អានតួអត្ថបទ

អង់គ្លេស​ផ្តើម​ដំណើរការ​នីតិវិធី​ចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី ២៩ មីនា ២០១៧

ច្បាស់​លាស់​ហើយ ! នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី តេរ៉េហ្សា​ មេ Theresa May នឹង​សរសេរ​លិខិត​ ជូនសហភាព​អឺរ៉ុប នៅ​ថ្ងៃទី ២៩​មីនា ​ដើម្បី​ជូន​ដំណឹង​​ជា​ផ្លូវការ​ ថា​អង់គ្លេស​សុំ​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ហើយ ! នេះ​បើ​តាម​ការ​អះអាង​របស់​​អ្នក​នាំ​ពាក្យអង់គ្លេស។ ដូច្នេះ​បើ​តាម​ក្បួន អង់គ្លេសនឹង​​លែង​ត្រូវ​រាប់​ថា​ជា​សមាជិក​ពី​អឺរ៉ុប នៅ​ថ្ងៃទី ២៩​មីនាឆ្នាំ​២០១៩។

លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May នៅ​ព្រុចសែល​ថ្ងៃទី៩ មីនា ២០១៧
លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May នៅ​ព្រុចសែល​ថ្ងៃទី៩ មីនា ២០១៧
ផ្សាយពាណិជ្ជកម្ម

តាម​មាត្រ​៥០​នៃ​សន្ធិសញ្ញា​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទទួល​លិខិត​​​ផ្លូវការទៅ អង់គ្លេសនិង​សហភាព​អឺរ៉ុប​មាន​​ពេល​ពីរ​ឆ្នាំ​សម្រាប់​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀងលែងលះ​​គ្នា។

ក្រោយ​ពី​បាន​ទទួល​លិខិតសុំ​លា​ជា​ផ្លូវការ​​របស់​លោកស្រីនាយករដ្ឋមន្ត្រី​អង់គ្លេស ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប មាន​ពេល​៤៨​ម៉ោង សម្រាប់​​ចែកចាយ​ឯកសារ​ណែនាំ​ស្តីអំពីទិសដៅ​គោល​​នៃ​ការ​ចរចា​ជាមួយ​អង់គ្លេស​ ទៅ​រដ្ឋាភិបាល​ជា​សមាជិក​ទាំង​២៧​របស់​សហភាព។

ជំនួប​កំពូល​​​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ នឹង​រៀប​ចំ​ធ្វើ​ឡើង​ នៅ​ដើម​ខែ​ឧសភា ដើម្បី​សម្រេច​គោលការណ៍​ចរចា​របស់​អឺរ៉ុប។ នៅ​ពេល​បាន​ទទួល​ការ​ព្រមព្រៀង​ពី​សមាជិក​ ទើប​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​​ចរចា​ជាមួយ​អង់គ្លេស​ គឺ​លោក​មីឆែល បានីញ៉េ Michel Barnier ជាតិ​បារាំង​ អាច​ចាប់​ជជែកពិភាក្សា​ជាមួយ​​សមភាគី​អង់គ្លេសលោក ដេវីដ ដេវី David Davis បាន។

គ្រាន់​តែ​អ្នក​ទទួល​បន្ទុក​ចរចា​អង់គ្លេស​បានប​ង្ហើប​ព័ត៌មាន​ថា អង់គ្លេស​កំពុងបោះ​ជំហាន​ក្នុងគន្លង​ចរចា​ដ៏​​សំខាន់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​មួយ​ជំនាន់​នេះ​ ប្រាក់​ស្ទែរលីន​អង់គ្លេស​បាន​ធ្លាក់​ថ្លៃ​បន្តិច។ ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​ បាន​លាត​ត្រដាង​កម្មវត្ថុ​យ៉ាង​ច្បាស់​លាស់ថា នឹង​ស្វែង​រក​កិច្ច​ព្រមព្រៀង​ដែល​ល្អ សម្រាប់​​គ្រប់​រដ្ឋ និង​តំបន់​របស់​អង់គ្លេស ព្រមទាំង​សម្រាប់​អឺរ៉ុប​ទាំង​មូល ! នឹង​មាន​​ដៃគូ​​ថ្មី​ដ៏​វិជ្ជមានរវាង​អង់គ្លេស និង​ជាបណ្តា​ប្រទេស​ជា​មិត្ត និង​សម្ព័ន្ធ​ភាពជាមួយ​សហភាព​អឺរ៉ុប។

លោកស្រី ​Theresa May សង្ឃឹម​ចរចាដាក់​លក្ខខណ្ឌ​ណា​១ដែល​អនុញ្ញាត​ឱ្យ​អង់គ្លេស​អាច​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​ល្អិត​ល្មួត​​បំផុតជា​មួយ​បណ្តា​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប ក្រោយពេល​ដើរ​ចេញ​ពី​អឺរ៉ុប​ហើយ ហើយ​ថែម​ទាំង​អាច​បំពេញ​ចិត្ត​បក្ស​អភិរក្ស​ដែល​ចង់​ផ្តាច់​ខ្លួន​ផឹង ពី​អឺរ៉ុប​ ព្រោះ​យល់​ថា​សហភាព​អឺរ៉ុប​ប្លន់​អធិបតេយ្យភាព​អង់គ្លេស៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ