អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អឺរ៉ុបចេញ​របាយ​ការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​​ពន្ធ ​​EBA​ ​ទុក​ពេល​មួយ​ខែ​ឲ្យ​កម្ពុជា​ឆ្លើយ​តប​

ដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​នេះ​ គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​របាយការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា​ ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​​បាន​ទុក​ពេល​ឲ្យ​កម្ពុជា មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះរបាយការណ៍​បឋម​ ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​នៅខែ​កុម្ភៈ​ឆ្នាំ ២០១៩​ ក្រោម​នីតិវិ​ធី​សម្រាប់​ការ​ដក​ហូត​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ។

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

«ដោយអនុ​លោម​តាម​វិធាន​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្តីពី​គម្រោង​អនុគ្រោះពន្ធ​ទូទៅ​របស់​សហ​ភាព​អ៊ឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈ​ពេល​មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះ​របាយ​ការណ៍​បឋម​នេះ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប​នឹង​បញ្ចប់​របាយការណ៍​និង​ធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​»​។ នេះ​គឺ​ជា​ខ្លឹមសារនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកានេះ​។

គួរ​ជំរាប​ជូន​ថា ​ចាប់​តាំង​ពី​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១​៩មក ​គណៈកម្មការ​​សហភាព​​អឺរ៉ុប ​បាន​​ប្រកាស​ពី​ការ​​ចាប់​​ផ្តើម​​ដំណើរ​​ការ​នីតិវិធី​​ជា​​ផ្លូវ​ការ​​ ដែល​​អាច​​នឹង​​ឈាន​​ទៅ​​ដល់​​ការ​​ព្យួរ​​ជា​​បណ្តោះ​​អាសន្ន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ E​BA ​​ពី​​ប្រទេស​​កម្ពុជា​​ ​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង ​និង​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក ​កឹម ​សុខា ​ជា​ដើម​។​

យ៉ាង​ណាក៏​ដោយ ​កាលពី​ពេល​ថ្មីៗ​នេះ ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ស្រី ​Carmen​​ Moreno ​សង្ឃឹម​ថា ​កម្ពុជា​នឹង​អាច​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​សហភាព​អឺរ៉ុប​នេះ។​ ​នេះ​បើ​តាម​ខ្លឹម​សារ​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី ​Carmen​ Moreno​ ជា​មួយ​រដ្ឋ​មន្ត្រី​ការបរ​ទេស​កម្ពុជា​លោក ប្រាក់ សុ​ខុន ​កាល​ពី​ថ្ងៃទី ​០៨ ​វិច្ឆិកា​។

ប្រសិនបើសហភាពអឺរ៉ុបដកEBAមែន ​កម្ពុជានឹ​ង​ខាត​បង់​សាច់​ប្រាក់​ប្រមាណជា​៦០០​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធ​ក្នុង​ការ​នាំ​ទំនិញ​ទៅកា​ន់​ទីផ្សារ​សហភាព​អឺរ៉ុប ។​ នេះបើតាម​ក្រុម​អ្នកតាមដាននយោបាយ​។

​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តី​ថ្លែងការណ៍ថ្ងៃទី១២​វិច្ឆិកា សហភាពអឺរ៉ុប​គូសបញ្ជាក់ថា កម្ពុជាអាចត្រូវបានផ្អាក​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA ក្នុងករណីសហភាពអឺរ៉ុប​រកឃើញថា មានការរំលោភគោលការណ៍ក្នុងអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងសិទ្ធិការងារដែលមានចុះក្នុងឧបសម្ព័ន្ធទី ៨ នៃបទបញ្ញត្តិ GSP​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ