​ថា នៅ​ក្នុង​មហាសន្និបាត ប្រទេស​សមាជិក​នីមួយៗ​មាន​សំឡេង​ស្មើៗគ្នា ដោយ​គ្មាន​ប្រទេស​មានសិទ្ធិវ៉េតូនោះទេ ហើយ​បើ​យើង​មើលទៅ​ជំហរ​របស់​ប្រទេស​សមាជិក​អ.ស.ប កាល​ពីពេល​កន្លងទៅ យើងឃើញ​ថា មាន​ប្រទេស​ភាគច្រើន​លើសលុប​ធ្លាប់​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន។ ដូច្នេះ ការស្វែងរក​ការគាំទ្រ​ពី​សំណាក់​មហាសន្និបាត​អ.ស.ប ដើម្បី​បង្កើត​តុលាការ​ពិសេស​ជំនុំជម្រះ​ឧក្រិដ្ឋកម្ម​ឈ្លានពាន​នៅ​អ៊ុយក្រែន​​នេះ ទំនង​ជា​មិនមាន​បញ្ហា​ចោទ​នោះទេ។ ក៏ប៉ុន្តែ បញ្ហា​ដែល​អាច​នឹង​ចោទឡើង គឺនៅក្នុង​អំឡុងពេល​ដំណើរការ​នីតិវិធី​របស់​តុលាការ ជាពិសេស ចំណោទ​ទាក់ទង​នឹង​ការនាំខ្លួន​ជនសង្ស័យ​មក​កាត់ទោស។

តុលាការ​ដែល​បង្កើត​តាមរយៈ​កិច្ចព្រមព្រៀង​ ​រវាង​អ.ស.ប និង​អ៊ុយក្រែន ហើយ​មាន​ត្រឹមតែ​សេចក្តីសម្រេច​របស់​មហាសន្និបាត​អ.ស.ប នឹង​មិនមានទម្ងន់ផ្លូវច្បាប់ ដើម្បី​ចាប់បង្ខំ​រុស្ស៊ី​ឲ្យ​អនុវត្ត​នោះទេ ដូច្នេះ គេមិនរំពឹងថា តុលាការ​នេះ​នឹង​អាច​នាំខ្លួន​ជនសង្ស័យ​ពី​រុស្ស៊ី​មក​កាត់ទោស​បាន​នោះទេ។ ម្យ៉ាងទៀត ដោយសារ​តែ​​​បទឧក្រិដ្ឋកម្ម​ឈ្លានពាន​វាចាំបាច់​ត្រូវតែ​ពាក់ព័ន្ធ​ជាមួយ​នឹង​មេដឹកនាំកំពូលៗ ដូច្នេះ បញ្ហា​ប្រាកដ​ជា​នឹង​ត្រូវ​ចោទឡើង ​ជុំវិញ​​អភ័យឯកសិទ្ធិ​របស់​មេដឹកនាំ ដែល​កំពុងកាន់អំណាច ដោយ​ក្នុងករណីនេះ ទោះបីជា​ប្រមុខដឹកនាំ​រុស្ស៊ី ធ្វើ​ដំណើរ​ទៅក្រៅប្រទេស​ក៏ដោយ តុលាការ​ពិសេសនេះ​ក៏​​ទំនង​ជា​មិន​អាច​ចាប់បង្ខំ​ប្រទេស​ទី៣នោះ​ឲ្យ​ចាប់ខ្លួន​មេដឹកនាំ​រុស្ស៊ី​ ដើម្បី​នាំខ្លួន​មក​កាត់ទោស​បាននោះដែរ។

ក្នុងករណីនេះ តុលាការ​ពិសេស​​អាច​បង្កើត​បាន​ក៏ពិតមែន ដំណើរការ​ជំនុំជម្រះ​​អាច​ប្រព្រឹត្ត​ទៅបាន​ក៏ពិតមែន ក៏ប៉ុន្តែ វាអាច​ជា​ការកាត់ទោស​ដោយគ្មាន​វត្តមាន​ជនជាប់ចោទ ហើយ​ទោស​ដែល​ប្រកាស​ដោយ​តុលាការ​ក៏​ទំនង​ជា​មិន​អាច​យក​ទៅ​អនុវត្ត​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ