អានតួអត្ថបទ
កម្ពុជា-សង្គម

​របាយការណ៍​៖ ២៦​ឆ្នាំ​នេះ បរទេស​ផ្តល់​ជំនួយ​ដោះ​មីន​នៅ​កម្ពុជា ជិត​៥០០​លាន​ដុល្លារ​

អាជ្ញាធរ​មីន បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ២៦​ឆ្នាំ គិត​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៨ សហគមន៍​អន្តរជាតិ​ បាន​ផ្តល់​ជំនួយ​ប្រមាណ ៤៦៤​លានដុល្លារ ដើម្បី​ជួយ​ក្នុង​សកម្មភាព​ដោះ​មីន នៅ​កម្ពុជា​។ ការ​ឲ្យ​ដឹង​របស់​អាជ្ញាមីន​នេះ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​ត្រួត​ពិនិត្យ​ឡើង​វិញ លើក​ទី ៤ ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវេស នៅ​ថ្ងៃ​ទី ២៨​ខែ​វិច្ឆិកា​ម្សិល​មិញ​។ 

មីនដែលធ្លាប់បានយកចេញ (រូបភាពឯកសារ)
មីនដែលធ្លាប់បានយកចេញ (រូបភាពឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

តាម​របាយការណ៍​ស្តីពីកិច្ចសហប្រត្តិបត្តិការ​ និងការ​ផ្តល់​ជំនួយ ដែល​ត្រូវបាន​បង្ហាញ​ក្នុងសន្និសីទត្រួតពិនិត្យ​ឡើងវិញ នៅ​ប្រទេស​ន័រវេស​នោះ អគ្គលេខាធិការ​អាជ្ញាធរមីនកម្ពុជា បាន​បញ្ជាក់បន្ថែម​ថា ក្រៅពី​ការ​ផ្តល់​ជំនួយ​ជួយ​ដល់សកម្មភាព​មីន​របស់​សហគមន៍​អន្តរជាតិ ខាង​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​ប្រមាណ ១៦០​លាន​ដុល្លារ ក្នុង​រយៈពេល ២៦​ឆ្នាំ​នេះ​។

តាម​រយៈការ​ចំណាយ​ថវិកា​ជិត ៧០០​លានដុល្លារ ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំមក​នេះ ជា​លទ្ធផល​ កម្ពុជា បាន​បោសម្អាតមីន លើ​ផ្ទៃដី ១.៨៨១គីឡូម៉ែត្រក្រឡា ដោយ​រក​ឃើញ​ និង​បំផ្លាញ​ចោល​គ្រាប់មីន​ប្រឆាំងមនុស្ស ជាង ១លាន​គ្រាប់ គ្រាប់​មីន​ប្រឆាំងយាន​យន្ត ប្រមាណ ២.៤៨៤០គ្រាប់ និង​យុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះ​ប្រមាណ ២,៧លាន​គ្រាប់។

តាមរបាយការណ៍ដដែល ថវិកាជំនួយនេះ បានចូលរួម​ធ្វើឲ្យ​មាន​សន្តិភាព ជួយ​ដោះស្រាយបញ្ហាជនភៀសខ្លួន ផ្តល់ដីសម្រាប់បង្កបង្កើនផល កាត់បន្ថយគ្រោះថ្នាក់ ជួយសង្គ្រោះជនរងគ្រោះ កាត់បន្ថយភាពក្រីក្រ និងជួយ​ដល់​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

យ៉ាងណាមិញ កម្ពុជា​នៅ​តែ​ត្រូវ​ការ​ថវិកា ប្រមាណ ៣៧៧​លាន​ដុល្លារ​ទៀត ដើម្បី​បោសសម្អាតផ្ទៃដីប្រមាណ ៨៩០គីឡូម៉ែត្រក្រឡា​ ដែល​មាន​ការ​គម្រាម​ដោយសារ​មីន ដើម្បីសម្រេច​ឲ្យ​បាន​នូវផែនការ​លុប​បំបាត់ការ​គម្រាម​ដោយសារមីន​ឲ្យ​អស់ នៅឆ្នាំ ២០២៥​ខាង​មុខ​។

ជុំវិញ​ការ​ផ្តល់​ជំនួយ​បរទេស លើ​សកម្មភាពដោះមីន​នៅកម្ពុជានេះដែរ នៅក្នុង​សប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏បាន​បញ្ជាក់​ពី​ផ្តល់​ជំនួយ​ឥត​សំណង ១០លានដុល្លារ គាំទ្រ​លើ​ប្រតិបត្តិការ​ដោះមីន នៅខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយ​មានជ័យ​។ ចំណែកប្រទេសស៊ុយអែត តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ក៏បាន​សន្យា​ពិចារណាលើ​ការ​ផ្តល់​ជំនួយ​ឡើងវិញ ក្នុង​សកម្មភាព​មីននៅកម្ពុជា​​នេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ