អានតួអត្ថបទ

អឺរ៉ុប​បង្កើត​អង្គភាព​ពិសេស ដើម្បី​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ គេចពី​ទណ្ឌកម្ម​របស់​អាមេរិក

ប្រទេសធំៗ៣នៅអឺរ៉ុប មានបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានរួមគ្នាបង្កើតអង្គភាពពិសេសមួយ ដើម្បីជួយជ្រោមជ្រែងក្រុមហ៊ុនអឺរ៉ុប ដែលចង់បន្តរកស៊ីជាមួយអ៊ីរ៉ង់។ តាមការឲ្យដឹង អង្គភាពពិសេសនេះ នឹងមានទួនាទីជួយរកវិធី ធ្វើយ៉ាងណា កុំឲ្យក្រុមហ៊ុនទាំងនោះ ត្រូវជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានដាក់បំរាមក្រុមហ៊ុនទាំងអស់ កុំឲ្យរកស៊ីជាមួយអ៊ីរ៉ង់។ មន្ត្រីការទូតអឺរ៉ុប បានលើកឡើងថា ធ្វើដូ​ចនេះ គឺដើម្បីបន្តជួយជ្រោមជ្រែងអ៊ីរ៉ង់ ឲ្យបន្តគោរពកិច្ចព្រមព្រាងនុយក្លែអ៊ែរ បើទោះបីអាមេរិកដកខ្លួនចេញ ហើយដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ក៏ដោយ។

Miguel Arias Canete (ស្តាំ)តំណាង​គណកម្មការ​អាកាសធាតុ​និង​ថាមពលរបស់អឺរ៉ុប ធ្វើសន្និសីទកាសែត​​ជាមួយ​អនុរដ្ឋមន្ត្រី​ប្រេងកាត​អ៊ីរ៉ង់ ថ្ងៃទី​២៦ ​វិច្ឆិកា​​២០១៨​នៅព្រុចសែល
Miguel Arias Canete (ស្តាំ)តំណាង​គណកម្មការ​អាកាសធាតុ​និង​ថាមពលរបស់អឺរ៉ុប ធ្វើសន្និសីទកាសែត​​ជាមួយ​អនុរដ្ឋមន្ត្រី​ប្រេងកាត​អ៊ីរ៉ង់ ថ្ងៃទី​២៦ ​វិច្ឆិកា​​២០១៨​នៅព្រុចសែល François WALSCHAERTS / AFP
ផ្សាយពាណិជ្ជកម្ម

តាំងតែពីខែកញ្ញាឆ្នាំមុនម្លេះ ដែលសហភាពអឺរ៉ុប បានព្យាយាមរកផ្លូវដើរ ដើម្បីធ្វើយ៉ាងណាបន្តធ្វើជំនួញជាមួយអ៊ីរ៉ង់ ហើយគេចចេញពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ ទីបំផុត អង្គភាពពិសេសមួយ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ទី៣១មករា​នេះ។ អង្គភាពនេះ មានឈ្មោះថា Instex (Instrument In Support of Trade Exchanges)។

បើតាមប្រភពផ្លូវការ អង្គការភាពពិសេសនេះ គឺប្រៀបបីដូចជាប្រព័ន្ធពិសេសមួយ ដែលមានតួនាទីរៀបចំ ​ការដោះដូរពាណិជ្ជកម្ម​ ធ្វើយ៉ាងណា ចៀសមិនប្រើប្រាស់សាច់ប្រាក់ដុល្លារ ដើម្បីកុំឲ្យជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កម្មវត្ថុនៃការបង្កើតអង្គភាពពិសេសនេះ គឺដើម្បីលើកទឹកចិត្តភាគីអ៊ីរ៉ង់ ឲ្យបន្តគោរពកិច្ចព្រមព្រាងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខានៅខែកក្កដា ឆ្នាំ២០១៥។ តែយ៉ាងណា ភាគីអឺរ៉ុប បានអះអាងថា អឺរ៉ុប មិនភ្លេចទេក្នុងការបង្ហាញការព្រួយបារម្ភរបស់អឺរ៉ុប ទាក់ទិននឹងការផលិតមីស៊ីលបាលីស្ទីក ព្រមទាំងអន្តរាគមន៍យោធាអ៊ីរ៉ង់ ក្នុងតំបន់ដើមបូព៌ា។

សូមរំលឹកថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រាងនេះ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ និងក្រុមហ៊ុនបរទេសទាំងអស់​ ដែលហ៊ានរកស៊ីជាមួយអ៊ីរ៉ង់។ យ៉ាងណាមិញ ក្រោយបានដឹកដំណឹងថា ប្រទេសអឺរ៉ុបគ្រោង​បង្កើតអង្គភាពពិសេស ដើម្បីគេចចេញពីទណ្ឌកម្មអាមេរិកនេះ អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៊ែរឡាំង បានគំរាមថា ប្រាកដជាមានផលវិបាកធ្ងន់ធ្ងរ បើក្រុមហ៊ុនអឺរ៉ុប នៅតែ​ចចែស​រកស៊ីជាមួយអ៊ីរ៉ង់។

គួរបញ្ជាក់ថា ទូរទស្សន៍អាល្លឺម៉ង់NDR បានផ្សាយ​ថា ដើម្បីកុំឲ្យសហភាពអឺរ៉ុប ប្រឈមមុខដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់ បាន​សុខចិត្តចេញមុខចាត់ចែងអង្គភាពពិសេសនេះ។ អង្គភាពនេះ នឹងចុះបញ្ជីរនៅបារាំង ហើយដោយគ្រប់គ្រង ដោយស្ថាប័នជំនាញធនាគារហិរញ្ញវត្ថុរបស់អាល្លឺម៉ង់។ អង់គ្លេស ក៏បានសម្រេចចូលរួមក្នុងអង្គភាពនេះដែរ។

ទោះយ៉ាងណាក៏ដោយ មន្ត្រីទូតសហភាពអឺរ៉ុបម្នាក់ បានលើកឡើងថា អង្គភាពពិសេសនេះ នឹងមិនអាចមកជំរុញ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសអឺរ៉ុប និងអ៊ីរ៉ង់ ឲ្យរីកចំរើនឡើងខ្លាំងក្លានោះទេ ព្រោះវាសំដៅតែទៅលើក្រុមហ៊ុនធនតូចនិងមធ្យមមួយចំនួនប៉ុណ្ណោះ។ ចំណែកកិច្ចសន្យាធំៗ ដូចជាកិច្ចសន្យាលក់ប្រេងជាដើម គឺមិនពាក់ព័ន្ធប៉ុន្មានទេ ហើយក៏ពិបាកក្នុងការគេចវៀង ចេញពីទណ្ឌកម្មរបស់អាមេរិកដែរ។ មួយវិញទៀត គេត្រូវរងចាំជាច្រើនខែទៀត ដើម្បីឲ្យ​អង្គភាពពិសេសនេះ អាចដំណើរការបានពេញលេញ ព្រោះត្រូវរងចាំសម្រេចយល់ព្រម ពីប្រទេសសមាជិកសហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ