អានតួអត្ថបទ
កម្ពុជា

លោកមាជ សុវណ្ណារ៉ា ដែល​រាង​កាយ​ចុះ​ស្គម នឹង​មិន​រារែក​សវនាការ​ដំបូង​នៅ​ថ្ងៃព្រហស្បតិ៍

ក្រុម​មេធាវី​ការពារ​ក្ដី​លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​គណបក្ស​ប្រឆាំង អះអាង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ចូល​រួម​សវនាការ​នៅ​សប្ដាហ៍​នេះ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ជាមួយ​នឹង​ការ​ថ្លែង​ដដែល​ៗ​ថា មិន​មាន​ភស្ដុតាង​ដាក់​បន្ទុក​ទៅលើ​កូន​ក្ដី​របស់​ពួក​គេ​ពីការ​ជាប់​ទាក់ទង​ទៅ​នឹង​ហេតុការណ៍​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​នោះ ក្រុម​មេធាវី​ក៏​ត្រៀម​ដាក់​ពាក្យ​សុំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ​មួយ​ទៀត ទៅកាន់​តុលាការ​កំពូល​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​
លោកមាជ សុវណ្ណារ៉ា ​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​នៅ​ក្រៅ​ឃុំ និ​ង​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ឡើង​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ធ្នូ​ខាង​មុខ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ កាល​ពី​ថ្ងៃទី​១១​ខែ​វិច្ឆិកា​កន្លង​ទៅ ពីបទ​ថា​បាន​ដឹក​នាំ​ធ្វើ​កុប្បកម្ម​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់​ទោស នៅ​ក្នុង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​។

លោក​ចាន់ ចេន មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង​៣​រូប ដែល​ការពារ​ក្ដី​ឲ្យ​លោក​មាជ សុវណ្ណារ៉ា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ចន្ទ​ទី​២២​ធ្នូ​នេះ​ថា ពួក​លោក​កំពុង​ជំនុំ​គ្នា ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ព្រម​ទាំង​ចាក់​ខ្សែ​អាត់​វីដេអូ​ពី​ដើម​ដល់​ចប់​ឡើង​វិញ ទាក់ទង​នឹង​សកម្មភាព​ចូល​រួម​របស់​លោក​មាជ សុវណ្ណារ៉ា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​។

លោក​មេធាវី​បញ្ជាក់​ជា​ថ្មី​ថា មិន​មាន​ភស្ដុតាង​ណា​មួយ​បង្ហាញ​ថា កូន​ក្ដី​របស់​លោក​មាន​ជាប់​ពាក់ព័ន្ធ​ដូច​ជា​ការ​ចោទ​ប្រកាន់​របស់​ព្រះ​រាជ​អាជ្ញា​នោះទេ ក្រៅ​ពី​ការ​ទៅ​ចូល​រួម​ធម្មតា​។ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​អំពាវនាវ​ឲ្យ​មហាជន​ចេះ​រួបរួម​គ្នា ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​។

ជាមួយ​គ្នា​នេះ ក្រុម​មេធាវី​លោក​មាជ សុវណ្ណារ៉ា ក៏​បាន​ត្រៀម​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​តំណាល​គ្នា​នេះ​ដែរ ដើម្បី​ដាក់​ទៅកាន់​តុលាការ​កំពូល​ឆាប់​ៗ​ខាង​មុខ​នេះ​។ កាល​ពី​ថ្ងៃ​ទី​១២​ធ្នូ ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ជន​ជាប់​ចោទ​ត្រូវ​បាន​បដិសេធ​ដោយ​សាលា​ឧទ្ធរណ៍​។
ទាក់​ទង​ទៅ​នឹង​ស្ថានភាព​សុខភាព​លោក មាជ សុវណ្ណារ៉ា វិញ លោក​មេធាវី ចាន់ ចេន បង្ហើប​ថា រាង​កាយ​របស់​គាត់​ស្គម​ស្គាំង​ជាង​មុន បន្ទាប់​ពី​គាត់​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈ​ពេល​៤​ថ្ងៃ​កាល​ពី​ដើម​ខែ​នេះ​។ លើស​ពី​នេះ បន្ទប់​ស្នាក់​នៅ​របស់​លោក មាជ សុវណ្ណារ៉ា ក៏​មាន​សភាព​ចង្អៀត​ជាង​មុន​ដែរ ដោយ​សារ​មាន​ការ​បន្ថែម​ចំនួន​អ្នក​ទោស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​ផងដែរ ក៏​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ឆន្ទៈ​នោះ​ទេ​។ នេះ​បើ​តាម​មេធាវី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ