អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ​អំពាវនាវ​ឲ្យ​អ្នក​ទទួល​ខុសត្រូវ​បើក​​​ល្បែង​ជល់​មាន់​ចូលខ្លួន​ឲ្យ​សមត្ថកិច្ច

ប៉ូលីស​​ខេត្ត​​កណ្តាល​​នៅ​​ថ្ងៃ​​ទី​​៤​​ខែ​​ធ្នូ​​នេះ ​​បាន​​បើក​​ប្រតិបត្តិការ​​ទ្រង់​ទ្រាយ​​ធំ ​​បង្ក្រាប​​ទី​តាំង​ជល់​​មាន់​ ​នៅ​ក្នុង​​ឃុំ​​អរិយ​ក្សត្រ​ ​ស្រុក​​ល្វា​ឯម​ ​ដោយ​​ឃាត់​ខ្លួន​​អ្នក​​ញៀន​​ល្បែង​​ជល់​​មាន់​​ជាង​១០០​​នាក់​​។ ​ការ​​បង្ក្រាប​​បន​​ល្បែង​​ជល់​​មាន់​​ខុស​ច្បាប់​​ដ៏​​ធំ​​នេះ ​​ត្រូវ​​ប្រមុខ​​រដ្ឋាភិបាល​​ព្រមាន​​ថា​​នឹង​​ចាប់​ខ្លួន​​អ្នក​​ទទួល​​ខុស​ត្រូវ ​​ប្រសិន​​ជា​​មិន​​ចូល​​ខ្លួន​​ឲ្យ​​សមត្ថកិច្ច​​។

សកម្មភាពប៉ូលីសខេត្តកណ្តាលចុះបង្ក្រាបសង្វៀនជល់មាន់នៅស្រុកល្វាឯម
សកម្មភាពប៉ូលីសខេត្តកណ្តាលចុះបង្ក្រាបសង្វៀនជល់មាន់នៅស្រុកល្វាឯម Police
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ប្រមាណ​ជា​១៥០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​ខណៈ​ពួកគេ​កំពុង​លេងល្បែង​ភ្នាល់​ជល់​មាន់ ​នៅក្នុង​ដី​ឡូដ៍​ដ៏​ធំ​មួយ ​នៅ​ក្នុង​ស្រុក​ល្វាឯម​ទឹកដី​ខេត្ត​កណ្តាល​។ ​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង ​បាន​រឹបអូស​រថយន្ត​ចំនួន​៥០​គ្រឿង ​និង​ម៉ូតូ​ប្រមាណ​២០០​គ្រឿង ​រួមទាំង​មាន់​ជល់​ជាច្រើន​ទៀត​ផង​។ ​ក្នុង​ចំណោម​រថយន្ត​រ​បស់​អ្នក​ញៀន​ល្បែង​ជល់​មាន់​ដែល​ភ្នាល់​ប្រាក់​រាប់​ពាន់​ដុល្លារ​នោះ ​ត្រូវគេ​សង្កេត​ឃើញ​ថា ​មាន​ម្ចាស់​ជា​មន្ត្រី​រាជការ​ស៊ីវិល ​ប្រជាពលរដ្ឋ​និង​ជា​ម​ន្ត្រី​យោធា​ផង​ដែរ​។

ការ​បង្ក្រាប​សង្វៀន​ប្រជល់​មាន់​ដែល​ដឹកនាំ​ដោយ​ព្រះ​រា​ជ្ញ​អាជ្ញា​តុលាការ​ខេត្ត​កណ្តាល​នេះ​ សមត្ថកិច្ច​ក្រសោប​បាន​អ្នកលេង​ភ្នាល់​ស្ទើរ​ទាំងអស់ ​និង​ត្រៀម​រថយន្ត​ទេសចរណ៍​ជាច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​អ្នក​ញៀន​ល្បែង​ទៅកាន់​ស្នងការ​ដ្ឋាន​ប៉ូលីស​ខេត្ត​កណ្តាល​។ ​ជាមួយគ្នា​នេះ​ សង្វៀន​ប្រជល់​មាន់​ប្រៀប​ដូច​កូន​ស្តា​ត​មួយ ​សង់​ពី​ដែក​ដំបូល​សង្ក​សី ​ត្រូវបាន​កំទេចចោល​ដោយ​អេស្កាវ៉ាទ័រ​។

ជា​ទូទៅ​ប្រតិបត្តិ​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​ដែល​បាន​ប្រើប្រាស់​កំលាំង​សមត្ថកិច្ច​ជិត​២០០​នាក់​នេះ ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​អ្នក​ទទួល​ខុសត្រូវ ​ឬ​ក៏​ជា​ខ្នង​បង្អែក​ដែល​បើក កន្លែង​ហាមឃាត់​ដោយ​ច្បាប់​នេះ​ទេ​។ ​ទោះជា​មាន​ការ​រារែក​ពី​សមត្ថកិច្ច​ក្នុងការ​បញ្ជាក់​ពី​ម្ចាស់​ទីតាំង ​ដែល​ទំនង​ជា​មាន​មុខងារ​ធំ​ដុំ​ក្នុង​សង្គម ​ក៏ដោយ​ក៏​រឿង​នេះ​មាន​ប្រតិកម្ម​ភ្លាម​ៗ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែរ​។

នៅ​រសៀល​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ តាមរយៈ​កាសែត​អន​ឡាញ ​Fresh News​ បាន​បញ្ជា​ឲ្យ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ​ករណី​បើក​សង្វៀន​ជល់​មាន់​នៅ​អរិយ​ក្សត្រ ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ជា​បន្ទាន់​។ ​បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ​លោក​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ឲ្យ​ខាង​តែ​បាន​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង ​ឬ​បន្ធូ​បន្ថយ ​បើ​ទោះណាជា​អ្នក​នោះ​ជា​ក្មួយ​ឬ​ជា​ក្មួយ​ប្រសារ​របស់​លោក​ក៏ដោយ​។ ​នេះ​បើតាម​លោក​ហ៊ុន សែន​ ថ្លែង​ប្រាប់​Fresh News​។

គួរ​រំលឹក​ដែរ​ថា ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ការ​បង្ក្រាប​ល្បែង​ជល់​មាន​នេះ ​ក៏​បាន​កើត​ឡើងជា​ទ្រង់ទ្រាយ​ធំ​ដែរ​នៅ​ឯ​ខេត្ត​តាកែវ​។ ​សូម​បញ្ជាក់​ថា ​ករណី​បើក​ល្បែង​ជល់​មាន់​នេះ ​ត្រូវគេ​រិះគន់ថា​ ប្រៀប​ដូច​វែក​ចក​ដូច្នោះ​ដែរ​។ ​ការ​ដែល​ហ៊ាន​និង​អាច​បើក​កន្លែង​ជល់​មាន់​បាន​មិនមែន​ជា​ពលរដ្ឋ​ធម្មតា​អាចធ្វើ​ទៅបាន​នោះទេ​។ ​ល្បែង​ជល់​មាន់ ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មួយ​ចំនួន​ បាត់បង់​សេចក្តី​សុខ ​ខាត​បង់​ទ្រព្យ​សម្បត្តិ ​បង្ក​អំពើ​ហឹ​ង្សា​រ​ក្នុង​គ្រួសារ​ជាដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ