អានតួអត្ថបទ
អង់គ្លេស-បោះឆ្នោត

អង់គ្លេស៖​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​កម្រិត​ខ្ពស់​នៅ​ក្នុង​ថ្ងៃ​រៀបចំ​ការ​បោះឆ្នោត​សភា

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មិថុនា​នេះ មាន​ពលរដ្ឋ​អង់គ្លេស​ជាង ៤៧លាននាក់​បាន​ចូលរួម​បោះឆ្នោត​សភា​មុន​កាល​កំណត់។ បេក្ខជន​ដែល​នាំ​មុខ​ប្រកៀកប្រកើយ​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ គឺ​លោកស្រី​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ Theresa May មក​ពី​គណបក្ស​អភិរក្សនិយម និង​លោក Jeremy Corbyn មក​ពី​គណបក្ស​ពលករ។ វិធានការ​សន្តិសុខ​ត្រូវ​បាន​រដ្ឋអំណាច​ពង្រឹង​ក្នុង​កម្រិត​ខ្ពស់​ដើម្បី​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ជា​យថាហេតុ។ ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​នៅ​ម៉ោង ៧ព្រឹក និង​គ្រោង​បិទទ្វារ​នៅ​ម៉ោង ១០យប់​នេះ។

បោះឆ្នោត​សភា​អង់គ្លេស​ថ្ងៃទី៨ មិថុនា ២០១៧៖រូប​ថត​លោក Jeremy Corbyn បេក្ខជន​បក្ស​ពលករ និង​លោក​ស្រី Theresa May បេក្ខជន​បក្ស​អភិរក្សនិយម
បោះឆ្នោត​សភា​អង់គ្លេស​ថ្ងៃទី៨ មិថុនា ២០១៧៖រូប​ថត​លោក Jeremy Corbyn បេក្ខជន​បក្ស​ពលករ និង​លោក​ស្រី Theresa May បេក្ខជន​បក្ស​អភិរក្សនិយម REUTERS/Marko Djurica TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

ពិត​ជា​មិនមែន​ចៃដន្យ​ទេ​ដែល​រដ្ឋអំណាច​អង់គ្លេស​បាន​ពង្រឹង​សន្តិសុខ​ដល់​កម្រិតកំពូល​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​នេះ។ មិន​ចៃដន្យ ព្រោះ​ប្រទេស​បាន និង​កំពុង​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ជានិច្ច។ គ្រាន់​តែ​អំពើ​ភេរវកម្ម​ចំនួន ៣ដង ក្នុង​រយៈពេល​មិន​ដល់ ៣ខែ​ចុង​ក្រោយ​នេះ​បាន​ផ្តាច់​ជីវិត​មនុស្ស ៣៥នាក់។ សន្តិសុខ​ដែល​ត្រូវ​បាន​រដ្ឋអំណាច​ពង្រឹង​ខ្លាំង​ជាង​គេ គឺ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏។ នេះ​ក៏​ដោយសារ​ថា ពលរដ្ឋ​អង់គ្លេស​ភាគច្រើន ពិសេស​អ្នក​រស់ក្នុង​ទីក្រុង​ឡុងដ៏​ហាក់​បន្ត​តក់ស្លុត និង​មិន​ទាន់​បាត់​ភ័យខ្លាច​លើ​អំពើ​ភេរវកម្ម​កាល​ពី​ថ្ងៃទី៣ មិថុនា​កន្លង​ទៅ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៨នាក់ និង​របួស ៤៨នាក់។

សូម​ជម្រាប​ជូន​ថា អ្នក​ដែល​បាន​កោះ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​អាណត្តិ​ដល់​ទៅ ៣ឆ្នាំ​ពេល​នេះ គឺ​លោកស្រី​នាយករដ្ឋមន្រ្តី​ផុត​អាណត្តិ Theresa May។ លោកស្រី Theresa May បាន​ចូល​ជំនួស​កន្លែង​លោក David Cameron ក្រោយ​ពី​លោក Cameron លា​ចុះ​ពី​តំណែង​ដោយសារ​តែ​ពលរដ្ឋ​អង់គ្លេស​បាន​បោះឆ្នោត​ឲ្យ​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​ហៅ​ថា Brexit។ តាម​ពិត​ទៅ លោកស្រី May មិន​ចាំ​បាច់​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ទេ ព្រោះ​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​ដល់​ទៅ ១៧សម្លេង។

តែ​សម្រាប់​លោកស្រី May លើស ១៧សម្លេង គឺ​តិចតួច​ខ្លាំង​ណាស់ និង​ចង់​ទទួល​បាន​សម្លេង​ច្រើន​ជាង​នេះ​ដោយ​លោកស្រី​បារម្ភ​ខ្លាច​មាន​តំណាងរាស្រ្ត​ប្រឆាំង​ខ្លះ​ចេញ​ពី​គណបក្ស​អភិរក្សនិយម ឬ​និយាយ​ឲ្យ​ស្រួល​យល់ គឺ​ខ្លាច​ដង្កូវ​ចេញ​ពី​សាច់​ឯង។ ការ​ដែល​លោកស្រី May ចង់​បាន​សម្លេង​ភាគច្រើន​លើស​លុប​នៅ​ក្នុង​សភា គឺ​ងាយស្រួល​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ល្អ​ឲ្យ​ប្រទេស​អង់គ្លេស។ តែ​ជា​ដំបូង លោកស្រី May ត្រូវ​យក​ឈ្នះ​លើ​លោក Jeremy Corbyn បេក្ខជន​មក​ពី​គណបក្សប្រឆាំង គឺ​បក្ស​ពលករ​ជាមុន​សិន។

លទ្ធផល​ស្ទង់មតិ​ចុងក្រោយ​ឲ្យ​ដឹង​ថា លោកស្រី May នៅ​តែ​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ តែ​គម្លាត​រវាង​លោកស្រី និង​លោក Corbyn បាន​ថយ​ចុះ​ខ្លាំង​ពី ២០ពិន្ទុ​មក​នៅ​ចន្លោះ​ពី ៤ ទៅ ១០ពិន្ទុ​ប៉ុណ្ណោះ។ ការ​ហក់​ស្ទុះ​ឡើង​របស់​លោក Corbyn ក៏​ដោយសារ​តែ​មាន​ការ​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់។ លោក Corbyn មិន​ញញើត​នឹង​ដំឡើង​សម្លេង​ដាក់​លោកស្រី May ពី​ការ​មិន​យក​ចិត្ត​ទុកដាក់​លើ​សន្តិសុខ​របស់​ប្រជាជន​អង់គ្លេស និង​ចោទ​លោកស្រី​ពី​បទ​បាន​លុប​ចោល​ការងារ​ប៉ូលិស​ចំនួន ២០ ០០០ការងារ​ក្នុង​ពេល​ដែល​លោកស្រី​កាន់​តំណែង​រដ្ឋមន្រ្តី​មហាផ្ទៃ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ