អានតួអត្ថបទ
កម្ពុជា-សង្គម

អុំ​ទូក​ថ្ងៃ​ទី១៖ អាជ្ញាធរថា​គ្រប់គ្រង​សភាពការណ៍​សន្តិ​សុខ​បាន ខណៈ​ពលរដ្ឋ​ជិត​១​លាននាក់​មក​កំសាន្ត

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​រួម​គ្នា​ថា ស្ថានភាព​សន្ដិសុខ​និងចរាចរណ៍ ក្នុង​ថ្ងៃ​ទី​មួយ​​នៃ​ពិធី​បុណ្យ​អុំ​ទូក​មាន​ភាព​ល្អ​ប្រសើរ ខណៈ​ពលរដ្ឋ​ប្រមាណ​ជា​ជិត​១លាន​នាក់ត្រូវ​បាន​វាយ​តម្លៃ​បឋម​ថា បាន​ធ្វើ​ដំណើរ​មក​កំសាន្ត​ក្នុង​ឱកាស​នេះ។ អាជ្ញាធរ រំពឹង​ទុកថា កំ​ណើន​​ពលរដ្ឋ​នឹង​កើន​លើស​ថ្ងៃ​ទី​មួយ​​ទៅ​ទៀត។

រូបភាព៖ទិដ្ឋភាពនៃពិធីបុណ្យអុំទូក
រូបភាព៖ទិដ្ឋភាពនៃពិធីបុណ្យអុំទូក @សហការី
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី២​និង​ថ្ងៃ​បន្ទាប់​នៃ​ពិធី​បុណ្យ​អុំ​ទូក អាជ្ញាធរ​រំពឹង​ថា សន្តិសុខ​ជា​ទូទៅ​នឹង​មាន​ភាព​ប្រសើ​រ​ដូច​ទៅ​នឹង​ថ្ងៃ​ទី​មួយ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្ដី ។ អ្នក​នាំ​ពាក្យ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ផ្អែក​តាម​បទ​ពិសោធន៍​នៅ​រៀងរាល់​ឆ្នាំ​ប្រជាពលរដ្ឋ​នឹង​មាន​ការ​កើន​ឡើង​ជាង​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​អុំ​ទូក។

បើ​ទោះ​បី​ជា​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ទូក​អាជ្ញាធរ​អះអាង​ថា គ្រប់​គ្រង់​សភាពការណ៍​សន្តិសុខ​រលូន​យ៉ាង​ណាក៏ដោយ តែ​ករណី​បន្ទាប់​បន្សំ​នៅ​តែ​កើត​ឡើង​ដដែល​ដោយ​រួមមាន៖ ករណី​លួច លិច​ទូក​៧​ករណី និង ឃាត់​ជន​ស៊ីវិល​ពាក់​អាវ​មាន​អក្សរ​Po​lice និងARMY ៤នាក់ ធ្វើ​ការ​អប់រំ។ ទន្ទឹម​នឹង​ការ​ទប់​ស្កាត់​អាជ្ញាធរ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ដល់​ពលរដ្ឋ និង​អាជីវករ​លក់​ដូរ ឲ្យ​បង្ការ ទប់​ស្កាត់ និង​ពន្លត់​អគ្គិភ័យ និង​ប្រយ័ត្នប្រយែង​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ក៏​មាន​ដែរ ការ​ណែនាំ​អាជីវកម្ម​លក់​ដូរ​ម្ហូប​អាហារតាម​ស្តង់ ឲ្យ​ប្រើ​ប្រាស់​អុស-ធ្យូង ជំនួស​ការ​ប្រើប្រាស់​ហ្គាស​កំប៉ុង។

ដោយ​ឡែក​ទាក់​ទង​ចរាចរណ៍​វិញ លោក ឆាយ គីមឃឿន អគ្គស្នងការ​នគររង​បាលជាតិ​គូស​បញ្ជាក់​ថា មិន​សូវ​ចោទ​ជា​បញ្ហា​នៃ​ការ​កក​ស្ទះ​ឡើយ​ព្រោះ​ពិធី​អុំ​ទូក​នៅ​ឆ្នាំនេះ អាជ្ញា​ធរ​​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​បើក​ផ្លូវ​ព្រះនរោត្តម ពី​វង្វង់​មូល​វិមាន​ឯករាជ្យ​ដល់រមណីយ​ដ្ឋានវត្ត​ភ្នំ។ បន្ថែម​លើនេះ ពលរដ្ឋ​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​អាជ្ញាធរ ផ្អាក​ការ​ធ្វើ​ចរារណ៍​ដោយ​​រម៉ក់​ ម៉ូតូ និង​រថយន្ត ជំនួស​ដោយ​ការ​ថ្មើរ​ជើង ដើម្បី​រួម​ចំណែក​កាន់​តែខ្លាំង​នៅ​ក្នុង​ការ​កក់​ស្ទះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សំណើរ​នេះ​ត្រូវ​បាន លោក ឆាយ គីមឃឿន ពន្យល់ថា ប៉ះ​ពាល់​ដល់​ការ​ប្រកប​មុខ​របរ​របស់​ពលរដ្ឋ​លក់​ដូរ​ប្រចាំ​ថ្ងៃ និង​អ្នកលក់​ដូរ​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក។ បើ​ទោះ​បន្ត​ឲ្យ​ធ្វើ​ចរាចរណ៍​មែន​ពិត​ក៏​ស្ថិត​នៅ​ក្នុង​ដែនមួយ​កំណត់​ដែរ។ នេះ​បើ​តាម​លោក ឆាយ គីមឃឿន។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ​នេះ​ អគ្គស្នងការដ្ឋាននគរបា​ល​ជាតិ ក្រសួងមហាផ្ទៃ​ បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ១​ម៉ឺន​៣​ពាន់​នាក់​។ ការ​កើន​ឡើង​នៃ​ចំនួន​កម្លាំង​ការពារ​ចម្រុះ​នេះ​ក៏​ដោយ​សារ​តែ​កំណើន​ទូក​មានចំនួន​២៩៥​ទូក​និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។​ ផ្ទុយ​ពី​ចរាចរណ៍​ដែល​មាន​ភាព​ល្អ​ប្រសើរគេ​សង្កេត​ឃើ​ញ​​ថា សម្រាម​នៅ​តែ​ចោទ​ជា​បញ្ហា។ បញ្ហា​នៅ​ត្រង់​ថា ការ​ចោល​សម្រាមក្រៅ​ធុង។ ប៉ុន្តែ​អាជ្ញាធរ​ភ្នំពេញ​បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​ការ​សម្អាត​ទាន់​ពេល​វេលា៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ