អានតួអត្ថបទ
អឺរ៉ុប-អូតង់

ប្រមុខការទូត​អឺរ៉ុប៖ កតិកាសញ្ញា​យោធា​អឺរ៉ុប​មិនមែន​ជា​គ្រោះថ្នាក់​សម្រាប់​អង្គការ​អូតង់

សហភាព​អឺរ៉ុប​នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​បដិសេធ​មិនធ្វើតាម​ការទាមទារ​របស់​អាមេរិក ដែល​ចង់​ឲ្យ​សហភាព​អឺរ៉ុប​សរសេរ​ធានា​ថា អង្គការ​អូតង់​ជា​តួអង្គ​តែមួយគត់ ដែល​មាន​បេសកកម្ម​ការពារ​អឺរ៉ុប។ អាមេរិក ក៏​ដូចជា​សមាជិក​ផ្សេងទៀត​របស់​អូតង់​បាន​ចាប់កើត​ក្តីបារម្ភ នៅក្រោយ​ឃើញ​សហភាព​អឺរ៉ុប ប្រកាស​បង្កើត​កិច្ចព្រមព្រៀង​យោធា​អឺរ៉ុប ដែល​ជា​ស្ថាប័ន​ដាច់​ដោយឡែក​មួយ ពី​អង្គការ​អូតង់។ 

អ្នកតំណាងជាន់ខ្ពស់​ផ្នែក​ការបរទេស​អឺរ៉ុបលោកស្រី Federica Mogheriniនិយាយ​នៅទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ នៅខែ​ធ្នូ ២០១៧
អ្នកតំណាងជាន់ខ្ពស់​ផ្នែក​ការបរទេស​អឺរ៉ុបលោកស្រី Federica Mogheriniនិយាយ​នៅទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ នៅខែ​ធ្នូ ២០១៧ ©THIERRY CHARLIER / AFP
ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​បដិសេធ​មិនធ្វើតាម​ការចង់​បាន​របស់​អាមេរិក ពីព្រោះ បើតាម ប្រមុខ​ការបរទេស​អឺរ៉ុប លោកស្រី Federica Mogherini តួនាទី​របស់​អង្គការ​អូតង់ ដែល​ត្រូវ​ការពារ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ត្រូវ​បាន​សរសេរ ចែង​យ៉ាងច្បាស់​រួច​ហើយ នៅក្នុង​សន្ធិសញ្ញា​អឺរ៉ុប។

 

នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការពារ​ជាតិ របស់​ប្រទេស​សមាជិក អូតង់ នៅទីក្រុង​ព្រុចស៊ែល ប្រមុខការពារ​ជាតិ​អាមេរិក លោក​James Mattis បាន​ទាមទារ​ឲ្យ​អឺរ៉ុប ត្រូវ​សរសេរ នៅក្នុង​កិច្ចព្រមព្រៀង​យោធា​ថ្មី របស់​អឺរ៉ុប ថា ការការពារ​សន្តិសុខ​ឲ្យ​អឺរ៉ុប គឺ​ជាកាតព្វកិច្ច របស់​អង្គការ​អូតង់ គឺ​អូតង់​តែមួយ​គត់។ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ចង់​បាន​ការធានា​ពី​ភាគី​អឺរ៉ុប​ថា នឹង​គ្មាន​ស្ថាប័ន​ណាមួយ​ផ្សេង ដែល​នឹង​ទៅ​គំរាមកំហែង ប្រកួតប្រជែង ដណ្តើម​ការងារ​របស់​សម្ព័ន្ធអាត្លង់ទិក អូតង់។

 

រដ្ឋមន្រ្តី​ការពារ​ជាតិ​ចង់​សំដៅ​ដល់​កតិកាសញ្ញា​ការពារ​ជាតិ ដែល​សហភាពអឺរ៉ុប ដែល​មាន​សមាជិក​២៦​ប្រទេស បាន​ចុះហត្ថលេខា​បង្កើត កាលពី​ខែ​ធ្នូ​កន្លងទៅ។ ទៅតាម​កិច្ចព្រមព្រៀង យោធា អឺរ៉ុប PESCO ប្រទេស​សមាជិក​អឺរ៉ុប​បាន​សន្យា​ថា សហការ​គ្នា​ឲ្យ​ជិតស្និទ្ធ ក្នុង​ផ្នែក​យោធា និង​បង្កើន​ការចំណាយ​យោធា ដើម្បី​ផលិត​សព្វាវុធ​ថ្មីៗ។ ជារួម កិច្ចព្រមព្រៀង​យោធា​អឺរ៉ុប​មាន​នាទី​ជំរុញ​ឲ្យ​ការវិនិយោគ​ទៅលើ​ការអភិវឌ្ឍន៍​លើ​សមត្ថភាព​ការពារ​ជាតិ​អឺរ៉ុប មាន​តម្លៃ ៥ពាន់​លាន​អឺរ៉ូ ចាប់ពី​ឆ្នាំ ២០២០។

 

នៅក្រោយ​សហភាព​អឺរ៉ុប​សម្រេច​បង្កើត​កិច្ចព្រមព្រៀង​យោធា​ផ្ទាល់​របស់​អឺរ៉ុប អាមេរិក កាណាដា ន័រវែស អ៊ីស្លង់ អាល់បានី បារម្ភ​ខ្លាចថា ។ មន្រ្តី​ការពារ​ជាតិ​អាមេរិក ធ្លាប់​បាន​ព្រមានរួចហើយថា គំនិតផ្តួចផ្តើម​អឺរ៉ុប មិនត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ និង​មធ្យោបាយ​ហិរញ្ញវត្ថុ​របស់​អង្គការ​អូតង់។ សម្រាប់​អគ្គលេខាធិការ​អង្គការ​អូតង់ ស្ថាប័ន​ការពារ​ជាតិ​អឺរ៉ុប​មិនត្រូវ​ធ្វើ​កិច្ចការ​អ្វី ដែល​អូតង់​កំពុងធ្វើ ហើយ​ក៏​មិនត្រូវ​បិទ​ទីផ្សារ​អាវុធ មិនឲ្យ​អាមេរិក ឬ​ក្រុមប្រទេស​ដែល​មិនមែន​ជា​សមាជិក​របស់​អឺរ៉ុប ចូលទិញ​នោះដែរ។ នៅថ្ងៃ​ចន្ទ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អង្គការ​អូតង់​បាន​ព្រមាន​សហភាពអឺរ៉ុប កុំ​ឲ្យ​ប្រើ​កិច្ចព្រមព្រៀង​យោធា​អឺរ៉ុប ដើម្បី​ធ្វើ​ជា​ឧបករណ៍ ការពារ​ឧស្សហកម្ម​ផលិតអាវុធ​របស់​អឺរ៉ុប ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិតអាវុធ​អាមេរិក ដែលរហូត​មក​ជា​អ្នកផ្គត់ផ្គង់ ដល់​គម្រោង​យោធា របស់អូតង់ ដែល​មាន​ប្រទេស​អឺរ៉ុប ជា​សមាជិក។

 

ប្រមុខការបរទេស​អឺរ៉ុប នៅថ្ងៃ​សុក្រ បាន​បញ្ជាក់​ជាថ្មី កតិកាសញ្ញា​យោធា​អឺរ៉ុប​នឹង​មិនទៅ​ដណ្តើម​ការងារ​របស់​អូតង់ ប៉ុន្តែ នឹង​អាច​ជួយបំពេញបន្ថែម នៅ​ផ្នែក​នយោបាយ​សន្តិសុខ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ