អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

IMF បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​អត្រា​ថេរ​៧%​នៅ​រយៈ​ពេល​២​ឆ្នាំ​ទៅ​មុខ

​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ ស្តី​ពី​សន្ទស្សន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ឆ្នាំ​ក្នុង​រង្វង់​៧%។ អត្រា​កំណើន ៧%​នេះ នឹង​រក្សា​ភាព​ថេរ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៅ​មុខ ប៉ុន្តែ​អ្នក​ជំនាញ​បាន​ព្រមាន​ថា អត្រា​នេះ​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លះ ពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

លោក ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ
លោក ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ © ណាវិន​-RFI
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​តម្លៃ​នេះ ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​រួម​មាន ការ​ចំណាយ​កាន់​តែ​ខ្ពស់​លើ​វិស័យ​សាធារណៈ, ការ​វិនិយោគ​លើ​វិស័យ​សំណង់, សកម្មភាព​ទេសចរណ៍ និង​កំណើន​វិនិយោគ​ពី​បរទេស​ជា​ដើម។ ប៉ុន្តែ​ជាមួយ​នឹង​អត្រា​កំណើន ៧% ក្នុង​អត្រា​ថេរ​នៅ​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៨​នេះ អ្នក​ជំនាញ​បាន​ព្រមាន​ថា ​កម្ពុជា​ត្រូវ​តែ​ខិត​ខំ​បន្ថែម​ទៀត ​ដើម្បីធ្វើ​កំណែ​ទម្រង់​ក្នុង​វិស័យសេដ្ឋកិច្ច​គន្លឹះៗ​របស់​ខ្លួន ដើម្បី​រក្សា​បាន​នូវ​កំណើន​ប្រកប​ដោយ​ចីរភាព ​និង​ស្ថិរភាព​នៃ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ កាល​ពី​ល្ងាច​ថ្ងៃ​ទី ២៥ កក្កដា នេះ។

លោក ​Jarkko ​Turunen ​អនុ​ប្រធាន​ផ្នែក​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​នៃ​អង្គការ​អន្តរជាតិ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ដើម្បី​បិទ​បញ្ចប់​ “ការ​ពិគ្រោះ​យោបល់​មាត្រា៤” ​ដែល​ជា​ការ​សិក្សា​វាយ​តម្លៃ​និង​ឱ្យ​យោបល់​ប្រចាំ​ឆ្នាំ​ទៅ​លើ​ប្រទេស​ជា​សមាជិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រក្សា​ភាព​ខ្លាំងនិង​មាំទាំ​របស់​ខ្លួន​បន្ត​ទៅ​ទៀត ​បើ​ទោះ​ជា​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​ឯកជន​​ក្ដី។​

គួរ​ជំរាប​ជូន​ថា ការ​ព្យាករណ៍​របស់​ IMF ​នេះ គឺ​ត្រូវ​គ្នា​នឹង​ការ​ព្យាករណ៍​ទុក​របស់​រដ្ឋាភិបាល​កម្ពុជា ​ដែល​រំពឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​ស្ថិត​ក្នុង​អត្រា​៧%​សម្រាប់​ឆ្នាំ២០១៧ ​និង​ពីរ​ឆ្នាំ​ទៅ​ខាង​មុខ ​ខណៈ​ដែល​ស្ថាប័ន​វាយ​តម្លៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សំខាន់ៗ​មួយ​ចំនួន​ទៀត រួម​មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB និង​ធនាគារ​ពិភព​លោក World Bank ក៏​បាន​ព្យាករណ៍​ពី​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​អត្រា​ដូច​គ្នា​នេះ​ដែរ។

លោក ចាន់ សុផល អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​វាយ​តម្លៃ​នេះ​ទេ​ប៉ុន្តែ​លោក​បាន​ឯកភាព​ចំពោះ​ការ​ព្រួយ​បារម្ភ​ថា កត្តា​នយោបាយ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ