ភេរវកម្មនៅបារាំង ៖ វរសេនីយ៍ឯក ដែលបានប្តូរខ្លួននឹងចំណាប់ថ្នូរស៊ីវិល បានស្លាប់
លោក អារណូ បែលត្រាម Arnaud Beltrame វរសេនីយ៍ឯកនៃកងអាវុធហត្ថបារាំង ដែលបានប្រថុយជីវិតរបស់ខ្លួនទៅសង្គ្រោះចំណាប់ថ្នូរ នៅក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្មក្នុងទីផ្សារ ភាគខាងត្បូងប្រទេសបារាំងម្សិលមិញ បានស្លាប់ ដោយរងរបួសធ្ងន់ពេក។ វីរភាពរបស់លោកវវសនីយ៍ឯកបានទទួលការកោតស្ញប់ស្ញែញ ជាឯកច្ឆ័ន្ទ និងពីគ្រប់មជ្ឈដ្ឋាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៧
“ពលីដើម្បីមាតុភូមិ” គ្មានថ្ងៃបារាំងបំភ្លេចវីរភាព និងភាពក្លាហ៊ានរបស់អ្នកទេ ! លោកវរសេនីយ៍ឯក អារណូ បែលត្រាម បានទទួលមរណភាព ! ជាមួយនឹងការជូនដំនឹងដ៏ក្រៀមក្រំនេះ ដោយផ្ទាល់ តាំងពីព្រលឹម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរវីរភាពរបស់លោក អារណូ បែលត្រាម ដែលបានស្ម័គ្រចិត្ត យកជីវិតផ្ទាល់ខ្លួនទៅប្តូរ ដើម្បីសេរីភាពជនស៊ីវិល ប្រមាណ៥០នាក់ ជាប់ជាចំណាប់ខ្មាំងរបស់ភេរវជន រ៉េឌាន់ ឡាក់ឌីម កាលពីនៅថ្ងៃសុក្រទី ២៣ មីនា។
ក្នុងវ័យ៤៥ឆ្នាំ លោកវរសេនីយ៍ឯក បាននៅមួយទល់នឹងមួយជាមួយភេរវជន ជាច្រើនម៉ោង ! តែបានទុកទូរស័ព្ទដៃបើករហូត ដើម្បីឱ្យក្រុមការងារនៅខាងក្រៅស្តាប់ឮ និងចូលធ្វើអន្តរាគមន៍កម្ចាត់ជនដៃដល់។ ប៉ុន្តែរូបលោក ត្រូវរងរបួសជាទម្ងន់ ត្រូវគ្រាប់ផង និងរងការចាក់ដោយកាំបិត ជាច្រើនកន្លែង។
ក្រោយពីបានទទួលដំណឹងមរណភាពភ្លាម លោកប្រធានាធិបតី អេម៉ាណុយអែល ម៉ាក្រុង បានសម្តែងគារវកិច្ចឧទ្ទិសដល់វិញ្ញាណក្ខន្ត លោក អារណូ បែលត្រាម ភ្លាម ដោយបានប្រកាសថា “ជាការស្លាប់ក្នុងនាមជាវីរបុរស ដែលជាតិទាំងមូល សូមគោរព និងកោតស្ញប់ស្ញែង”។
សូមបញ្ជាក់ថា ជាមួយនឹងមរណភាពរបស់លោក បែលត្រាម ចំនួនមនុស្សស្លាប់ នៅក្នុងការវាយប្រហារភេរវកម្មបង្កឡើងដោយជន រ៉េឌាន់ ឡាក់ឌីម បានកើនឡើង៤នាក់ និងរបួស១៥នាក់។ ការអង្កេតកំពុងដំណើរការទៅមុខ ហើយគេក៏ផ្តើមស្គាល់អត្តសញ្ញាណខ្មាន់កាំភ្លើង ដែលប្រកាសខ្លួនជាទាហានរបស់អង្គការរដ្ឋអ៊ីស្លាមកាន់តែច្បាស់។ ឡាក់ឌីម មានឈ្មោះក្នុងបញ្ជីតាមដានរបស់ប៉ូលិសប្រឆាំងភេរវកម្ម ចំពោះសកម្មភាពផ្តាច់ខ្លួនជាអ្នកអ៊ីស្លាមជ្រុលនិយមសាឡាហ្វីស ប៉ុន្តែពុំមែនមានសញ្ញាប្រុងបង្កហេតុទេ និងធ្លាប់ត្រូវបានតុលាការកាត់ទោសពីបទល្មើសផ្សេងៗដូចជាកាន់កាំភ្លើង ប្រើគ្រឿងញៀន ។ល។ មនុស្សពីរនាក់ផ្សេងទៀត ត្រូវឃាត់ខ្លួន ពីបទមានពាក់ព័ន្ធនឹងឡាក់ឌីម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ