អានតួអត្ថបទ
បេឡារុស-អ៊ុយក្រែន-កាហ្សាក់ស្ថាន

ប្រមុខរដ្ឋបេឡារុស និង កាហ្សាក់ស្ថាន ហាក់បីឃ្លាតពីរុស្ស៊ី ធ្វើទស្សនកិច្ច នៅអ៊ុយក្រែន

បើថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​ប្រធានាធិបតី អ៊ុយក្រែន ប៉ូរ៉ូឆេនកូ ដែល បស្ចិម លោកនិយម បាន​ទទួល​ជួប នៅ​ក្រុង​គៀវ សមភាគី​បេឡារុស លោកលូកាឆេនកូ ដែលត្រូវគេ ស្គាល់ថាជា សម្ព័ន្ធមិត្ត​ជំនិត​នឹង​រុស្ស៊ី នោះ​ថ្ងៃ​ចន្ទ​នេះ គឺ​គាត់​ទទួល​ជួប ជាមួយ លោក​ប្រមុខរដ្ឋ កាហ្សាក់ស្ថាន ណាហ្សាបាយ៉េវ ដែល​ក៏​ជំនិត​នឹង​រុស្ស៊ី​ដែរ។ ម៉្លោះ​ហើយ​បានជា ជំនួប​ទាំងនេះ ញ៉ាំង​ឲ្យ​លេច​ចេញ​មក​ជា​សំនួរ ៖ តើ​ក្រុង Minsk និងក្រុង Astana ចាប់​ដក​ខ្លួន​ឃ្លាត​ពី​ម៉ូស្គូ​ឬ?

ប្រធានាធិបតី​អ៊ុយក្រែន​(ស្តាំ) និង​សមភាគី​កាហ្សាក់ស្ថាន នៅទីក្រុង​គៀវ ថ្ងៃ ២២ ធ្នូ ២០១៤
ប្រធានាធិបតី​អ៊ុយក្រែន​(ស្តាំ) និង​សមភាគី​កាហ្សាក់ស្ថាន នៅទីក្រុង​គៀវ ថ្ងៃ ២២ ធ្នូ ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

តាមដែលកាណាល់​ទូរទស្សន៍​ក្រុង​ម៉ូស្គូ ផ្សាយ​ហើយ​ផ្សាយ​ទៀត អំពី​រូបភាព​នៃ​ជំនួប រវាង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​និង​បេឡារុស គឺ​ថា​ក្នុង​ជំនួប​នេះ លោក លូកាឆេនកូ  ថ្លែងថា ប្រទេស​បេឡារុស របស់​គាត់​ត្រៀម​ធ្វើ​សព្វ​បែប​យ៉ាង ដើម្បី បំពេញ​ឲ្យ​បាន​រួច ក្នុងរយៈ ពេល​២៤​ម៉ោង សំណូមពរ​ណា​ក៏​ដោយ​ពី​ខាង​លោក​ប្រធានាធិបតី ប៉ូរ៉ូឆេនកូ សំខាន់​ឲ្យ​តែ​ជួយ​អ៊ុយក្រែន បញ្ឈប់​ការបាញ់​សម្លាប់​គ្នា​នៅ​តំបន់​បះបោរ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ជាទី​ដែល​តាំង​ពី​កណ្តាល​ខែ​មេសា​មក មាន​មនុស្ស​ធ្លាក់​ខ្លួន​ស្លាប់ អស់​ជាង ៤.៧០០​នាក់​ទៅ​ហើយ។

 
លោក ប៉ូរ៉ូឆេនកូ ពីចំណែក​ខ្លួន ថ្លែង​អំណរគុណ ទៅ​លោក លូកាឆេនកូ ចំពោះ​ការគាំទ្រ ដល់​បូរណភាព​ដែនដី​អ៊ុយក្រែន ទាំង​កត់​សម្គាល់​ថា ដោយសារ “សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធិភាព” ជាមួយ​ភាគី​បេឡារុស ដែល​ក្នុង​ប្រវត្តិ​ការទូត មាន​លេច​ចេញ​មក នូវ​ពាក្យ​ថ្មីៗ បែប​យ៉ាង ៖ ក្រុម​ទំនាក់ទំនង​ខាង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​អ៊ុយក្រែន អនុស្សរណៈ​ក្រុង មិនស្គិ៍,ពិធីសារ​ក្រុង​មីនស្គិ៍ កិច្ចព្រមព្រៀង​ក្រុង​មិនស្គិ៍។ គួររំលឹកថា ក្នុង​ក្រុម​ទំនាក់ទំនង​នោះ គឺ​មាន​តំណាង​អ៊ុយក្រែន តំណាង​រុស្ស៊ី តំណាង​ភាគី​បះបោរ តំណាង​អង្គការ​ដើម្បី​សន្តិសុខ និង សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប OSCE។

តាមពិត គឺ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​អាច​កើត​មាន ជំនួប​មួយ​លើក​ថ្មី នៃ​ក្រុម​ទំនាក់ទំនង​នេះ ប៉ុន្តែ អាក់​ខាន​ទៅ ដោយ​មកពី​ក្រុង​គៀវ​និង​ភាគី​បះបោរ និយាយ​មិន​ត្រូវ​គ្នា និង ថែម​ទាំង មិន​កំណត់​ឯណា កាលបរិច្ឆេទ​ថ្មី​នៃ​ជំនួប ដើម្បី​ស្តារ​ឡើង​វិញ អភិក្រម​នៃ​សន្តិភាព នៅ​អ៊ុយក្រែន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីនេះ គូស​បញ្ជាក់​ថា ក្នុង​ជំនួប​រវាង​លោក​ប្រធានាធិបតី​កាហ្សាក់ស្ថាន និង អ៊ុយក្រែន លោក ណាហ្សាបាយ៉េវ បាន​ស្នើ​ទៅ លោកប៉ូរ៉ូឆេនកូ ថា គាត់​ត្រៀម​ដើរតួ ជា​អន្តរការី រវាង​ក្រុង​ម៉ូស្គូ និង ក្រុង​គៀវ ខាង រក​ដំណោះស្រាយ​ឲ្យ​ស្ថានការណ៍​វិបត្តិ នៅ​អ៊ុយក្រែន និង​ថា ក្រុង Astana ក្នុង​ជម្លោះ​ដែល​មាន​ប្រកាន់​គោល​ជំហរ​អព្យាក្រិត្យ​ទេ​តើ។
កាហ្សាក់ស្ថាន ថែម​ទាំង​អាច​ស្នើ ក្រុង Astana រដ្ឋធានី​ខ្លួន ជា​កន្លែង​នៃ​ជំនួប ដើម្បី​សន្តិភាព នៅ​អ៊ុយក្រែន​ទៅ​ផង។

ចំណែក​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន បង្ហើប​ឲ្យ​ដឹង​ថា ក្រុង​មិនស្គិ៍ និង​ក្រុង Astana ពឹង​ក្រុង​គៀវ​ឲ្យ​ជួយ​បង្ខិត​គេ ទៅ​ជិត​នឹង​សហភាព​អឺរ៉ុប នៅ​ចំពោះ​មុខ​ការចុះ​ខ្សោយ ទៅ​នៃ​ស្ថានភាព​ក្រុង​ម៉ូស្គូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ