អានតួអត្ថបទ
កម្ពុជា-សង្គម

​លំហាត់​សម​យុទ្ធ​នាគ​មាស កម្ពុជា-ចិន ឆ្នាំ​២០១៩ បាន​បើក​ធ្វើ​នៅ​ថ្ងៃ​នេះ ក្នុ​ង​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​

លំហាត់​សម​យុទ្ធ​នាគ​មាស កម្ពុជា-ចិន ឆ្នាំ​២០១៩ បាន​ចាប់​ផ្តើម​បើក​ធ្វើ​ជា​ផ្លូវ​ការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី២៧មីនា​នេះ នៅ​ទីលាន​បាញ់​គ្រាប់​ពិត ស្ថិត​នៅ​ស្រុក​ជុំ​គីរី ខេត្ត​កំពត​។ លំហាត់​សម​យុទ្ធ​នេះ មាន​ការ​ចូល​រួម​ពី​កង​ទ័ព​កម្ពុជា-ចិន​សរុប​ជិត​៣​ពាន់​នាក់ អម​ដោយ​អាវុធ​យុទ្ធ​ភណ្ឌ​ធន់​ធ្ងន់​ជា​ច្រើន​ទៀត​។ អ្វី​ជា​ការ​កត់​សំគាល់ លំហាត់​សម​យុទ្ធ​កម្ពុជា-ចិន នៅ​ឆ្នាំ ​២០១៩​នេះ បាន​ធ្វើ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​ធំ​ជាង​មុន បើ​ធៀប​នឹង​លើក​ទី០១​នៅ​ឆ្នាំ ​២០១៦ និង​លើក​ទី​០២ នៅ​ឆ្នាំ ២០១៨​។ 

លំហាត់សមយុទ្ធនាគមាស
លំហាត់សមយុទ្ធនាគមាស @FB
ផ្សាយពាណិជ្ជកម្ម

លំហាត់​សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាង​កង​ទ័ព​កម្ពុជា-ចិន បាន​បើក​ធ្វើ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ ក្រោម​ការ​ចូល​រួម​ពី​លោក​នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ឧត្តម​សេនីយ៍​ទោ ហ្វេង ហ៊្សាង (Feng Xiang) នាយ​រង​សេនា​ធិការ​កង​ទ័ព​ជើង​គោគ​នៃ​តំបន់​យោធ​ភូមិ​ភាគ​ខាង​ត្បូង​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​។ ក្រៅ​ពី​នេះ នៅ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​ជាតិ-អន្តរជាតិ អនុ​ព័ន្ធ​យោធា អាជ្ញាធរ​ដែន​ដី និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​។ លំហាត់​សម​យុទ្ធ​នៅ​លើ​ទីលាន​បាញ់​គ្រាប់​ពិត​នេះ មាន​រយៈ​ពេល​១៥ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី ១៣ ដល់ថ្ងៃទី ២៧ មីនានេះ ស្ថិត​នៅ​លើ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គីរី ខេត្ត​កំពត​។

នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ការ​រង​និង​ជា​នាយ​សេនា​ធិការ​ចម្រុះ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​កំពត​ថា ការ​ធ្វើ​លំហាត់​សម​យុទ្ធនា​គមាស​រវាង​កង​ទ័ព​កម្ពុជា-ចិន ឆ្នាំ​២០១៩នេះ មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ប្រទេស ឬ​បុគ្គល​ណា​មួយ​នោះ​ឡើយ​។ បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍ លំហាត់​សម​យុទ្ធ​យោធា​នេះ នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​និង​មាន​ទ្រង់​ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​កង​ទ័ព​កម្ពុជា​។ លំហាត់​សម​យុទ្ធ​នេះ មាន​ការ​ចូល​រួម​ពី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន​២៥២​នាក់ និង​កង​ទ័ព​កម្ពុជា​ចំនួន២.៥៤២​នាក់​។ ក្នុង​នោះ​មាន​កម្លាំង​ធ្វើ​លំហាត់​ចំនួន​៣៨២​នាក់, កម្លាំង​បម្រើ​ការ​ក្នុង​លំហាត់​ចំនួន​៤៤៨​នាក់, កម្លាំង​ចូល​រួម​ក្នុង​ពិធី​បើក-បិទ ចំនួន​១.៦៨៥​នាក់​។ លំហាត់​សម​យុទ្ធ​នៅ​លើ​ទីលាន​បាញ់​គ្រាប់​ពិត​នេះ មាន​រយៈ​ពេល​១៥​ថ្ងៃ ដោយ​ធ្វើ​ការ​ហ្វឹក​ហាត់​ក្នុង​ទី​បញ្ជា​ការ​និង​ទីលាន​ដោយ​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយ​ចំនួន ដូច​ជា ការ​ប្រឆាំង​ភេវរកម្ម, ការ​រំដោះ​ចំណាប់​ខ្មាំង, ការ​សង្រ្គោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ, ការ​បំពេញ​ភារកិច្ច​ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជា​ជាតិ​និង​វិស្វកម្ម អម​ដោយ​អាវុធ​យុទ្ធ​ភណ្ឌ សំខាន់ៗ ដូចជា រថពាស​ដែក, រថ​ក្រោះ, កាំភ្លើង​ធំ, កាំ​ភ្លើង​ត្បាល់, ឧទ្ធម្ភាគ​ចក្រ និង​អាវុធ​គាំទ្រ​ពី​លើ​អាកាស​ជា​ដើម​។

គួរ​ជំរាប​ជូន​ថា លំហាត់​សម​យុទ្ធនា​គមាស​កម្ពុជា-ចិន លើក​ទី០៣ ដែល​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៨​មក បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​សម្រេច​ផ្អាក​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​យោធា​ជាមួយ​កង​ទ័ព​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​។ អ្វី​ជា​ការ​កត់​សំគាល់ លំហាត់​នាគ​មាស​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ