អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន៖ គ្មាន​ការ​លើក​លែង​ទោស លោក​មាជ សុវណ្ណារ៉ា

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​ប្រកាស​ថា គ្មាន​ឡើយ​ការ​លើក​លែង​ទោស លោក មាជ សុណ្ណារ៉ា មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។ ក្រៅ​ពី​គ្មាន​ការ​លើក​លែង​ទោស​ហើយ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ប្រធាន​ពន្ធនាគារ​ដក​ហូត​ទូរស័ព្ទ​ដៃ​ពី លោក មាជ សុវណ្ណារ៉ា ដែល​លោក ហ៊ុន សែន អះអាង​ថា បាន​ប្រើ​បា្រស់​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ពី​ពន្ធនាគារ។

លោក​ មាជ សុវណ្ណារ៉ា ​ មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ
លោក​ មាជ សុវណ្ណារ៉ា ​ មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មីនា នេះ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា គ្មាន​ឡើយ​ការ​លើក​លែង​ទោស លោក មាជ សុវណ្ណរ៉ា អតីត​សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​សង្រ្គោះ​ជាតិ។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង នា​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្រ្តី ក៏​បាន​បញ្ជា​ឲ្យ​ដក​ហូត​ទូរស័ព្ទ​ដៃ​របស់​លោក មាជ សុវណ្ណារ៉ា មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ប្រមុខ​រដ្ឋាភិបាល​អះអាង​ថា អ្នក​ជាប់​ទោស​រូប​នេះ បាន​ប្រើ​ប្រាស់ ក្នុង​ការ​បម្រើ​សកម្មភាព​នយោបាយ​ចេញ​ពី​ពន្ធនាគារ។

លោក ហ៊ុន សែន បាន​ស្តី​បន្ទោស​ប្រធាន​ពន្ធនាគារ​ដែល​បណ្តោយ​ឲ្យ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ និយាយ​សារ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ ដោយ​សេរី។ ដោយ​បន្ថែម​ថា លោក បាន​បញ្ជា​ឲ្យ​ប្រធាន​ពន្ធនាគារ ដក​ហូត​ទូរស័ព្ទ ពី​លោក មាជ សុវណ្ណរ៉ា ពីរ​ដង​រួច​ទៅ​ហើយ ក៏​ប៉ុន្តែ គ្មាន​ចំណាត់​ការ​ណា​មួយ​ទាល់​តែ​សោះ។ ក្រៅ​ពី​ព្រមាន​ដក​ប្រធាន​ពន្ធនាគារ​ហើយ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ក៏​ថែម​ទាំង​ព្រមាន​ដក​តំណែង មេ​ប៉ូលិស ដែល​លោក​ ហ៊ុន សែន ទំនង​ជា​សំដៅ​ទៅ​លើ​អគ្គស្នងការ​នគរបាល បើ​ករណី​នេះ កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត។

គួរ​ជម្រាប​ថា មិន​ដល់​មួយ​ម៉ោង​ផង បន្ទាប់​ពី​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី មន្រ្តី​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ដដែល​នេះ បាន​ដក​ហូត​ដក​ទូរស័ព្ទ​របស់ លោក មាជ សុវណ្ណារ៉ា រួច​ហើយ។ មិន​ត្រឹម​តែ​ដក​ហូត​ទូរសព្ទ​ពី​លោក មាជ សុវណ្ណារ៉ា ប៉ុណ្ណោះ​ទេ​ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​មន្រ្តី​ជំនាញ ស៊ើប​អង្កេត​ប្រព័ន្ធ​ទាក់​ទង​របស់​លោក មាជ សុវណ្ណារ៉ា បន្ថែម​ទៀត។

​សូម​រំឮក​ជូន​ថា លោក​មាជ សុវណ្ណារ៉ា ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ផង​នោះ​ ​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ