អានតួអត្ថបទ

Brexit៖ អឺរ៉ុបថា​ធ្វើ​សម្បទាន​អស់​ត្រឹម​នេះ​ហើយ អ្វីៗ​ទុកឲ្យ​ភាគី​អង់គ្លេស​សម្រេច​ចុះ

នៅថ្ងៃអង្គារនេះ សភាអង់គ្លេសនឹងត្រូវបោះឆ្នោតសាជាថ្មី ដើម្បីទទួល ឬមិនទទួល លើកិច្ចព្រមព្រៀង​ផ្តាច់​ខ្លួ​ន​ ដែលរដ្ឋាភិបាលលោកស្រីតេរ៉េសា ម៉ា បានចុះជាមួយសហភាពអឺរ៉ុប។ ជាកិច្ចព្រមព្រៀងដដែល ដែលសភាអង់គ្លេស​ បានបដិសេធចោលម្តងមកហើយ កាលពី២ខែមុន ដោយបានរុញមកឲ្យរដ្ឋាភិបាលលោកស្រីតេរ៉េសា ម៉ា ត្រូវចរចាកែប្រែចំណុចខ្លះ។ ក៏ប៉ុន្តែ នៅថ្ងៃចន្ទ តំណាងភាគីចរចា របស់អឺរ៉ុប បានលើកឡើងថា​សហភាពអឺរ៉ុប​បានធ្វើសម្បទាន អស់ត្រឹមនេះហើយ មិនអាចធ្វើអ្វី ឲ្យលើសនេះបានទេ។​ ដូច្នេះ ទទួលបានឬមិនបាន គឺអង់គ្លេស ជាអ្នកសម្រេច​ទៅចុះ!

ទង់សហភាពអឺរ៉ុប និងទង់ជាតិអង់គ្លេស បក់​រវិច​​នៅ​មុខ​សភា​ Westminster ប្រឆាំង​​នឹងការ​ផ្តាច់​ខ្លួន​
ទង់សហភាពអឺរ៉ុប និងទង់ជាតិអង់គ្លេស បក់​រវិច​​នៅ​មុខ​សភា​ Westminster ប្រឆាំង​​នឹងការ​ផ្តាច់​ខ្លួន​ © REUTERS/Henry Nicholls
ផ្សាយពាណិជ្ជកម្ម

ពេលវេលាដល់ហើយ ដែលសភាអង់គ្លេស ត្រូវបោះឆ្នោតសាជាថ្មី ដើម្បីទទួល ឬ បដិសេធ កិច្ចព្រមព្រៀងផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ កាលពី២ខែមុន កិច្ចព្រមព្រៀងនេះ ត្រូវបានសភាអង់គ្លេស បោះឆ្នោតបដិសេធ ហើយបានបង្ខំ ឲ្យលោកស្រីតេរ៉េសា ម៉េ ​ត្រូវ​ត្រលប់​ទៅ​ចរចា​ ជាមួយអឺរ៉ុប។

ចំណុចដែលខ្ទាស់ខ្លាំងបំផុតនោះ គឺទាក់ទិននឹង​បញ្ហាព្រំដែន រវាងដែនដីអៀរឡង់ខាងជើង របស់អង់គ្លេស និងប្រទេសអៀរឡង់។ ព្រំដែននេះ នឹងក្លាយជាព្រំដែន រវាងសហភាពអឺរ៉ុប និងអង់គ្លេស​ បន្ទាប់​ពីអង់គ្លេស ផ្តាច់ខ្លួនចេញជាស្ថាពរ។ ក៏ប៉ុន្តែ ដើម្បីបញ្ចៀសកុំឲ្យជម្លោះបែងចែកទឹកដីនៅអៀរឡង់ រើកំរើកឡើងវិញ ដោយសារតែព្រំដែននេះ ទើបសហភាពអឺរ៉ុប និងរដ្ឋាភិបាលអង់គ្លេស បានព្រមព្រៀងគ្នា បង្កើតជាបណ្តោះអាសន្ន នូវលក្ខខណ្ឌពិសេស ស្តីពីចរាចរមនុស្ស និងទំនិញ រវាងដែនដីអៀរឡង់ខាងជើង និងប្រទេសអៀរឡង់។ សម្រាប់សមាជិកសភាអង់គ្លេស​ជាតិនិយម លក្ខខណ្ឌនេះ គឺវាបំពាន ទៅនឹងបូរណភាពដែនដី និងអធិបតេយ្យភាព​ របស់អង់គ្លេសទាំងមូល។

ក៏ប៉ុន្តែឆ្លងកាត់២ខែមកនេះ គេសង្កេតឃើញថា​ ការចរចាសើរើចំណុចនេះ ហាក់គ្មានលទ្ធផលនោះទេ។ នៅថ្ងៃចន្ទ ទី១១មីនា លោក មីឈែល បានីញេ តំណាងសហភាពអឺរ៉ុប ទទួលបន្ទុកការចរចា បាននិយាយថា អឺរ៉ុបមិនអាចធ្វើសម្បទានអ្វី ឲ្យបានលើសពីនេះទេ។ អ្វីៗ ទុកឲ្យសភា និងរដ្ឋាភិបាលអង់គ្លេស សម្រេចទៅចុះ ថាទទួលយកបាន ឬមិនបាន។ តែយ៉ាងណា លោកឆ្លៀតបញ្ជាក់ថា សហភាពអឺរ៉ុប សុខចិត្តផ្តល់ជូន នូវតម្លៃគតិយុទ្ធចាប់បង្ខំ ទៅលើលិខិត​សន្យា អះអាងស្តីពីភាពបណ្តោះអាសន្ន​ នៃបទវិធានពិសេស នៅព្រំដែនរវាងអៀរឡង់ទាំង២។

ជាការពិត គឺគេមិនរំពឹងថា សភាអង់គ្លេសនឹងបោះឆ្នោត ទទួលកិច្ចព្រមព្រៀងនេះទេ ព្រោះ​ថាលោកស្រីតេរ៉េសា ម៉េ មិនបាននាំមកនូវការកែប្រែ ទៅតាមការចង់បានរបស់​សភា​ឡើយ។ បណ្តាញសារពត៌មានBBC បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះ ពិតជាស្ថិតក្នុងគ្រោះថ្នាក់ប្រាកដណាស់។

សូមរំលឹកថា នៅថ្ងៃទី២៩មីនា គឺជាឱសានុវាទចុងក្រោយ ដែលអង់គ្លេស ត្រូវផ្តាច់ខ្លួនជាស្ថាពរ ពីសហភាពអឺរ៉ុប។ បើគ្មានកិច្ចព្រមព្រៀង ដើម្បីរៀបចំចាត់ចែងពីការផ្តាច់ខ្លួនទេនោះ នោះភាពវឹកវរ ផ្នែកច្បាប់ ផ្នែកសេដ្ឋកិច្ច និងបញ្ហាជាច្រើនទៀត ប្រាកដជាកើតមាន។

តាមការលើកឡើង របស់អ្នកនាំពាក្យរដ្ឋាភិបាល​​អង់គ្លេស បើសិនជាថ្ងៃទី១២មីនា សភាមិនបោះឆ្នោតទទួលទេនោះ នោះនៅថ្ងៃទី​១៣ មីនា លោកស្រីតេរ៉េសា ម៉េ នឹងស្នើឲ្យបោះឆ្នោតមួយទៀត ដើម្បីចាកចេញពីអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង។ បើសិនសភាអង់គ្លេសនៅតែបដិសេធ មិនព្រមផ្តាច់ខ្លួន ដោយគ្មានកិច្ចព្រមព្រៀង នោះនឹងមានការបោះឆ្នោត​មួយទៀត នៅថ្ងៃទី​១៤មីនា ដើម្បីសុំពន្យាការចាកចេញ។ តែយ៉ាងណាក៏ដោយ ការពន្យាពេលចាកចេញ គឺត្រូវតែសហភាពអឺរ៉ុបយល់ព្រមដែរ ហើយអឺរ៉ុបក៏មិនអាច ចេះតែពន្យាទុកពេលឲ្យអង់គ្លេស នៅរ៉ាំរ៉ៃស្ទាក់ស្ទើរបែបនេះរហូតដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ