អានតួអត្ថបទ

រដ្ឋាភិបាល​បារាំង​ថ្មី​ កំពុង​ជួប​រឿង​អាស្រូវ​រដ្ឋមន្ត្រី​មិន​ស្អាតស្អំ

ជា​​ប្រធានាធិបតី​ថ្មី វ័យ​ក្មេង លោក អេម៉ានុយអែល ម៉ាក្រុង បាន​បង្ហាញ​ជា​ភាព​ស្វាហាប់​​ដឹកនាំ​ប្រទេស និង​បាន​បង្ហាញ​ម៉ឺងម៉ាត់ ដាច់​ខាត តាក់តែង​បង្កើត​រដ្ឋាភិបាលទាន់​សម័យ ​មួយ​ ជា​​គំរូល្អ​ និង​ជាពិសេស​​ស្អាត​ស្អំ គ្មាន​ប្រលាក់​ប្រលូស​ជីវិត​ឯកជន​និង​សាធារណៈ​ទេ។ លោក​ម៉ាក្រុង​ បាន​ចាត់​ទុក​ “​សីលធម៌​ស្អាត​ស្អំ” ​ជា​មេរៀន​ទី​មួយរបស់​រដ្ឋាភិបាល ដែល​ត្រូវ​អនុវត្ត​ឱ្យ​បាន ប៉ុន្តែ​មិន​ទាន់​អី​ផង ស្រាប់​តែ​មាន​ផ្ទុះ​រឿង​អាស្រូវ​ ថាមាន​ រដ្ឋមន្ត្រី​ថ្មី​ថ្មោង​របស់​លោក​ម៉ាក្រុង ពីរ​រូប​ ជាប់​សង្ស័យ​បាន​កេង​លុយ​រដ្ឋ។

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង បេក្ខជន​បក្ស​សាធារណរដ្ឋ​​ដ៏​ល្បីល្បាញ​ដែល​រួម​រិត​ដោយ​រឿង​អាស្រូវ​ ​កេង​លុយ​រដ្ឋ​​​បាន​ចាញ់​ឆ្នោត។ លោក ម៉ាក្រុង បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី យល់​ការ បាន​យក​ភាព​ស្អាតស្អំ​របស់​សមាជិក​រដ្ឋាភិបាល មក​ដាក់​មុខ​ ដោយ​សង្ឃឹម​ថា​នឹង​អាច​​ទាក់ទាញ​ចិត្ត​ពលរដ្ឋ​បាន​ ឱ្យ​បន្ត​គាំទ្រ​បក្ស​លោក​ទៀត នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា ថ្ងៃទី ១១​និង​១៨​មិថុនា​ខាង​មុខ។

ប៉ុន្តែ​ម្សិលមិញ សារព័ត៌មាន​បារាំង​ទម្លាយ​រឿង​អាស្រូវថា​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អឺរ៉ុប លោកស្រី Marielle de Sarnez ព្រមទាំង​តំណាង​សភាអឺរ៉ុប ១៨​រូប​ផ្សេង​ទៀត កំពុង​​​ជាប់អង្កេត​បឋម​ ពី​បទ​កេង​លុយ​រដ្ឋ​ តាម​រយៈ​ការ​ប្រឌិត​ជួល​សហការី​ប្រើ។ លោកស្រី​បាន​បដិសេធ និង​បាន​ដាក់​ពាក្យ​បណ្តឹង​ពី​បទ​មួយ​បង្កាច់។

​ការ​ចោទ​ប្រកាន់​​លើ​រូប​លោក​ស្រី​រដ្ឋមន្ត្រីនេះ ជា​ដំណឹង​អាក្រក់​ថ្មី​បន្ថែម​មួយ​ទៀត ដែល​មក​ជាន់ក​រដ្ឋាភិបាល​លោក​ម៉ាក្រុង។ តាំង​ពី​មួយ​សប្តាហ៍​មក​ហើយ ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី ​ជា​មនុស្ស​ជំនិតបំផុត​​របស់​លោក​ប្រធានាធិបតី​ ធ្លាក់​ក្នុង​អន្លង់​នៃ​ការ​ចោទ​ប្រកាន់។ លោក Richard Ferrand ត្រូវ​ជាប់​សង្ស័យ​ថា បាន​​​​កេង​លុយ​រដ្ឋ តាម​រយៈ​ប្រើ​អំណាចទៅ​សម្រួល​កិច្ចការ​​ដើម្បី​ផ្តល់​​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ក្រុម​គ្រួសារ។ ដំណឹង​ដាក់​បន្ទុក​លើ​រូប​លោក​រដ្ឋមន្ត្រី​មាន​កាន់​តែ​ច្រើន​ឡើងៗ។

ប្រជាពលរដ្ឋ​បារាំង​ភាគ​ច្រើន យល់​ថា​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នេះ គួរ​តែ​លា​លែង​ចេញ​ពី​តំណែង។ លោក​នាយក​រដ្ឋមន្ត្រី​បារាំង អេដ័រ ហ្វីលីព នៅ​តែ​បន្ត​ការ​គាំទ្រ​ចំពោះ​រដ្ឋមន្ត្រី​ទាំង​ពីរ​ទៀត ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋមន្ត្រី​ណា​ជាប់​ចោទ​ប្រកាន់​ជា​ផ្លូវការ​ រដ្ឋមន្ត្រី​នោះ​ត្រូវ​តែលាលែង​ចេញ​ពី​តំណែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ