អានតួអត្ថបទ
កម្ពុជា-នយោបាយ

បើ​គ្មាន​ការ​ប្រែប្រួល​ទេ ​សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​លើក​ទី​ពីរ​ ស្តីពី ​EBA ​នៅ​ថ្ងៃ​ស្អែក​

បើ​គ្មាន​ការ​ប្រែប្រួល​ទេ ​សហភាព​អឺរ៉ុប​នឹង​ចេញ​ផ្សាយ​របាយ​ការណ៍​លើក​​ទី​០២​របស់​ខ្លួន​នៅ​ថ្ងៃទី​១១​វិច្ឆិកា​​នេះ ​ជុំវិញ​ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​។ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​រំពឹង​ថា​ កម្ពុជា​នឹង​អាច​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA​ នេះ​។​ 

ជំនួបរវាងគណៈប្រតិភូ​កម្ពុជា និង​សហភាពអឺរ៉ុបក្រៅកិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប
ជំនួបរវាងគណៈប្រតិភូ​កម្ពុជា និង​សហភាពអឺរ៉ុបក្រៅកិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប @FB/hun-Sen
ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​លើក​ទីពីរ​នេះ ​គឺជា​ផែន​ទី​ចង្អុល​ផ្លូវ​របស់​សហភាព​អឺរ៉ុប ​មុន​នឹង​សម្រេច​ថា ​តើ​នឹង​ត្រូវ​ព្យួរ​ ព្យួរ​ផ្នែក​ខ្លះ ​ឬ​ក៏​មិន​ត្រូវ​ព្យួរ ​លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ នៅ​អំឡុង​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។​ នេះ​បើ​តាម​ការ​អះអាង​ពី​លោក ​ឃុន ​ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ហៅកាត់​ថា ​អង្គការ​សង់​ត្រាល់ ​(Central)​ នៅ​ថ្ងៃ​អាទិត្យ ​ទី ​១០ ​វិច្ឆិកា​នេះ​។

​ការ​​ត្រៀម​​បញ្ចេញ​​របាយការណ៍​​លើក​ទី​ពីរ​​របស់​​សហភាព​​អឺរ៉ុប​​នេះ ​ធ្វើឡើង​​បន្ទាប់​​​ពី​​ក្រុម​​មន្ត្រី​​គណៈកម្មការ​​អឺរ៉ុប​​ទទួល​​បន្ទុក​​ផ្នែក​​ពាណិជ្ជកម្ម​​និង​​កិច្ចការ​បរទេស​​បាន​​បញ្ចប់​​បេសក​កម្ម​​ស្វែង​​រក​​ការ​​ពិត​​លើក​ទីពីរ​នៅ​​កម្ពុជា​​ កាល​ពី​​ខែ​មិថុនា​​ ដើម្បី​​វាយ​​តម្លៃ​​ពី​​ស្ថានភាព​​សិទ្ធិ​​មនុស្ស​​ និងលទ្ធិ​​​ប្រជាធិបតេយ្យ​​ដែល​​​​ជា​​​ផ្នែក​​មួយ​​ដ៏​​សំខាន់​​សម្រាប់​​ឲ្យ​​ប្រទេស​​កម្ពុជា​ឲ្យ​បន្ត​​ទទួល​​បាន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​ ​EBA ​​នេះ​។ ​លោក ​ឃុន ​ថារ៉ូ ​បាន​លើក​ឡើង​ថា ​របាយ​ការណ៍លើ​កទី​០២នេះ​ គឺ​ជារ​បាយការណ៍សំ​ខាន់ ​ដែល​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​លើ​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ឬ​យ៉ាង​ណា។​ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​ តាម​នីតិវិធី ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ចេញ​របាយ​ការណ៍​លើក​ទី​០២​របស់​ខ្លួន​នៅ​ថ្ងៃទី ​១១ ​វិច្ឆិកា​នេះ​ហើយ ​រដ្ឋាភិបាល​កម្ពុជា​មាន​រយៈពេល​៣​ខែ​ដើម្បី​ឆ្លើយតប​។ ​កាល​ពី​ខែ ​សីហា ​សហភាព​អឺរ៉ុប​បាន​ចេញ​របាយ​ការណ៍​ទី​០១​របស់​ខ្លួន​ ប៉ុន្តែ​ជា​របាយ​ការណ៍​ផ្ទៃ​ក្នុង​ប៉ុណ្ណោះ​។​

គួរ​ជំរាប​ជូន​ថា ​ចាប់​តាំង​ពី​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១​៩មក ​គណៈកម្មការ​​សហភាព​​អឺរ៉ុប ​បាន​​ប្រកាស​ពី​ការ​​ចាប់​​ផ្តើម​​ដំណើរ​​ការ​នីតិវិធី​​ជា​​ផ្លូវ​ការ​​ ដែល​​អាច​​នឹង​​ឈាន​​ទៅ​​ដល់​​ការ​​ព្យួរ​​ជា​​បណ្តោះ​​អាសន្ន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ E​BA ​​ពី​​ប្រទេស​​កម្ពុជា​​ ​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង ​និង​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក ​កឹម ​សុខា ​ជា​ដើម​។​

យ៉ាង​ណាក៏​ដោយ ​កាលពី​ពេល​ថ្មីៗ​នេះ ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ស្រី ​Carmen​​ Moreno ​សង្ឃឹម​ថា ​កម្ពុជា​នឹង​អាច​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​សហភាព​អឺរ៉ុប​នេះ។​ ​នេះ​បើ​តាម​ខ្លឹម​សារ​នៅ​ក្នុង​ជំនួប​រវាង​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី ​Carmen​ Moreno​ ជា​មួយ​រដ្ឋ​មន្ត្រី​ការបរ​ទេស​កម្ពុជា​លោក ប្រាក់ សុ​ខុន ​កាល​ពី​ថ្ងៃទី ​០៨ ​វិច្ឆិកា​។ ​កម្ពុជានឹ​ង​ខាត​បង់​សាច់​ប្រាក់​ប្រមាណជា​៦០០​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធ​ក្នុង​ការ​នាំ​ទំនិញ​ទៅកា​ន់​ទីផ្សារ​សហភាព​អឺរ៉ុប ​នោះ​ប្រសិន​បើស​ហភាព​អឺរ៉ុបស​ម្រេ​ច​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA ​ពី​កម្ពុជា​មែន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ