អានតួអត្ថបទ
រុស្ស៊ី-តួកគី-អ៊ីរ៉ង់

តួកគី​ប្រកាស​អំពី​ជំនួបកំពូល​ត្រីភាគី​ជាមួយ​រុស្ស៊ី និង​អ៊ីរ៉ង់​ជុំវិញ​បញ្ហា​ស៊ីរី

ថ្ងៃ​ព្រហស្បតិ៍ ទី៨ កុម្ភៈ តួកគី បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ទទួល​ជំនួបកំពូល ត្រីភាគី ជាមួយ រុស្ស៊ី និង អ៊ីរ៉ង់ ឧទ្ទិស​ដល់ ប្រទេស​ស៊ីរី ជា​ទី​ដែល នា​ពេល​ចុង​ក្រោយ ចេះ​តែ​បន្ត​កើន​ឡើង អំពើ​ហិង្សា ដែល​នាំ​ឲ្យ​ខូច ដល់​ការ​ខំ​ប្រឹងប្រែង​ផង​ទាំង​ឡាយ ស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​នោះ ហែកហួរ ដោយ​ជម្លោះ​តាំង​ពី​ឆ្នាំ ២០១១ មក លុះ​ទាល់​តែ​ផ្តាច់​ជីវិតមនុស្ស អស់​ជាង ៣ សែន ៤ ម៉ឺន នាក់ ទៅ​ហើយ។

លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន
លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន Yasin Bulbul/Presidential Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​អនុម័ត ក្នុង​កិច្ចសន្ទនា​តាម​ទូរសព្ទ ថ្ងៃ​ព្រហស្បតិ៍ រវាង លោក​ប្រមុខរដ្ឋ តួកគី តៃយីព អ៊ែរដូហ្កាន់ និង​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដំណឹង​នេះ​បញ្ជាក់​ដោយ ក្រុម​មន្ត្រី ជំនិត​នឹង​ប្រមុខរដ្ឋ​តួកគី ដែល​លំអិត​ថា កាលបរិច្ឆេទ​ជំនួប នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ។ ចំណែក​អ្នកនាំពាក្យ​វិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ថ្លែង​ថា សាច់រឿង គឺ​អំពី​ជំនួប​រវាងប្រធានាធិបតី ៣ ប្រទេស ប៉ុន្តែ ពេលវេលា​ជំនួប​នេះ នៅ​មិនទាន់​កំណត់​ទេ។ រុស្ស៊ី និង អ៊ីរ៉ង់ ដែល​គាំទ្រ​របប​លោក​ប្រធានាធិបតី បាស្ហារ អាល់-អាសាដ ព្រម​ទាំង តួកគី ដែល​ជា​បង្អែក របស់​ភាគី​ប្រឆាំង​ស៊ីរី ធ្លាប់​បាន​ធ្វើ​ជំនួបកំពូល​ត្រីភាគី​មួយ​លើក​ដំបូង​ទៅ​ហើយ នៅឯ ក្រុង​រុស្ស៊ី សូតឈិ កាល​ពី ខែ​វិច្ឆិកា​ឆ្នាំមុន។

ដំណឹង​ប្រកាស​ដោយ​តួកគី អំពី​ជំនួបកំពូល​បែប​នេះ ជា​លើកទី២ ធ្លាយ​ចេញ​មក គឺ​នៅ​ចំ​ពេល​ដែលក្នុង ប្រទេស​ស៊ីរី ហែកហួរ​ដោយ​ជម្លោះ​តាំង​ពី​ឆ្នាំ ២០១១ មក បណ្តាល​ឲ្យ​អ្នកស្រុក​ស្លាប់​អស់​ជាង ៣ សែន ៤ ម៉ឺន នាក់​ទៅ​ហើយ នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ ស្រាប់​តែ​លាប់​ឡើង​វិញ ដោយ​ការ​ផ្ទុះ​អាវុធ នៅ​លើ សមរភូមិ​ផ្ទាល់។ របប​ស៊ីរី ដែល​គាំទ្រ​ដោយ​មូស្គូ​និង​ក្រុង​តេហេរ៉ង់ បាន​បញ្ឆេះ​ប្រតិបត្តិការ​វាយលុក​ជា​ថ្មី ទៅ​លើ​ខេត្ត​បះបោរ Idleb នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស ហើយ​ក្នុង​សប្តាហ៍​នេះ បាន​បង្កើន​ការ​ទំលាក់​គ្រាប់បែក ទៅ​លើ​តំបន់ Ghouta កាន់​កាប់​ដោយ​ពួក​ឧទ្ទាម នៅ​ខាង​កើត​ពី​រដ្ឋធានី ដាម៉ាស់។

រីឯ កងទ័ព​តួកគី ក្នុង​ខែ​មុន បាន​វាត​យុទ្ធនាការ​ទៅ​លើ ក្រុង Afrine នៅ​ប៉ែកពាយ័ព្យ​ស៊ីរី​ដែរ ប្រឆាំងនឹង កង​សេនាជន​គួដឌីស្ថាន ហេតុ​ដែល​បើក​សមរភូមិ​ថ្មី​មួយ​ទៀត នៅ​ក្នុង​ជម្លោះ​ដែល​ស្មុគស្មាញស្រាប់​ទៅ​ហើយ។ រួច​ព័ត៌មាន​ស្តី​អំពី​យុទ្ធនាការ​នេះ​ឯង ដែល​ត្រូវ​បាន​លោក អ៊ែរដូហ្កាន ចែក​រំលែកជាមួយ​លោក​ពូទីន។ មេដឹកនាំ​តួកគី ក៏​បាន​សំដែង​ការ​រួម​មរណទុក្ខ មក​កាន់​មេដឹកនាំ​រុស្ស៊ី ដោយ​ពី​ឡុត​រុស្ស៊ី នៃ​យន្តហោះ​ចំបាំង ពេល​ហោះ​ល្បាត​លើ​តំបន់​សន្តិសុខ​ក្នុង​ខេត្ត Idleb ត្រូវ​បាន​បាញ់​ធ្លាក់ដោយ​ក្រុម​ពួក​ជីហាត។ មូស្គូ បាន​សាទរ ចំពោះ​តួនាទី ដើរ​ដោយ​ក្រុង អង់ការ៉ា ក្នុង​ការ​យក​បាន​មកវិញ សព​នាយ​ទាហាន​រុស្ស៊ី​នោះ។ ពេល​សន្ទនា​តាម​ទូរស័ព្ទ លោកពូទីន និង លោក អ៊ែរដូហ្កាន បានឯកភាព​គ្នា ពន្លឿន ការ​ពង្រាយ ប៉ុស្តិ៍សង្កេតការណ៍​ថ្មីៗ​ទៀត នៅ​ក្នុង​ខេត្ត​នោះ ក្នុង​ក្របខ័ណ្ឌ​នៃ​តំបន់សន្តិសុខ​ខេត្ត Idleb ជា​តំបន់​សន្តិសុខ​មួយ​ពី​ក្នុង​ចំណោម​តំបន់​សន្តិសុខ ៤ កន្លែង​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ