អានតួអត្ថបទ
កម្ពុជា

មេ​ឃុំ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្នុង​ទំនាស់​ពាក្យ​សំដី

មេឃុំ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ នៅ​ក្នុង​ទំនាស់​ពាក្យ​សំដី ជាមួយ​អ្នក​ជិត​ខាង​ម្នាក់។ លោក លីម ប្រុស មេ​ឃុំ​គៀន​ជ្រៃ​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ក្រោម​ការ​ចោទ​ប្រកាន់​ថា​ បាន​ប្រើ​អំពើ​ហិង្សា និង​ប្រមាថ​អាយុ​ជីវិត កាល​ពី​ថ្ងៃ​ទី ២១ កញ្ញា ។

លោក លីម ប្រុស មេឃុំ​គៀន​ជ្រៃ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ
លោក លីម ប្រុស មេឃុំ​គៀន​ជ្រៃ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

ព្រះ​រាជ​អាជ្ញា​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី ២១ កញ្ញា បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ភ្លាម លោក ​លីម​ ប្រុស មេឃុំ​គៀន​ជ្រៃ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​មេឃុំ​ដែល​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​រូប​នេះ បាន​ប្រើ​អំពើ​ហិង្សា​និង​ប្រមាថ​អាយុ​ជីវិត​ទៅ​លើ​អ្នក​ជិត​ខាង​ម្នាក់។ លោក លីម​ ប្រុស​ អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា លើ​ឈ្មោះ ទូច ផល្លា អាយុ ៣៨ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ិច ស្រី​ នៅ​ក្នុង​ជម្លោះ​ពាក្យ​សំដី​ដោយ​ផ្តើម​ដំបូង​ពី​ករណី​ម៉ូតូ​ខូច​នៅ​កណ្តាល​ផ្លូវ។

ប៉ុន្តែ​បើ​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​រៀប​រាប់​ថា លោក​មេឃុំ លីម ប្រុស ​បាន​វាយ​មួយ​ដៃ​ចំ​កណ្តាល​ថ្ងាស​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ទូច ផល្លា នៅ​ក្នុង​ទំនាស់​ពាក្យ​សំដី​លើ​ការ​សាង​សង់​រោង​ការ​កូន។ បន្ទាប់​មក​លោក​មេ​ឃុំ​ដែល​ស្ថិត​នៅ​ក្នុង​អាការៈ​ស្រវឹង​ផង​នោះ ក៏​បាន​ជេរប្រមាថ​គំរាម​កំហែង​លើ​ឈ្មោះ ប៉ិច ស្រី មិន​ឲ្យ​លើក​រោង​ការ​កូន​បាន​នោះ​ទេ បើ​ហ៊ាន​លើក គឺ​ដាក់​ទង់​ស​ហើយ។ ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​លើ​ករណី​នេះ​ ព្រះ​រាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្ត​កំពង់ចាម បាន​ចេញ​ដីកា​ឃាត់​ខ្លួន លោក លីម ប្រុស ភ្លាមៗ នឹង​បាន​នាំ​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម មុន​ពេល​បញ្ជួន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ករណី​ទី​មួយ​ហើយ ដែល​មាន​ការ​ចាប់​ខ្លួន​មេឃុំ​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​តំណែង ក្រោយ​ពី​បាន​ចូល​បំពេញ​ការងារ កាល​ពី​ខែ​កក្កដា​មក ខណៈ​ដែល​មេឃុំ-ចៅ​សង្កាត់​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​និង​ការ​ចាប់​កំហុស។ សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ​ទី ៤ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​តំណែង​មេឃុំ-ចៅ​សង្កាត់​ប្រមាណ​ជា​៤៨៩​ឃុំ-សង្កាត់​ក្នុង​ចំណោម ១៦៤៦ ឃុំ-សង្កាត់ នៅ​ទូ​ទាំង​ប្រទេស។

ដោយ​ឡែក​ទាក់​ទង​ករណី​ខាង​លើ​នេះ​វិញ មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ស្រុក​កំពង់​សៀម កំពុង​ពឹង​ពាក់​មេធាវី​នៅ​អង្គការ​អាដហុក ដើម្បី​ជួយ​ការពារ​ក្តី​នេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ