អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Josephine Baker ជានរណា បាន​ជាបារាំង​ផ្តល់​កិត្តិ​យស​បញ្ចុះ​សព​លោកស្រី ក្នុង​វិមាន​Pantheon ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​ទី ៣០ វិច្ឆិកា ២០២១​នេះ ​លោកស្រី Josephine Baker ហ្សូហ្សេហ្វីន បេកឺរ បាន​ក្លាយ​ជា​ស្ត្រី​ទី៦ និង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេបង្អស់ ដែល​បារាំង​បាន​សម្រេច​បញ្ចុះ​សពនៅវិមាន​ប៉ង់តេអុង Pantheon។ វិមាន​​បញ្ចុះ​សព​ឥស្សរជន​និង​បញ្ញាវន្តដែល​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ឱ្យ​ប្រទេស​បារាំង។ តើ​លោកស្រី​ Josephine Baker ជា​នរណា? បាន​បញ្ចេញ​ស្នាដៃ​អ្វី​ខ្លះ​សម្រាប់​បារាំង ទើបមាន​​​​កិត្តិយសបាន​ចារ​ឈ្មោះ​​ ក្នុង​វិមាន​ប៉ង់តេអុង ?

Josephine Baker ជានរណា បាន​ជាបារាំង​ផ្តល់​កិត្តិ​យស​បញ្ចុះ​សព​លោកស្រី ក្នុង​វិមាន​Pantheon
Josephine Baker ជានរណា បាន​ជាបារាំង​ផ្តល់​កិត្តិ​យស​បញ្ចុះ​សព​លោកស្រី ក្នុង​វិមាន​Pantheon © Fotomontagem RFI/ Adriana de Freitas/AP
ផ្សាយពាណិជ្ជកម្ម

៤៦ឆ្នាំ​ក្រោយ​មរណភាព សាកសព​លោកស្រី Josephine Baker ដែល​ជា​ស្ត្រី​ស្បែកខ្មៅ ជាតារា​សម្តែង ជា​អ្នក​ចម្រៀង ជាជនជាតិ​បារាំងដើម​កំណើត​អាមេរិក ត្រូវ​បាន​​យក​មកបញ្ចុះនៅ​ថ្ងៃទី ៣០​វិច្ឆិកា២០២១ ​ ​នៅវិមាន​ប៉ង់តេអុង ដោយមាន​ការ​ចូល​រួម​ពី​ឥស្សរជន អ្នក​​នយោបាយ​ យុវជន​ យ៉ាង​អធិកអធម និង​ដោយ​មានការចាក់​បទ​ចម្រៀង​របស់​លោកស្រី ដែល​មាន​ចំណង​ជើង​ថា "Me, Voila à Paris អូខ្ញុំ​មក​ដល់​ប៉ារីស​ហើយ" កំដរផង។ លោក​​ប្រធានាធិបតី​បារាំង លោក​អេម៉ាណុយអែល ម៉ាក្រុង ​បាន​អញ្ជើញ​មគោរព​វិញ្ញាណក្ខន្ធ ដល់​ព្រលឹង​សិល្បការិនី ដែល​មាន​ឈ្មោះល្បីល្បាញ​លើ​ពិភពលោក ដែល​បាន​ចូល​ប្រលូកយ៉ាង​សកម្ម​​ក្នុង​ចលនា​តស៊ូប្រឆាំង​ពួក​ណាហ្ស៊ី ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជសាសន៍ និង​ដែលប្រឹង​ប្រយុទ្ធ​តស៊ូ​​​ប្រមូលផ្តុំ​ពលរដ្ឋ​មាន​ឆន្ទៈ​ល្អ​ សម្រាប់​បារាំងនិង​ពិភពលោកទាំង​មូល។

មាន​ឈ្មោះ​កំណើត​ថា Freda Josephine Mcdonald ​កើតនៅ​Missouri សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​១៩០៦ លោកស្រី​ បេកឺរ ជា​កូន​ស្រី​របស់​គ្រួសារ​ដ៏​ក្រីក្រមួយ និង​ត្រូវ​បាន​ឪពុក​បោះបង់​ចោលតាំង​ពី​តូច។ ​បង្ខំ​ចិត្ត​ទៅ​ស៊ីឈ្នួល​បំរើ​គេ​តាមផ្ទះ តាំង​ពី​អាយុ​៧​ឆ្នាំ Josephine Baker បាន​បញ្ចប់​ការសិក្សា​នៅត្រឹម​​អាយុ១៣ឆ្នាំដើម្បី​រៀបការ។ តែមិន​បាន​ប៉ុន្មាន​លោកស្រី​ក៏​​លែងលះគ្នា​​ភ្លាម ហើយផ្តើម​ចាប់​របរ​​ជា​អ្នក​រាំក្នុង​ក្រុមសិល្បៈ Jones Family Band។ ក្នុង​ដំណើរ​​ចេញ​សម្តែង​ជា​ពីរដ្ឋមួយ​ទៅ​រដ្ឋ​មួយ ជា​បន្ត​បន្ទាប់ នាង​​បាន​ជួប​លោក Willie Baker និង​រៀប​ការ​ជា​លើក​ទីពីរ ហើយ​ប្រើ​ត្រកូល​ Baker ជា​រៀង​រហូត​ដល់​ថ្ងៃស្លាប់។

ដើម្បីសម្រេច​បំណង​ចង់​ក្លាយ​ជា​អ្នក​សម្តែង​ល្ខោនBraodway លោកស្រី​បានបង្ខំ​ចិត្ត​​ចាកចេញពី​ស្រុក​កំណើត និង​ស្វាមីទី២ នៅ​អាយុ១៦ឆ្នាំ។ មាន​ស្នាដៃ​សម្តែង​ល្អ​ ផលិតករ​ម្នាក់​បាន​បបួល​នាង​មក​បារាំង ដើម្បីថត​ដាក់​ទស្សនាវដ្តី​ជនជាតិ​ស្បែក​ខ្មៅ  ក្នុង​ទម្រង់​ជាការរាំស្រាត​​ស្ទើរ​ស្រាតននោល ដែល​ក្រោយ​មក​លោកស្រី​បាន​សរសេរ​រិះគន់​ថា​ចំណី​​អារម្មណ៍របស់​ពួក​​អាណានិគម។ នៅ​ឆ្នាំ ១៩២៧ នាង​បាន​ឡើង​ឆាកសម្តែង​រាំ​ច្រៀង​​ក្នុង​ក្រុម Folies Bergeres។ សម្ជសសម្រស់និង​ការ​​សម្តែងរបស់​នាង​បាន​ទាក់​ចិត្តទាំង​មនុស្ស​ស្រីទាំងមនុស្សប្រុស ​មិនយូរប៉ុន្មាននាងក៏​បាន​ក្លាយ​ជា​តារា​ប្រចាំ​​កាស៊ីណូប៉ារីស និង​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ជាមួយ​បទ​ចម្រៀង​ J’ai 2 amours ឬ​ប្រែ​ថា “ខ្ញុំ​មាន​ស្នេហាពីរ” ដែល​​ជា​ការ​ឧទ្ទិស​ទឹកចិត្ត​សេ្នហារបស់​នាង​​ចំពោះ​ប្រទេស​កំណើត​និងក្រុង​ប៉ារីស។

នៅឆ្នាំ ១៩៣៧ នាង​បាន​រៀប​ការ​​ជា​លើកទីបី ជាមួយបុរសជា​​ជាងកាត់​ដេរ ជាតិ​ជ្វីហ្វ និង​បាន​ទទួល​សញ្ជាតិ​បារាំង។ ទន្ទឹមនឹង​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ លោកស្រី​មានបុព្វហេតុ​តស៊ូ​ប្រឆាំង​នឹង​ពួក​ណាហ្ស៊ី ដើរ​ជួរមុខ ដោយ​បានបន្លំ​ខ្លួន​​ធ្វើ​ជា​ចារកិច្ច​បំរើ​ឱ្យ​រដ្ឋ​បារាំង នាំ​ព័ត៌មាន​សម្ងាត់​និង​សំខាន់ៗ​ជា​ច្រើន​មក​ឱ្យ​បារាំង ឬ​ការពារ​ចារបុរស​ឱ្យ​បាន​រួច​ពី​ពួក​ណាហ្ស៊ីអាល្លឺម៉ង់ តាំង​ពី​សង្គ្រាម​ផ្ទុះឡើង​ភ្លាម រហូត​ដល់​ចប់​សង្គ្រាម​លោក។ លោកស្រី​បាន​​ចូល​បំរើ​ការងារ​ និង​ជួយ​​អង្គការ​កាកបាទក្រហម  រហូត​អស់​ទ្រព្យ​ពីខ្លួន។ នៅ​ឆ្នាំ ១៩៤៩លោក​ស្រី​បាន​មេដាយ​ជាសកម្មជន​តស៊ូ និង​​បាន​ទទួល​ឥស្សរិយស​ពី​ប្រធានាធិបតី​បារាំង ដឺហ្កោល នៅ​ឆ្នាំ ១៩៥៧។ ក្រោយមរណភាព​នៅ​ថ្ងៃទី ១២​មេសា​១៩៧៥ លោកស្រី​បានក្លាយ​ជា​ស្ត្រី​ទីមួយ​ដែល​បាន​ទទួល​មេដាយ​កិត្តិយស​យោធា។

ក្រោយ​​សង្គ្រាម​លោក ដោយចង់​ប្រែក្លាយ​ក្តីស្រមៃឃើញ​ពិភពលោក​មាន​ភាតរភាព​សាកល លោកស្រី​បាន​សុំ​កូនចំនួន​១២​នាក់មកចិញ្ចឹម មានពណ៌សំបុរ ដើមកំណើត​ សញ្ជាតិសាសនា​ខុសគ្នា​ទាំងអស់ និង​ចាប់​ផ្តើម​សកម្មភាព​គាំទ្រ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​នៅ​អាមេរិក តាំង​ពី​នៅ​ឆ្នាំ​១៩៥៣មក។ នៅ​ថ្ងៃទី ២៣​សីហា ១៩៦៣ លោកស្រី​បាន​ធ្វើ​ដំណើរ​ឆ្លងមហាសមុទ្ទ​​អាត្លង់ទិក ដើម្បី​ចូល​រួមដង្ហែ​ក្បួន​​បាតុកម្ម​ជាមួយ​ Martin Luther King ទាមទារ​សិទ្ធិ​សេរីភាព​ឱ្យ​ជន​ស្បែក​ខ្មៅ​នៅអាមេរិក ក្នុង​ឯកសណ្ឋាន​ជាវីរនារី​នៃចលនា​​បារាំង​សេរី France Libre និង​ដោយ​បាន​ថ្លែង​ថា “ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​រីករាយ​បំផុត​ក្នុង​មួយ​ជីវិត​ខ្ញុំ”។ ក្នុង​ដំណាក់កាលចុងក្រោយ​នេះ​ជីវិត លោកស្រី​បាន​ទទួល​ការ​គាំទ្រ​ពីរាជ​បុត្រី​​​ម៉ូណាកូ និង​លាចាកលោក​ក្នុងវ័យ​៦៩ឆ្នាំ នៅ​ម៉ូណាកូ។ ហើយ​ចាប់​ពីថ្ងៃទី ៣០វិច្ឆិកា​២០២១​ទៅ​ ​លោកស្រី​​បាន​ក្លាយ​ជា​ស្ត្រី​ទី​៦ និង​ជា​ស្ត្រីស្បែក​ខ្មៅ​ដំបូ​ង​គេ​បង្អស់ ដែល​មាន​កិត្តិយស​ផ្តិត​ឈ្មោះ​កប់​ផ្នូរ​ក្នុង​វិមាន​ប៉ង់តេអុង ក្បែរ​ឥស្សរជន​និង​បញ្ញាជន​​ដ៏​​​មាន​កេរ្តិ៍​ឈ្មោះ ៨០​រូប​ផ្សេង​ទៀតរបស់​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ