លោកកឹម សុខា អំពាវនាវឲ្យមេឃុំដែលជាប់ឆ្នោតសហការគ្នាធ្វើការកុំប្រកាន់និន្នាការនយោបាយ
នៅព្រឹកនេះ ជាលើកដំបូងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានដឹកនាំមន្ត្រីជាន់ខ្ពស់ចុះទៅអរគុណពលរដ្ឋដែលម្ចាស់ឆ្នោតនៅក្នុងស្រុកស្អាង និង ស្រុកកោះធំ ខេត្តកណ្តាល។ បើតាមលទ្ធផលក្រៅផ្លូវការ សម្រាប់ស្រុកស្អាង បក្សសង្គ្រោះជាតិឈ្នះតំណែងមេឃុំចំនួន១២ ឯបក្សប្រជាជនកម្ពុជាឈ្នះចំនួន។ ចំណែកនៅស្រុកកោះធំវិញគឺសង្គ្រោះជាតិឈ្នះតំណែងមេឃុំចំនួន១០ ខណៈបក្សប្រជាជនកម្ពុជាឈ្នះតែមួយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកកឹម សុខា បានថ្លែងអំពាវនាវឲ្យមេឃុំ ដែលជាប់ឆ្នោតទាំងអស់មិនថាបក្សណាឫបក្សណាទេត្រូវសហការគ្នាបម្រើប្រជាពលរដ្ឋដោយមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៨
លោកកឹម សុខា អមដំណើរដោយអនុប្រធានពីររូបគឺលោកអេង ឆៃអ៊ាង និងលោកស្រីមូរ សុខហួរ បានចំណាយពេលជាង៤០នាទីដូចគ្នាសម្រាប់ការថ្លែងអំណរគុណ និងថ្លែងសារនយោបាយទៅកាន់ម្ចាស់ឆ្នោតនៅក្នុងស្រុកស្អាង និងស្រុកកោះធំក្នុងខេត្តកណ្តាល។ នៅក្នុងស្រុកកោះធំ លោកកឹម សុខា បានលើកឡើងថា ការទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលគណបក្សសង្គ្រោះជាតិបានកើនតំណែងមេឃុំ ចៅសង្កាត់យ៉ាងច្រើនសន្លឹកសន្ធាប់នេះ គឺជាជំហានឆ្ពោះទៅរកការដឹកនាំប្រទេសនៅឆ្នាំក្រោយ។
ក្រៅពីថ្លែងអរគុណដល់ពលរដ្ឋជាម្ចាស់ឆ្នោត លោកកឹម សុខា ក្នុងទឹកមុខសប្បាយរីករាយក៏បានអំពាវនាវឲ្យគ្រប់គណបក្សទាំងអស់ដែលជាប់អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិនេះត្រូវសហការធ្វើការជាមួយគ្នា ដើម្បីជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការគណបក្សណាមួយឡើយ។ ដោយឡែក សម្រាប់មេឃុំ ចៅសង្កាត់គណបក្សសង្គ្រោះជាតិដែលទើបជាប់ឆ្នោត លោកកឹម សុខា បានបញ្ជាក់ថា គណបក្សនឹងហៅមេឃុំ ចៅសង្កាត់ទាំងនោះមកបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសរដ្ឋបាល ដើម្បីយកទៅដឹកនាំមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅឡើយទេ។ នៅខណៈមិនទាន់បង្ហាញលទ្ធផលជាផ្លូវការនេះ នៅតាមបណ្តាញហ្វេសប៊ុកនារយៈពេលចុងក្រោយនេះ មានក្រុមខ្លះដែលទំនងជាអ្នកគាំទ្រគណបក្សកាន់អំណាចបានជំរុញឲ្យពលរដ្ឋជាម្ចាស់ឆ្នោតទៅទារលុយចំនួន៥០ម៉ឺនដុល្លារក្នុងមួយឃុំពីមេឃុំ ចៅសង្កាត់គណបក្សសង្គ្រោះជាតិដូចតែគណបក្សនេះបានសន្យានៅមុនការបោះឆ្នោត។
ចំពោះបញ្ហានេះ លោកកឹម សុខា បានគូសបញ្ជាក់ជាថ្មីថា គណបក្សនឹងផ្តល់លុយទាំងនេះបានលុះត្រាតែខ្លួនជាអ្នកគ្រប់គ្រងថវិកាជាតិគឺបានសេចក្តីថាជាអ្នកដឹកនាំប្រទេស។ ប្រមុខគណបក្សប្រឆាំងរូបនេះ ក៏បានចំអកទៅវិញថា ការជំរុញបែបនេះ គឺកំពុងរុញឲ្យពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិហើយ ព្រោះថានៅពេលគណបក្សប្រឆាំងឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨នោះ ថវិកាចំនួន៥០ម៉ឺននឹងអាចទម្លាក់ទៅកាន់ថ្នាក់ឃុំ សង្កាត់នីមួយៗបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ