rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តួកគី សិទ្ធិមនុស្ស សិទ្ធិសេរីភាព សេរីភាព​សារព័ត៌មាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Amnesty International ​បរិហារ​បរិយាកាស​ “គួរឲ្យ​ភ័យ​ព្រឺ​ឆ្អឹងខ្នង” នៅ​តួកគី​

media
បុរស​ជនជាតិតួកគិ ឈរក្បែទង់ជាតិតួកគិ និងរូបថត Mustafa Kemal Ataturk បិតា​​​បង្រួប​បង្រួមជាតិ​តួកគិ។ អ៊ីស្តង់ប៊ូល​ ថ្ងៃទី​១៩​ ខែ​មេសា​ ២០១៨ OZAN KOSE / AFP

អង្គការ Amnesty International ទើបបានចេញរបាយការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ ទី២៦មេសានេះ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅប្រទេសតួកគី។ របាយការណ៍ បានលើកឡើង  ជាអាថទិ៍ថា អាជ្ញាធរតួកគី បាននឹងកំពុង តែធ្វើឲ្យបរិយាកាស នយោបាយ និងសង្គមតួកគី ស្ថិតក្នុងភាពភ័យខ្លាច ព្រឺឆ្អឹងខ្នង ជាទីបំផុត ដោយសារតែសកម្មភាព តាមចាប់ឃាត់ខ្លួនមនុស្ស យ៉ាងអាណាធិបតេយ្យ ដោយសំអាងលើច្បាប់អាជ្ញាសិក ដែលរដ្ឋាភិបាលបានដាក់ចុះអនុវត្ត តាំងតែពីខែកក្កដា ២០១៦។ សកម្មជនសិទ្ធិមនុស្ស ឬអ្នកមាននិន្នាការរិះគន់រដ្ឋាភិបាល កំពុងរស់នៅក្នុងភាពភ័យខ្លាច។


បរិយាកាសភ័យខ្លាច ព្រឺឆ្អឹងខ្នង កាន់តែរីកសាយពេញសង្គមតួកគី ខណៈដែលរដ្ឋាភិបាលតួកគី បានបន្តអនុវត្តច្បាប់អាជ្ញាសិក ជិត២ឆ្នាំមកហើយ។ ដោយសារ​តែ​ច្បាប់​អាជ្ញាសិក​នេះ ​ការ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន ​សិទ្ធិ​បញ្ចេញមតិ ​ឬ​សិទ្ធិនយោបាយ ​បាន​កាន់តែ​រួញខើច​ទៅៗ”។ នេះ​ គឺជាអ្វីដែល មានសរសេរ ដោយ​របាយការណ៍​ របស់ ​Amnesty International។

លោក Gauri Van Gulik ប្រធានAmnesty International នៅអឺរ៉ុប បានលើកឡើងថា៖ “អាជ្ញាធរតួកគី បានធ្វើសកម្មភាព យ៉ាងចំហរ និងដោយមានការរៀបចំខ្ពស់បំផុត ក្នុងការចុះទៅឆែករើកកាយ ទីស្នាក់ការអង្គការ សមាគមសង្គមស៊ីវិល។ អាជ្ញាធរតួកគី បានចាប់ឃាត់ខ្លួនសកម្មជនការងារសិទ្ធិមនុស្ស បិទអង្គការ ដែលទាំងនេះ បានញ៉ាំងធ្វើឲ្យបរិកាសសង្គម ស្ថិតក្នុងភាពភ័យខ្លាច ជាទីបំផុត”។

គួរបញ្ជាក់ថា យោងតាម Amnesty International សមាគមប្រមាណជា១៣០០ ព្រមទាំងបណ្តាញ​ព័ត៌មាន ឯករាជ្យ ប្រមាណជា១៨០ស្ថាប័ន ត្រូវបានអាជ្ញាធរតួកគី បង្ខំឲ្យបិទទ្វារ។ ក្នុងក្របខណ្ឌ​ច្បាប់អាជ្ញាសិក អាជ្ញាធរតួកគី បានចាប់ឃុំខ្លួនមនុស្សប្រមាណ៥ម៉ឺននាក់ នឹងមាន១សែន៤ម៉ឺននាក់ផ្សេងទៀត ត្រូវគេលប់ឈ្មោះ ចេញពីក្រមខណ្ឌការងារ។

មួយវិញទៀត ក្រៅពីតាមចាប់មនុស្ស ដែលរដ្ឋាភិបាល ចោទថាជាបក្សពួកធ្វើរដ្ឋប្រហារនោះ អាជ្ញាធរតួកគី បានឆក់ឱកាស ដើរចាប់អ្នកប្រឆាំង ឬអ្នកដែលមាននិន្នការផ្សេងពីរដ្ឋាភិបាល មានដូចជាក្រុមនិយម គួដ ចៅក្រម មេធាវី សាស្ត្រារ្យ និងអ្នកកាសែតជាដើម។ ក្នុងចំណោមមនុស្សដែលស្ថិតនៅក្នុងឃុំ មានដូចជា លោក Taner Kiliç ប្រធានAmnesty International ប្រចាំតួកគី ដែលជាប់ឃុំតាំងតែពីខែមិថុនា២០១៧ លោក Osman Kavala ប្រធានមូលនិធិមនុស្សធម៌ ជាប់ឃុំ​តាំងពីខែតុលា ឆ្នាំ២០១៧។ អ្នកទាំងនេះ សុទ្ធតែត្រូវគេចោទ ថាមានជាប់ពាក់ព័ន្ធ នឹងលោក Fathullah Gülen ដែលប្រធានាធិបតីតួកគី ចោទថា​ជាមេគំនិតរៀបចំរដ្ឋប្រហារ។

Amnesty International យល់ឃើញថា សកម្មភាពការងារ របស់ក្រុមសកម្មជនការពារសិទ្ធិមនុស្សនៅតួកគី កំពុងត្រូវបានអាជ្ញាធរជាន់ឈ្លីកំទេចចោល ដោយសារតែច្បាប់អាជ្ញាសិក។ បន្ថែមពីនេះទៀត របាយការណ៍ ក៏បានលើកឡើងដែរ អំពីការបំបិទសិទ្ធិសេរីភាព​ ទៅលើសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។ សកម្មជនដែលធ្វើការ ទាមទារសិទ្ធិទាំងនេះ ត្រូវបង្ខំចិត្តរត់គេចខ្លួន។ យ៉ាងណាមិញ រដ្ឋាភិបាលតួកគី បានចេញប្រកាសកាលពីខែវិច្ឆិកា ហាមឃាត់ មិនឲ្យក្រុមសមាគមន៍អ្នកស្រលាញ់ភេទដូចគ្នា រៀបចំធ្វើពិធីបុណ្យជួបជុំអ្វីទាំងអស់៕