អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តុល្យាការ​នៃ​កិច្ចចរចា​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ នៅ​ម៉ូស្គូ​ ក្នុង​សប្តាហ៏​នេះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយហេតុថា ​ក្រោយពី​អាក់ខាន​អស់​២​ឆ្នាំ​ទៅ​ លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ Angela Merkel បាន​ដាច់​ចិត្ត​ មក​ធ្វើទស្សនកិច្ច​ផ្លូវការ​នៅ​រុស្ស៊ី​ កាលពី​ថ្ងៃ​ទី២​ឧសភា​កន្លងទៅ​ បាន​ជា​គេ​បន្ត ​ចាប់ អារម្មណ៍ ​ទៅលើព្រឹត្តិការណ៍នេះ។​ ជាពិសេស​ មកពី​ លោកស្រី​ជាមេដឹក​នាំ​ប្រទេស​-ក្បាលម៉ាស៊ីន ​សហភាពអឺរ៉ុប​ ធ្លាប់​បាន​ថ្លែង​ថា ​ដរាបណា ​ដែល​វិបត្តិ​នៅ​អ៊ុយក្រែន​ មិន​ទាន់ដោះស្រាយ​រួច​ គាត់​នឹង​ពុំមក ​ជាន់ទឹកដី​រុស្ស៊ី​ឡើយ។​ សាច់រឿង​នៃ​កិច្ចចរចា​ គឺ​អំពី​ ទំនាក់​ទំនង​ទ្វេភាគី​ , វិបត្តិ​នៅអ៊ុយក្រែន  ​និង​ ស្ថានការណ៍នៅស៊ីរី។ ​

ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ និង​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​ លោកស្រី ​ Angela Merkel ​​
ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ និង​​នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់​ លោកស្រី ​ Angela Merkel ​​ REUTERS/Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ជាការកត់សម្គាល់ ពេលចរចាគ្នា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​ចេះ​ភាសា​អាល្លឺម៉ង់​ តែង​ងាយ​យល់​ពាក្យសំដី​ជាភាសា​អាល្លឺម៉ង់​ប្រើ​ដោយ​ លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ ​Amgela Merkel ដែលពី​ចំណែកខ្លួន​ ដោយចេះភាសារុស្ស៊ី ក៏ងាយយល់ដែរ ឃ្លាឃ្លោង​ជាភាសារុស្ស៊ីប្រើដោយ ប្រមុខរដ្ឋរុស្ស៊ី។

 
មូលហេតុ មកពី លោកស្រី Merkel កាលនៅជានិស្សិត ដោយប្រឡងឈ្នះគេខាងភាសារុស្ស៊ី ថែមទាំងបាន ទទួលរង្វាន់ ឲ្យធ្វើដំណើរមកទស្សនាសហភាពសូវៀតទៅផង។ ចំណែក​លោក​ ពូទីន ក្នុងឋានៈជាភ្នាក់ងារ សន្តិសុខសូវៀត KGB ធ្លាប់បានធ្វើការនៅ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ អស់៤ឆ្នាំ ហើយគាត់បាន ចាកចេញពីទីនោះនៅខែមករាឆ្នាំ១៩៩០ គឺ​ពីរខែក្រោយពីជញ្ជាំងក្រុងប៊ែរឡាំង ត្រូវបានផ្ទួលឲ្យរលំទៅ។

មិនតែប៉ុណ្ណោះ ក្រោយពីគាត់ឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីសម័យថ្មីបាន១ឆ្នាំកន្លះ នៅខែកញ្ញាឆ្នាំ ២០០១ គាត់ថែមទាំងត្រូវបានអញ្ជើញឲ្យទៅថ្លែងសុន្ទរកថាជាភាសាអាល្លឺម៉ង់ ក្នុងរដ្ឋសភាអាល្លឺម៉ង់ ញ៉ាំង ឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លទ្ធផលនៃកិច្ចចរចា ត្រូវបានមេដឹកនាំប្រទេសទាំងពីរ ប្រកាសឲ្យដឹង ក្នុងសន្និសីទ​កាសែត​រួម​គ្នា ។
 
អំពីទំនាក់ទំនងទ្វេភាគី ៖
លោក​ប្រមុខដ្ឋរុស្ស៊ីពូទីន គូសបញ្ជាក់ថា ៖ អាល្លឺម៉ង់ បន្ត​ស្ថិត​នៅ​ជា“​ដៃ​គូ​សេដ្ឋកិច្ច​នាំ​មុខ​គេ​របស់​រុស្ស៊ី នៅទ្វីបអឺរ៉ុប” ។ ដំណើរការនៅរុស្ស៊ី គឺសហគ្រាស ៥.០០០ កន្លែង ដែលមាន​ដើមទុន​អាល្លឺម៉ង់។ រុស្ស៊ី ប្រាថ្នា រៀបរយសហប្រតិបត្តិការ ជាមួយ អាល្លឺម៉ង់ ដោយឈរលើ គោលការណ៍ ទទួលស្គាល់ ផលប្រយោជន៍ម្ខាងៗ គោរពគ្នាទៅវីញទៅមក និង ស្មើភាព ។ អំពីស្ថានភាពក្នុងពាណិជ្ជកម្មទ្វេភាគី យើងសង្កេតឃើញដោយ សោមនស្សន៍ មានការកើន​ឡើង​បាន ៤៣% ទំហំផ្តោះប្តូរទៅវិញទៅមក ក្នុងខែមករានិងកុម្ភៈឆ្នាំ ២០១៧ នេះ។

ខ្ញុំក៏សូម កត់សម្គាល់ថា អាល្លឺម៉ង់ ជាប្រទេសដែលទិញឧស្ម័នរុស្ស៊ី ច្រើនជាងគេ ដល់ទៅ ៣៥% នៃតម្រូវការទីផ្សារអាល្លឺម៉ង់ ខាងថាមពលនេះ។

គួរដកឃ្លានិយាយថា តាមតួលេខមជ្ឈដ្ឋាន Business អាល្លឺម៉ង់ ៖ បើក្នុងឆ្នាំ២០១២ គឺ​មុន​ព្រឹត្តិការណ៍ នៅអ៊ុយក្រែន ទំហំផ្តោះប្តូរពាណិជ្ជកម្ម រវាងរុស្ស៊ីនិងអាល្លឺម៉ង់ បានមាន​ទឹកប្រាក់​ដល់​ ៨០.០០០ លាន អឺរ៉ូ នោះក្នុងឆ្នាំ ២០១៦ គឺ ក្រោយពី សហភាពអឺរ៉ុប បានដាក់​ទណ្ឌកម្ម​រុស្ស៊ី​ តាំងពីឆ្នាំ២០១៤មក ទំហំផ្តោះប្តូរ នេះ បានធ្លាក់ចុះដល់ ៥០.០០០ លាន អឺរ៉ូ ។

លោកពូទីន សង្កត់ធ្ងន់ថា “ សហប្រតិបត្តិការ រុស្ស៊ី-អាល្លឺម៉ង់ ជាវិភាគទានធំបង្គួរ រួមទៅ​ក្នុង​ការ​ផ្តល់ ស្ថិរភាពដល់សេដ្ឋកិច្ចពិភពលោក ដ្បិតសហប្រតិបត្តិការនេះធានា នូវកន្លែង​ធ្វើការ​សម្រាប់​មនុស្ស រាប់សែននាក់ និង វាសនា សហគ្រាសទាំងមូលៗ រាប់សិបកន្លែង។

លោកស្រី Merkel ពីចំណែកគាត់ថ្លែងថា ៖ កិច្ចចរចាជាមួយលោកពូទីន ប្រព្រឹត្តទៅ​ដោយ​ប្រពល​លក្ខណៈ ហើយ គាត់ហៅរុស្ស៊ី ថាជា “ដៃគូស្ថាបនា” ។

តាមសំដីគាត់ ៖ រុស្ស៊ី និង អាល្លឺម៉ង់ ត្រូវតែសន្ទនានឹងគ្នា ទោះបី មានការខ្វែងគំនិតគ្នាក្តី។ កាលណា​យើង និយាយគ្នា យើងចាប់យល់គ្នាកាន់តែច្បាស់ បើយោងទៅ​លើ​បទពិសោធន៍​នៃ​ប្រវត្តិសាស្ត្ររាប់សតវត្សរ៍។  ពីព្រោះ ការនិយាយគ្នាមួយលើកៗ តែងហុចមកជា មេរៀន​អ្វី​មួយ​ពុំខាន។

អំពីវិបត្តិនៅ អ៊ុយក្រែន  
លោក ពូទីន ៖ស្ថានការណ៍នៅអ៊ុយក្រែន ជាក្តីកង្វល់របស់គូភាគី។ ក្នុងបញ្ហានេះ ខ្ញុំនិង​លោកស្រី​ Merkel តែងភ្ជាប់ ខ្សែទូរសព្ទនឹងគ្នា ជានិច្ច។ ខ្ញុំយល់ថា ការងារក្នុងរូបភាពចតុភាគី Normandie គឺ អាល្លឺម៉ង់ បារាំង រុស្ស៊ី អ៊ុយក្រែន ត្រូវតែបន្តទៅ។ ព្រមជាមួយនេះ ក្រុង Berlin និង Moscou  ប្រកាន់គោលជំហរ ដើម្បី ការបំពេញឥតខ្ចោះ តាមកិច្ចព្រមព្រៀងចុះនៅក្រុង Minsk ខាងរៀបរយវិបត្តិនៅអ៊ុយក្រែន។ គូភាគី បានឯកភាពគ្នាថា កិច្ចព្រមព្រៀងនេះ គឺ គ្រប់​គ្រាន់​ មិនចាំបាច់តាក់តែងឡើង ជាកិច្ចព្រមព្រៀងថ្មីណា សម្រាប់ ជំនួសវាឡើយ។

ប៉ុន្តែលោក ពូទីន សង្កត់ធ្ងន់ថា ៖ បើគ្មានកិច្ចចរចារត្រង់ផ្ទាល់ទេ រវាង ក្រុងគៀវ និង តំបន់​បះបោរ​  នោះ​វិបត្តិនៅអ៊ុយក្រែន មិនអាច ដោះស្រាយទៅកើតឡើយ។

លោកស្រី Merkel ពីចំណែកគាត់ មានប្រសាសន៍ថា ៖ យុទ្ធសន្តិភាពនៅអ៊ុយក្រែន មានន័យ​ដ៏​ធំសម្រាប់ ដោះស្រាយជម្លោះក្នុងប្រទេសនេះ។ ​លោកស្រី ក៏បានបញ្ចេញយោបល់ អំពី​ការ​ធ្លាក់​ខ្លួន​ស្លាប់ នៅតំបន់បះបោរខាងកើតអ៊ុយក្រែន  នៃសហការី ម្នាក់ ក្នុងក្រុមល្បាតរបស់ អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប  OSCE ៖ ការងារ OSCE គឺ សំខាន់​ណាស់ ​ប៉ុន្តែគួរឲ្យក្រៀមក្រំ ដែលក្រុមអ្នកបំពេញមុខងារ ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង​នៅ​តំបន់​​នោះ ស្រាប់តែរងគ្រោះដល់ស្លាប់។ យើងត្រូវតែធ្វើសព្វបែបយ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ គួរឲ្យស្តាយ គ្មាន ការចម្រើនទៅមុខសោះ។ ជាថ្មីម្តងទៀត យើងបង្ខំចិត្ត​និយាយ​ថា ត្រូវ​ឲ្យមានការឈប់បាញ់ ដើម្បីអាច ឆ្លងទៅ កាន់ដំណោះស្រាយតាម ជំហាន​នយោបាយ។​

អំពីស្ថានការណ៍នៅ ស៊ីរី  
លោក ពូទីន ៖ រុស្ស៊ី ថ្កោលទោសប្តូរប្តេជ្ញ ដល់ការប្រើអាវុធគីមីណាក៏ដោយ ។ ត្រូវតែរក​ឲ្យ​ឃើញ ​អ្នកដែល ជាប់ពិរុទ្ធក្នុងការប្រើអាវុធនេះ នៅខេត្តស៊ីរី  Idleb  កាលពីថ្ងៃ៤មេសា ហើយ​បន្ទាប់​​មក កាត់ទោស ពួកនោះ លុះណាក្រោយពីធ្វើអង្កេត ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយកុំលំអៀងទៅខាងណាៗ។ ភារកិច្ចដែលចោទ  គឺបង្កលក្ខណៈ សម្រាប់​បញ្ឈប់​ការ​បាញ់​គ្នា គ្រាន់នឹងហុចលទ្ធភាពដល់រាល់សាមីភាគីបដិបក្ខស៊ីរី ឲ្យអាចរក ដំណោះស្រាយ​តាម​ផ្លូវនយោបាយ។ គឺក្នុងបរិបទនេះ ដែល នៅក្រុង Astana រដ្ឋធានីកាហ្សាក់ស្ថាន បន្ត ប្រព្រឹត្ត ទៅកិច្ចចរចា ដោយមាន ការចូលរួមនៃតំណាង រុស្ស៊ី តួកគី អ៊ីរ៉ង់។ 

 
លោកស្រី Merkel ពីចំណែកគាត់ថ្លែងថា ៖ គាត់គាំទ្រដល់ការឈប់បាញ់នៅស៊ីរី និង ត្រៀម​សហការ​ ឲ្យកាន់តែដិតដល់ ជាមួយរុស្ស៊ី ក្នុងការប្រយុទ្ធទល់នឹង ភេរវនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ